ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេនថ្លៃដូចមាស! កសិករវៀតណាម ម៉ាឡេស៊ី និងថៃ គេងមិនលក់ព្រោះអំពើចោរកម្ម

6 ម៉ោង មុន

ប្រទេសវៀតណាម ៖ សកម្មភាពចោរកម្មលួចផ្លែទុរេនបានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់កសិករក្នុងតំបន់ដាំដុះសំខាន់ៗ នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដូវប្រមូលផល ដោយសារតែតម្លៃបានហក់ឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីចុងខែសីហាកន្លងទៅ បុរសបីនាក់បានបង្កើតចំណងជើងភ្ញាក់ផ្អើលលើបណ្តាប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដោយត្រូវប៉ូលិសចាប់ខ្លួនពីបទលួចទុរេន២០០ផ្លែ…

ប្រទេសវៀតណាម ៖ សកម្មភាពចោរកម្មលួចផ្លែទុរេនបានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់កសិករក្នុងតំបន់ដាំដុះសំខាន់ៗ នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដូវប្រមូលផល ដោយសារតែតម្លៃបានហក់ឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីចុងខែសីហាកន្លងទៅ បុរសបីនាក់បានបង្កើតចំណងជើងភ្ញាក់ផ្អើលលើបណ្តាប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដោយត្រូវប៉ូលិសចាប់ខ្លួនពីបទលួចទុរេន២០០ផ្លែ ទម្ងន់ ៧០០គីឡូក្រាមក្នុងសង្កាត់ចំនួន ៣ ក្នុងខេត្តឡាំដុង (Lam Dong)។ ទោះយ៉ាងណា សកម្មភាពលួចដូចគ្នានេះបានកើតឡើងសាជាថ្មី កាលពីពេលថ្មីៗនេះ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបណ្តាកសិករដាំដុះទុរេ។ Central Highlands ដែលជាតំបន់ដាំដុះទុរេនធំជាងគេរបស់វៀតណាមរងផលប៉ះពាល់ ជាពិសេសដោយចោរកម្មក្នុងរដូវប្រមូលផល ចាប់ពីខែសីហាដល់ខែតុលា។

នាយកដ្ឋានផលិតកម្មដំណាំទុរេនបានឱ្យដឹងថា ជាមួយផ្ទៃដីជាង៥១,៤០០ហិកតា តំបន់ Central Highlands មានចំណែកស្មើនឹង ៤០% នៃផលិតកម្មទុរេនសរុបរបស់ប្រទេសវៀតណាម កាលពីឆ្នាំមុន។ កសិករដាំទុរេនម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅពាក់កណ្តាលខែកក្កដា ពេលការប្រមូលផលជិតមកដល់ ដើមទុរេនចំនួន២២ដើមរបស់លោក ត្រូវជនមិនស្គាល់មុខកាប់បំផ្លាញ រួមទាំងទុរេនមិនទាន់ទុំចំនួន ៨០០គីឡូក្រាមផងដែរ។ លោករៀបរាប់ទាំងទឹកភ្នែកថា ការខិតខំប្រឹងប្រែង និងប្រាក់សន្សំអស់ពេលជាច្រើនឆ្នាំបោះទុនលើការដាំដុះទុរេន ហើយទើបតែចេញផ្លែ ប៉ុន្តែត្រូវបានគេកាប់បំផ្លាញអស់គ្មានសល់។ កសិករក្នុងតំបន់ម្នាក់ទៀតលើកឡើងថា ទុរេនបច្ចុប្បន្នកំពុងទទួលបានតម្លៃខ្ពស់ ដូច្នេះនៅពេលនេះ ក្តីកង្វល់ធំបំផុតសម្រាប់កសិករ និងប្រជាពលរដ្ឋក្នុងសង្កាត់របស់លោកនោះ គឺបញ្ហាសន្តិសុខ និងចោរកម្ម។

ចាប់តាំងពីប្រទេសវៀតណាមទទួលបានសិទ្ធិនាំចេញទុរេនជាផ្លូវការទៅកាន់ប្រទេសចិនកាលពីឆ្នាំ ២០២២ តម្លៃដំណាំហូបផ្លែដ៏ពេញនិយមមួយនេះ បានកើនឡើងជាងទ្វេដងពី ២.២ ដល់ ២.៤ដុល្លារក្នុង១គីឡូក្រាម កាលពីឆ្នាំ ២០២១ តម្លៃបានហក់ដល់ ៤.៥៥ ដល់ ៥.៧៥ដុល្លារក្នុង១គីឡូក្រាម ហើយជួលកាលឈានដល់ ៩.១២ដុល្លារ កាលពីឆ្នាំ ២០២៣។

សេចក្តីរាយការណ៍ពីវិទ្យុជាតិវៀតណាម VOV បានឱ្យដឹងថា ដើម្បីធានាបានសន្តិសុខសាធារណៈ អំឡុងពេលប្រមូលផលទុរេនឆ្នាំនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប៉ូលិសនៅក្នុងខេត្តដាឡាក់ (Dak Lak) បានពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា។ អាជ្ញាធរក៏កំពុងចុះត្រួតពិនិត្យកន្លែងស្តុកទុកទុរេន ដើរល្បាតតាមតំបន់ដែលមានចម្ការទុរេនឆ្ងាយពីភូមិរស់នៅ និងបង្កើតក្រុមការងារគាំទ្រសម្រាប់ប្រមូលផល និងលក់ទុរេន។

យ៉ាងណាមិញ សកម្មភាពចោរកម្មលួចផ្លែទុរេន មិនត្រឹមតែជាបញ្ហានៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែកសិករនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ ដែលជាអ្នកនាំចេញទុរេនដ៏ធំផងនោះ ក៏ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះផងដែរ ដោយសារតម្រូវការទុរេនពីប្រទេសចិន បន្តជំរុញតម្លៃហក់ឡើងខ្ពស់។

នៅម៉ាឡេស៊ី ការលក់ទុរេនបានជួយកសិកររកប្រាក់បានច្រើននៅទីក្រុងរ៉ាប (Raub) រដ្ឋប៉ាហាំង (Pahang) ដែលជាទីក្រុងមួយធ្វើដំណើរត្រឹមតែ៩០នាទីប៉ុណ្ណោះពីទីក្រុងកូឡាឡាំពួរ។ ប៉ុន្តែការរំពឹងទុកប្រាក់ចំណេញដ៏ច្រើនក៏បានបង្កឱ្យមានភាពតានតឹង និងជម្លោះលើចម្ការទុរេនផងដែរ។ តួយ៉ាង ចម្ការទុរេនតាមដងផ្លូវមួយចំនួនក្នុងទីក្រុងហ៊ុមព័ទ្ធទៅដោយរបងបន្លាលួស និងផ្លាកសញ្ញាព្រមានក្រុមចោរលួចផងដែរ។ លោក វីលសុន ឆាង(Wilson Chang) ប្រធានសម្ព័ន្ធ Save Musang King ដែលជាក្រុមកសិករដាំទុរេននៅទីក្រុងរ៉ាបបានអះអាងថា លោកទទួលបានរបាយការណ៍ពីសកម្មភាពលួចទុរេនក្នុងតំបន់ជាច្រើន អំឡុងពេលប្រមូលផលឆ្នាំនេះ ចាប់ពីខែឧសភាដល់ខែសីហា។

ដោយឡែក បើតាមប្រភពពីសារព័ត៌មានថៃ Thaiger បានរាយការណ៍ថា ការកើនឡើងតម្លៃបានជំរុញឱ្យកសិករដាំទុរេននៅភាគខាងជើងប្រទេសថៃ ការពារដំណាំពួកគេទាំងយប់ទាំងថ្ងៃ អំឡុងរដូវកាលប្រមូលផល ចាប់ពីខែមេសាដល់ខែកញ្ញា។ កាលពីខែមីនាកន្លងទៅ ប៉ូលិសខេត្តត្រាត (Trat) ដែលជាខេត្តមួយដ៏សំខាន់ក្នុងចំណោមខេត្តដាំដុះទុរេនរបស់ថៃ ចាប់ផ្តើមចំណាយប្រាក់ជួលអ្នកយាមចម្ការទុរេន ជាពិសេសនៅពេលយប់ បន្ទាប់ពីកន្លងមក ក្រុមចោរបានលួចទុរេនមានតម្លៃដល់១ពាន់លានបាត ស្មើនឹង ៣ម៉ឺនដុល្លារពីចម្ការមួយនៅខេត្តភាគខាងកើត។

យោងតាមនាយកដ្ឋានកសិកម្មថៃបានឱ្យដឹងថា ប្រទេសថៃបាននាំចេញផ្លែទុរេនចំនួន ៧១៤,៣៣៤តោន ដែលមានតម្លៃយ៉ាងហោចណាស់ ២.៨៤ពាន់លានដុល្លារទៅកាន់ប្រទេសចិន ចាប់តាំងពីដើមឆ្នាំ ២០២៤៕ (ដកស្រង់ ៖ VnExpress, SAYS និង Thaiger)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ