ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេស​បូឡា​ប្ដេជ្ញា​ពង្រីក​សង្គ្រាម​នៅ​លីបង់​ក្រោយ​មរណភាព​មេ​ហាម៉ាស់

7 ម៉ោង មុន

ទី​ក្រុង​យេរូសា​ឡឹម៖ ថ្ងៃ​នេះ ក្រុម​ហេស​បូឡា​​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រា​អែល​នៅ​ប្រទេស​លី​បង់​​ប្រកា​ស​ថា​​ខ្លួន​មិន​​បញ្ឈប់​សកម្ម​ភាព​ត្រឹម​នេះ​ទេ។ ​ខ្លួន​ត្រូវ​តែ​ពង្រីក​សង្គ្រាម​​ឱ្យ​​កាន់​តែ​ឆាប​ឆេះ​​បន្ត​​ទៀត​ក្រោយ​ការ​ស្លាប់​របស់​​ស៊ីន​វ៉ា​ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​​។ ចំណែក​​អ៊ីរ៉ង់​ថ្លែង​​ថា​​​ការ​តស៊ូ​ប្រឆាំង​នឹង​អ៊ីស្រាអែល​មិន​​ថយ​ចុះ​ទេ​​​ ប៉ុន្តែ​កាន់​តែ​​ខ្លាំង​ក្លា​​​​​។ ​​ស៊ីន​វ៉ា​ដែល​ជា​អ្នក​​មេ​គំនិត​នៅ​ពី​ក្រោយ​ការ​​​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ​២០២៣​​​។ គាត់​ត្រូវ​​ទាហាន​អ៊ី​ស្រាអែល​បាញ់​​ស្លាប់​​នៅ​ក្នុង​តំបន់​ហ៊ុម​ព័ទ្ធ​មួយ​នៃ​ទី​ក្រុង​រ៉ាហ្វា​កាល​ពី​ថ្ងៃ​ពុធ​។…

ទី​ក្រុង​យេរូសា​ឡឹម៖ ថ្ងៃ​នេះ ក្រុម​ហេស​បូឡា​​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រា​អែល​នៅ​ប្រទេស​លី​បង់​​ប្រកា​ស​ថា​​ខ្លួន​មិន​​បញ្ឈប់​សកម្ម​ភាព​ត្រឹម​នេះ​ទេ។ ​ខ្លួន​ត្រូវ​តែ​ពង្រីក​សង្គ្រាម​​ឱ្យ​​កាន់​តែ​ឆាប​ឆេះ​​បន្ត​​ទៀត​ក្រោយ​ការ​ស្លាប់​របស់​​ស៊ីន​វ៉ា​ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​​។ ចំណែក​​អ៊ីរ៉ង់​ថ្លែង​​ថា​​​ការ​តស៊ូ​ប្រឆាំង​នឹង​អ៊ីស្រាអែល​មិន​​ថយ​ចុះ​ទេ​​​ ប៉ុន្តែ​កាន់​តែ​​ខ្លាំង​ក្លា​​​​​។

​​ស៊ីន​វ៉ា​ដែល​ជា​អ្នក​​មេ​គំនិត​នៅ​ពី​ក្រោយ​ការ​​​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ​២០២៣​​​។ គាត់​ត្រូវ​​ទាហាន​អ៊ី​ស្រាអែល​បាញ់​​ស្លាប់​​នៅ​ក្នុង​តំបន់​ហ៊ុម​ព័ទ្ធ​មួយ​នៃ​ទី​ក្រុង​រ៉ាហ្វា​កាល​ពី​ថ្ងៃ​ពុធ​។ ​ក្រុម​បស្ចិម​ប្រទេស​​​សង្ឃឹម​ថា​ការ​​ស្លាប់​នេះ​អាច​​ជា​ក្ដី​សង្ឃឹម​នៃ​ការ​​​​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ​ សច្ចា​ថា​សង្គ្រាម​ត្រូវ​តែ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​​រហូត​ដល់​ក្រុម​​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង និង​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​។

​​​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​បស្ចិម​ប្រទេស​ដូច​ខាង​លើ​នេះ ​សង្គ្រាម​​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ស៊ីន​វ៉ា​បាន​ស្លាប់​ហើយ​ដូច្នេះ ​លោក​បៃដិនក៏​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ទៅ​លោក​ណឺតាន់​យ៉ាហ៊ូ​ភ្លាម​ដើម្បី​អប​អរ​សាទរ​ចំពោះ​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​នេះ​។​ លោក​បៃដិន​​សង្ឃឹម​ថា​ក្រុម​​ហាម៉ាស់​អាច​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​​ត្រឡប់​មក​វិញ​។ លោក​ថ្លែង​ថា​​ស៊ីន​វ៉ា​គឺ​​ជា​ឧបសគ្គ​​ធំ​បំផុត​​រា​រាំង​មិន​​​ឱ្យ​​មាន​ការ​ចរ​ចា​សន្តិ​ភាព​ និង​​​ដោះ​លែង​ចំណាប់​ខ្មាំង​​ទេ​។

ដូច្នេះ នៅ​ពេល​គាត់​ស្លាប់​ទៅ ​អ្វី​ៗ​លែង​ជា​​​ឧប​សគ្គ​ត​ទៅ​ទៀត​ហើយ​។ ប៉ុន្តែ​​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​អនាគត​មិន​អាច​​ទាយ​​ដឹង​បាន​ឡើយ។ ​អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​ចល​នា​តស៊ូ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ជា​និច្ច​​។ ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់ក៏​ដូច​គ្នា​។ ហេស​បូឡា​​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ហាម៉ាស់​ប្រកាស​ថា​​​ការ​ស្លាប់​នេះ​ជាការ​បើក​ទំព័រ​សក​រាជ​ថ្មី​នៃ​សង្គ្រាម​។​​


គ្មាន​សញ្ញា​ថា​ចំណាប់​ខ្មាំង​អាច​វិល​មក​វិញ​ដោយ​សុវត្ថិ​ភាពទេ
ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ី​ស្រាអែល​ថ្លែង​ថា​ការ​ស្លាប់​ស៊ីនវ៉ា​ជា​ព្រឹត្តិ​ការណ៍​សំខាន់​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​មិន​មែន​គាត់​ស្លាប់​ទៅ​ បញ្ហា​ចំណាប់​ខ្មាំង​អាច​នឹង​ដោះ​ស្រាយ​ចេញ​នោះ​ទេ​។ គ្រួសារ​ចំណាប់​ខ្មាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​​ប្រាប់​ថា​ការ​ស្លាប់​ស៊ីន​វ៉ា​ធ្វើ​ឱ្យ​ពួក​គេ​បាន​ល្ហែ​ល្ហើយ​ចិត្ត​ខ្លះ​។ យ៉ាង​ហោច​ណាស់​ជន​រង​គ្រោះ​អាច​រក​ឃើញ​ពន្លឺ​យុត្តិ​ធម៌​។ ប៉ុន្តែ​ពួក​គេ​មិន​​​ស្ងប់​ចិត្តទាល់​តែ​សោះ​​​បើ​មិន​សាច់​ញាតិ​​​ដែល​នៅ​សេស​សល់​​មិន​ទាន់​​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​​​។

​បើ​គេ​ពិនិត្យ​មើល​ជំហរ​របស់​​ប៉ាឡេស្ទីន​នៅ​ខាន់​យុន​នីស​ (Khan Younis) ពួកគេ​​​ប្រាប់​ថា​ខ្លួន​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រា​អែល​គ្មាន​ថ្ងៃ​អវសាន​​​។ ចលនា​តស៊ូ​របស់​ពួក​គេ​មិន​អាច​បិទ​បញ្ចប់​ត្រឹម​ការ​ស្លាប់​របស់​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​នោះ​ឡើយ​។ ការ​ធ្វើ​ឃាត​ស៊ីន​វ៉ា​មិន​អាច​បន្ទច់​បង្អាក់​ទឹក​ចិត្ត​របស់​ពួក​គេ​ ឬ​បង្ខំ​ឱ្យ​ពួក​គេ​លើក​ទង់​ស​ដើម្បី​ចុះ​ចាញ់​អ៊ីស្រាអែល​ជា​ដាច់​ខាត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ