ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះរវល់ច្រើន! តែលោក Koji នឹងព្យាយាមឱ្យអស់ពីសមត្ថភាពជួយបាល់ទាត់កម្ពុជារីកចម្រើន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក Koji Gyotoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ខ្លីជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ លោក Koji Gyotoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ខ្លីជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បង្ហាញការតាំងចិត្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំ សម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ ពិសេសព្យាយាមធ្វើយ៉ាងណាឱ្យបាល់ទាត់កម្ពុជារីកចម្រើន បើទោះជាលោករវល់ច្រើន គ្មានពេលគ្រប់គ្រាន់យ៉ាងណាក៏ដោយ។

នៅពេលត្រូវបានសួរថា តើលោកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាដែរ? នៅពេលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ? លោក Koji Gyotoku បានលើកឡើងថា លោកមានអារម្មណ៍ធម្មតា នៅពេលលោកទទួលបានតួនាទីមួយនេះ ដោយលោកនឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ប៉ុន្តែសម្រាប់លោកមិនមែនមានការងារតែក្រុមជម្រើសជាតិឈុតធំមួយប៉ុណ្ណោះទេ គឺលោកនៅមានការងារផ្សេងៗទៀត ដែលលោកកំពុងគិតព្យាយាមជួយធ្វើយ៉ាងណាឱ្យបាល់ទាត់កម្ពុជារីកចម្រើនជាងមុន។

គ្រូបង្វឹកជនជាតិជប៉ុនវ័យ៥៩ឆ្នាំរូបនេះ បានបន្តថា រាប់ចាប់ពីក្រុមកម្ពុជាអាយុក្រោម១៦ឆ្នាំមក រហូតដល់ក្រុមអាយុក្រោម ២០ឆ្នាំ ដែលទៅប្រកួតនៅឆាយន្នីសតៃប៉ិ បន្ទាប់មកទៀតក្រុមអាយុក្រោម១៧ឆ្នាំ ដោយមួយរយ:ពេលនេះលោកពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំក្រុមអាយុក្រោម១៧ឆ្នាំនោះទេ ព្រោះលោកកំពុងមានការងារមួយទៀតដឹកនាំក្រុមឈុតធំ ដ្បិតក្រៅពីការងារទាំងអស់នេះ ការងារចម្បងមួយទៀតរបស់លោក គឺនៅសាលាបាល់ទាត់ជាតិបាទី។ លោកគិតថា លោករវល់ និងគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់បំពេញការងាររបស់លោកត្រឹមត្រូវ ប៉ុន្តែលោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញការងារនេះឱ្យល្អឥតខ្ចោះ តាមអ្វីដែលលោកអាចធ្វើទៅបាន។

នៅពេលត្រូវបានសួរថា បើប្រៀបធៀបពីការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្រុមយុវជន និងក្រុមឈុតធំ តើលោកគ្រូគិតថា ការដឹកនាំក្រុមឈុតធំ នឹងមានភាពលំបាកជាំង ឬយ៉ាងណា? លោក Koji Gyotoku បានបន្តថា លោកធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមឈុតធំរបស់ប្រទេសប៊ូតាន់ និងនេប៉ាល់ បើទោះបីជាមកកម្ពុជា លោកដឹកនាំយុវជនសុទ្ធក៏ពិតមែន ប៉ុន្តែតាមបទពិសោធន៍របស់លោកគឺពុំមានបញ្ហានោះទេ។ ប៉ុន្តែសម្រាប់លោក ការប្រាស្រ័យទាក់ទង់ជាមួយកីឡាករគឺផ្សេងគ្នារវាងក្រុមយុវជន និងក្រុមឈុតធំ។ អ្វីដែលលោកពុំទាន់ច្បាស់នោះគឺ លោកមិនទាន់ស្គាល់អំពីកីឡាករនៅឡើយទេ ដូច្នេះនៅពេលប្រមូលផ្តុំក្រុមឈុតធំ លោកនឹងចាប់ផ្ដើមស្វែងយល់ពីកីឡាករ។

លោកបានបន្ថែមថា អ្វីដែលលោកគិតនៅពេលនេះ គឺការប្រកួតមិត្តភាពជាមួយឆាយន្នីសតៃប៉ិ និងហុងកុង ដោយលោកចង់ដឹងពីសមត្ថភាពកីឡាករឈុតធំ និងកម្រិតលេងរបស់ពួកគេ ធ្វើយ៉ាងណា២ប្រកួតនេះ លោកត្រូវដឹងឱ្យបានច្បាស់ ដើម្បីត្រៀមសម្រាប់ការប្រកួតផ្លូវការជាបន្តបន្ទាប់។ ហើយគម្រោងមួយទៀត លោកដឹងថាក្នុងខែវិច្ចិកា គឺមានការប្រកួត FIFA DAY ដោយអំឡុងពេលនោះ នឹងមានការប្រកួតបន្ទាប់ទៀត ដើម្បីកែប្រែក្រុមមួយ ត្រៀមសម្រាប់ការប្រកួត Mitsubishi Cup (ពានរង្វាន់ជើងឯកអាស៊ាន) នៅចុងឆ្នាំនេះ។

គួរ​បញ្ជាក់​ថា ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក Koji Gyotoku នឹង​ត្រូវ​ប្រកួត​ជាមួយ​ឆាយ​ន្នី​ស​តៃប៉ិ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០២៤ ខាង​មុខ​នេះ វេលា​ម៉ោង ០៧:០០​នាទី​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា (​អូ​ឡាំ​ពិ​ក​) រាជធានី​ភ្នំពេញ​៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ