រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជុំវិញការលូកដៃក្នុងកិច្ចការងារតូចៗមួយចំនួនរបស់ក្រសួងស្ថាប័នដែលមានការជាប់គាំង ជាពិសេសពាក់ព័ន្ធនឹងវិស័យឯកជន គឺជាការជួយគ្នា ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នាមិនមែនជាការដណ្តើមការងាររបស់ក្រសួងស្ថាប័នណាមួយឡើយ ហើយក៏មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនមានទិសដៅធំៗនោះដែរ ។
ថ្លែងក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចមហាបវរធិបតី បានលើកឡើង នូវចំណុចមួយចំនួន ជុំវិញការចូលរួមដោះស្រាយវិវាទ ឬដោះស្រាយការជាប់គាំងនៅក្នុងវិស័យឯកជន តួយ៉ាងដូចជា ការដោះស្រាយ ការនាំចេញថ្មអាររបស់ក្រសួងរ៉ែ និងថាមពល នាពេលថ្មីៗនេះរហូតមានការប្រើពាក្យថា នាយករដ្ឋមន្ត្រីកំពុងលូកដៃដណ្តើមការងាររដ្ឋមន្ត្រីរបស់ខ្លួននោះត្រូវបានសម្តេចបញ្ជាក់ថា៖«ពុំមែនដូច្នេះនោះទេ ផ្ទុយទៅវិញនេះជាការដោះស្រាយរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នាដែលទាមទារឱ្យមានភាពបត់បែន» ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ៖ «មានអ្នកខ្លះថា នាយករដ្ឋមន្ត្រីធ្វើការអាតូចៗហ្នឹង នាយករដ្ឋមន្ត្រីគួរតែដាក់គោលនយោបាយធំៗទុកឱ្យគេធ្វើ ខ្ញុំថា ខ្ញុំមិនមែនដណ្តើមការងារទេ» ។
សម្តេចបវរធិបតី បញ្ជាក់បន្ថែមថា៖ «កុំចាំ៦ខែ បានរបាយការណ៍ហើយដាក់ទិសដៅក្នុងប្រជុំ ហើយយកទៅ៦ខែទៀតបានមកថា ដោះអត់ចេញដោយសារ អត់ហ៊ានរំខានសម្តេច ព្រោះសម្តេចត្រូវគិតការងារធំ អាតូចៗទុកឱ្យខ្ញុំ ។ អត់ទេ ខ្ញុំអត់ដណ្តើមទេ ព្រោះប្រសិនបើយើងមិនជោគជ័យ រដ្ឋាភិបាលទាំងមូលក៏មិនជោគជ័យ ព្រោះយើងជាក្រុមចឹងត្រូវរួមគ្នាដោះ ហើយបើរដ្ឋាភិបាលដោះស្រាយមិនជោគជ័យពីណាលំបាក គឺប្រជាពលរដ្ឋ វិស័យឯកជននឹងឯង ចឹងយើងត្រូវមានភាពបត់បែន ពេលខ្លះត្រូវធ្វើ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនទៅដណ្តើមការងាររបស់ឯកឧត្តមលោកជំទាវទេ ខ្ញុំអត់ដណ្តើមទេ ខ្ញុំលើកទឹកចិត្តឱ្យធ្វើពេលខ្លះខ្ញុំជួយ ដើម្បីឱ្យជួយខ្ញុំវិញ តែយើងទាំងអស់គ្នាជួយពីណាជួយប្រទេសជាតិ ជួយប្រជាជន ជួយវិស័យឯកជនរបស់យើង ដើម្បីគាត់ទៅជួយកសិករ ទៅជួយប្រជាពលរដ្ឋយើងតាមការបង្កើតការងារ និង Business ល្អទៅទៀត នេះជាអ្វីដែលធ្វើ» ៕
ចែករំលែកព័តមាននេះ