ទីក្រុងប៉េកាំង៖ ថ្ងៃនេះ ប្រទេសចិនប្រកាសជាថ្មីថាខ្លួនមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីវាយយកកោះតៃវ៉ាន់មកគ្រប់គ្រងជាដាច់ខាតបើកោះនេះប្រកាសឯករាជ្យ។ ការិយាល័យទំនាក់ទំនងរវាងប្រទេសចិន និងកោះតៃវ៉ាន់ថ្លែងដូចខាងលើនេះត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិនប្រកាសបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន។
ប្រទេសចិនចាត់ទុកការធ្វើសមយុទ្ធយោធាលើកនេះដើម្បីព្រមានទុកឱ្យហើយចំពោះក្រុមផ្ដាច់ខ្លួនដែលចង់បំបែកទឹកដី។ អ្នកនាំពាក្យចិន លោកឈឹនប៊ីនហួ (Chen Binhua) ថ្លែងថារដ្ឋាភិបាលរបស់ខ្លួនខិតខំដោយស្មោះត្រង់ដើម្បីបង្រួបបង្រួមទឹកដីដោយសន្តិវិធី។ ប៉ុន្តែយើងដាច់ខាតមិនបោះបង់ចោលការប្រើប្រាស់យោធាដើម្បីចាត់ការកម្លាំងបរទេស និងក្រុមផ្ដាច់ខ្លួន។
តៃវ៉ាន់នៅតែគិតថាខ្លួនមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនទេ។ តៃវ៉ាន់ថ្លែងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់ជោគវាសនាអនាគតរបស់ខ្លួនដោយខ្លួនឯង។ នៅថ្ងៃពុធនេះ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោកឆាយមីងយេន (Tsai Ming-yen) ចាត់ទុកថាការធ្វើសមយុទ្ធយោធារបស់ចិនកាលពីពេលកន្លងមកមិនបាននាំមកនូវផលល្អសម្រាប់ចិនទេព្រោះត្រូវសហគមន៍អន្តរជាតិថ្កោលទោស។ ជាពិសេស ថ្កោលទោសពីទីក្រុងវ៉ាស៊ីនតោន។
តៃវ៉ាន់យល់ថានៅពេលដែលប្រទេសចិនធ្វើសមយុទ្ធយោធាកាន់តែច្រើន តៃវ៉ាន់ទទួលបានសមានចិត្តគាំទ្រពីសហគមន៍អន្តរជាតិកាន់តែច្រើន។ កាលពីថ្ងៃទី១០ ខែតុលា ប្រធានាធិបតីតៃវ៉ាន់ លោកឡៃឈីងតេ (Ling Ching-te) ថ្លែងថាប្រទេសចិនគ្មានសិទ្ធិធ្វើជាតំណាងរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិទេ។ ទោះជាយ៉ាងណាក្ដី លោកថ្លែងថាតៃវ៉ាន់នៅតែត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដោយស្មើមុខដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាដូចជាការប្រែប្រួលអាកាសធាតុជាដើម។
ពាក្យសម្ដីរបស់មេដឹកនាំរូបនេះឆ្លុះបញ្ចាំងពីនយោបាយក្ដៅផង និងត្រជាក់ផងចំពោះប្រទេសចិន។ អ្នកនាំពាក្យចិន លោកឈឹនប៊ីនហួ ថ្លែងថាលោកឡៃឈីងតេនៅតែបង្ហាញគោលជំហររឹងទទឹងរបស់គាត់ក្នុងនាមជាអ្នកបំបែកទឹកដី។ ដូច្នេះ ទោះបីគាត់ (លោកឡៃឈីងតេ) និយាយអំពីគោលបំណងល្អចំពោះប្រទេសចិនយ៉ាងណាក៏ដោយក៏ជាការឥតប្រយោជន៍ដែរ។ លោកឡៃឈីងតេធ្លាប់បោះដៃទៅរកប្រទេសចិនដើម្បីបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែសំណើនេះត្រូវប្រទេសចិនច្រានចោល៕
ចែករំលែកព័តមាននេះ