ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនឡើងដៃ Sinner ផ្តួលរៀមច្បង Djokovic ឈ្នះជើងឯកព្រឹត្តិការណ៍ធំនៅចិន

2 ថ្ងៃ មុន

ប្រទេសចិន ៖ កីឡាករវាយតេន្នីសឆ្នើមជនជាតិអ៊ីតាលី Jannik Sinner បន្តបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងនាមជាកីឡាករឈរចំណាត់ថ្នាក់លេខ១ពិភពលោកនាពេលបច្ចុប្បន្ននោះ ក្រោយយកឈ្នះកីឡាករឆ្នើមលំដាប់ពិភពលោកជនជាតិស៊ែប Novak Djokovic ដែលជាម្ចាស់ជើងឯកពានរង្វាន់…

ប្រទេសចិន ៖ កីឡាករវាយតេន្នីសឆ្នើមជនជាតិអ៊ីតាលី Jannik Sinner បន្តបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងនាមជាកីឡាករឈរចំណាត់ថ្នាក់លេខ១ពិភពលោកនាពេលបច្ចុប្បន្ននោះ ក្រោយយកឈ្នះកីឡាករឆ្នើមលំដាប់ពិភពលោកជនជាតិស៊ែប Novak Djokovic ដែលជាម្ចាស់ជើងឯកពានរង្វាន់ Grand Slam ២៤សម័យកាល នៅក្នុងលទ្ធផល ៧-៦ (៧/៤) និង ៦-៣ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីឈ្នះជើងឯក Shanghai Masters ឆ្នាំ ២០២៤ នៅប្រទេសចិន។

កីឡាករ Jannik Sinner វ័យ២៣ឆ្នាំ ចំណាយពេល ១ម៉ោង និង ៣៧នាទី ដើម្បីផ្តួលកីឡាករ Novak Djokovic វ័យ៣៧ឆ្នាំ និងថែមទាំងបង្អាក់ដំណើរការឈ្នះ ១០០ប្រកួតនៅក្នុងអាជីពរបស់កីឡាករជនជាតិស៊ែបរូបនេះ សម្រាប់ពានរង្វាន់ឯកត្តជន។ Djokovic បានថ្លែងក្រោយបញ្ចប់ការប្រកួតថា «Sinner ល្អពេកហើយថ្ងៃនេះ ខ្លាំងពេកហើយ និងលឿនពេកហើយ»។ ស្របពេល Sinner ក្នុងនាមជាម្ចាស់ជើងឯកបានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេស ដោយបានហៅ Djokovic ដែលជាគូប្រជែងខ្លួនថាជានិមិត្តរូបនៃកីឡាវាយតេន្នីស ដែលបន្តរក្សាការលេងតេន្នីសដ៏អស្ចារ្យមិនគួរឱ្យជឿពីមួយឆ្នាំទៅមួយឆ្នាំ។

តាមរយៈការឈ្នះជើងឯកឯកត្តជនពានរង្វាន់ Shanghai Masters ដែលមានកីឡាករចូលរួមសរុប៣៣នាក់ នៅឆ្នាំនេះ កីឡាករ Jannik Sinner ទទួលបានប្រាក់រង្វាន់ចំនួន ១,២៦២,២២០ដុល្លារអាមេរិកពីប្រាក់រង្វាន់សរុប ៨,៩៩៥,៥៥៥ដុល្លារ ខណៈកីឡាកររងជើងឯក Novak Djokovic ទទួលបានប្រាក់រង្វាន់ចំនួន ៦៦២,៣៦០ដុល្លារ។

សូមជម្រាបថា កីឡាករ Jannik Sinner បានក្លាយជាកីឡាករអាជីពកម្រិតខ្ពស់នៅឆ្នាំ ២០១៨ ហើយគិតមកទល់ពេលនេះ កីឡាករអ៊ីតាលីដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១ពិភពលោករូបនេះ ឈ្នះពានរង្វាន់ Grand Slam ចំនួន ២ សម័យកាលយ៉ាងភ្ញាក់ផ្អើលកាលពីឆ្នាំ ២០២៤ នៃព្រឹត្តិការណ៍ Australian Open និង US Open។ ដ្បិតបច្ចុប្បន្ន Novak Djokovic ដែលក្លាយជាកីឡាករអាជីពកម្រិតខ្ពស់នៅឆ្នាំ ២០០៨ និងជាកីឡាករជាប់ចំណាត់ថ្នាក់លេខ១ពិភពលោក១៣ឆ្នាំផ្សេងគ្នានោះ គឺជាកីឡាករឈ្នះពានរង្វាន់ Grand Slam ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រពោល ២៤សម័យកាលពីព្រឹត្តិការណ៍ Australian Open ១០សម័យកាល, French Open ៣សម័យកាល, Wimbledon ចក្រភពអង់គ្លេស ៧សម័យកាល និង US Open ៤សម័យកាល។ តាមពីក្រោយដោយកីឡាករឆ្នើមអេស្ប៉ាញ Rafael Nadal ដែលទើបតែប្រកាសចូលនិវត្តន៍ពីអាជីព កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដែលឈ្នះពានរង្វាន់ Grand Slam ២២សម័យកាល។

គួរបញ្ជាក់ថា ពានរង្វាន់ Shanghai Masters ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០៩ គឺជាការប្រកួតកីឡាវាយតេន្នីសដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន សម្រាប់កីឡាករអាជីពផ្នែកបុរស ដែលធ្វើឡើងនៅទីក្រុងសៀងហៃ។ គិតមកទល់ពេលនេះ កីឡាករ Novak Djokovic កំពុងកាន់កាប់កំណត់ត្រាឈ្នះជើងឯកច្រើនជាងគេពោលចំនួន ៤ដង៕ (ប្រភព ៖ AFP, Xinhua និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ