ខេត្តតាកែវ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិ បាលខេត្តតាកែវ ត្រូវចុះពិនិត្យតាមគ្លីនិកឯកជនដែលបើកដំណើរការថា មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬយ៉ាងណា ហើយបើគ្មានច្បាប់អនុញ្ញាត គឺមិនត្រូវឲ្យគ្លីនិកបន្តបើកដំណើរការតទៅទៀតនោះទេ ។
មានប្រសាសន៍បែបនេះ ក្នុងពិធីចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្មី កាលពីព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានមានប្រសាសន៍បន្តថា មុននឹងអនុញ្ញាតឱ្យគ្លីនិកឯកជនបើកដំណើរការថ្នាក់ដឹកនាំមន្ទីរត្រូវពិនិត្យលក្ខណៈសម្បត្តិមុនថា តើម្ចាស់គ្លីនិកជាគ្រូពេទ្យដែលមានសញ្ញាបត្រត្រឹមត្រូវ ហើយបានចុះឈ្មោះពីគណៈវិជ្ជាជីវៈមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈហើយឬនៅ?
ហើយប្រសិនជាគាត់ធ្វើការងាររដ្ឋគឺច្បាប់មិនអនុញ្ញាតបាននោះទេ ឬទាល់តែមានការបញ្ជាក់លិខិតពីភាពទំនេរដែលមិនស្ថិតនៅក្រោមការងាររដ្ឋ ឬមិនបានធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋណាមួយ ទើបច្បាប់អនុញ្ញាតឱ្យគាត់ទទួលខុសត្រូវក្នុងការបើកគ្លីនិចព្យាបាលជំងឺបាន ។
លោក ម៉ី សំបូរ បានបន្តថា កន្លងមក ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានគ្លីនិចឯកជនណាមួយដែលព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្មានច្បាប់អនុញ្ញាតមួយនោះទេ គឺត្រូវតែមានច្បាប់អនុញ្ញាត និងមានសញ្ញាបត្រត្រឹមត្រូវផងដែរ ទើបយើងអាចអនុញ្ញាតឱ្យបង្កើតគ្លីនិតមួយដែលមានទំនួសខុសត្រូវខ្ពស់លើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានបញ្ហាអ្វីកើតមានចំពោះអ្នកជំងឺ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវក៏បានផ្តាំផ្ញើទៅដល់លោក ផាន់ វ៉ាន់ ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរមានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន ៕
ចែករំលែកព័តមាននេះ