ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ខែៗ ACU ទទួល​បណ្តឹង ចន្លោះ​ពី​ ៤០ ទៅ​ជាង ​៥០​ពាក្យ​ប្តឹង

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ពាក្យ​ប្តឹង​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​ដាក់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី​៤០​ ទៅ​ដល់​ជាង​៥០​ជា​រៀង​រាល់​ខែ ដោយ​ក្នុង​ចំណោម​នេះ ​ភាគច្រើន​បាន​ប្រឆាំង​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សាធារណៈ និង​មួយ​ចំនួន​ទៀត ​ពលរដ្ឋ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​…

រាជធានី​ភ្នំពេញ ​៖ ​ពាក្យ​ប្តឹង​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​ដាក់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី​៤០​ ទៅ​ដល់​ជាង​៥០​ជា​រៀង​រាល់​ខែ ដោយ​ក្នុង​ចំណោម​នេះ ​ភាគច្រើន​បាន​ប្រឆាំង​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សាធារណៈ និង​មួយ​ចំនួន​ទៀត ​ពលរដ្ឋ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ ដែល​មិនមែន​ជា​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ផង​ដែរ ​ជា​ហេតុ​ធ្វើ​ឳ្យ​មិន​មាន​ចំណាត់ការ​ទេ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​។

បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៩ ​អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប​.​ព​.) នា​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​នេះ លោក សយ ច័ន្ទ វិចិត្រ មន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បានឱ្យ​ដឹង​ថា​ ​ពាក្យ​ប្តឹង​ក្នុងមួយ​ខែ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ស្ថិត​នៅ​ក្នុង​ចន្លោះ​រវាង​៤០ ​ទៅ​ជាង​៥០ ហើយ​ចំនួន​នេះ​ ឃើញ​ថា​ មិន​ថយ និង​មិន​ចុះ​ប៉ុន្មាន​ដែរ​ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​ពាក្យ​ប្តឹង​មួយ​ចំនួន ​បាន​តម្រូវ​ឱ្យ​អ្នក​ដាក់​ពាក្យ​ប្តឹង​មក​បញ្ជាក់​ប្រាប់​មូលហេតុ ​និង​មាន​ភ​ស្ថុ​តាង​ដាក់បន្ទុក​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចំណាត់ការ​លើ​ជនល្មើស ​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​។

មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​សម្រាប់​ពាក្យ​ប្តឹង​ក្នុង​ខែកញ្ញា ​កន្លង​មក ​សរុប​មាន​ចំនួន​៤៩​ ។

ដោយឡែក​សម្រាប់​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​វិញ​ ក្នុង​ខែកញ្ញា ​កន្លង​មក ​មាន​មន្ត្រី​ចំនួន ២៣០​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មន្ត្រី​ ទើប​ទទួល​បានការតែងតាំង​ថ្មី​ចំនួន ១១៥​រូប ដោយឡែក​មន្ត្រី ១១៥​រូប​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​លើកចុង​ក្រោយ ដោយ​មូលហេតុ បញ្ឈប់​ពី​ការងារ លាឈប់​-​ចូល​និវត្តន៍ និង​ចប់​អាណត្តិ ​។

ក្រៅពី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ចូលរួម​សង្កេតការណ៍​ប្រឡង ចំនួន​០៥​លើក ៖
១. ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ ក្រសួង​អភិវឌ្ឍ​ជនបទ ដែល​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍ​ជនបទ និង​ក្រសួង​មុខងារសាធារណៈ ។​
២. ​ការ​ប្រឡង ជ្រើសរើស​គ្រូ​សម្រាប់​ម​ត្តេ​យ្យ​សិក្សា ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​មុខងារ សាធារណៈ​ទាំង​ពីរ​ដំណាក់កាល ។​
៣. ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា សម្រាប់​បម្រើ​ការ​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ ទាំង​ពីរ​ដំណាក់ កាល ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ដែរ​ថា​ក្រៅពី​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ចុះ​សង្កេតការណ៍​ការងារ​លទ្ធកម្ម​សាធារណៈ ចំនួន ៦៤​គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ២៨​អង្គភាព និង​បាន​បន្ត​ចុះ​ប្រតិបត្តិការ​នៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយ​ចំនួន​ទៀត តាម​សំណើ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ