សារព័ត៌មានថៃបន្តពញាក់សាធារណៈមតិនៅក្នុងប្រទេសគេជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងរុករកធនធានប្រេង និងឧស្ម័នរួមគ្នា នៅតំបន់ឈូងសមុទ្រដែលត្រួតស៊ីគ្នារវាងកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្ពុជាហាក់មិនទាន់កញ្ជ្រោលខ្លាំងលើរឿងនេះនៅឡើយ ។ចាប់តាំងពីគណបក្សភឿថៃ បង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២៣ មកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំហើយ…
សារព័ត៌មានថៃបន្តពញាក់សាធារណៈមតិនៅក្នុងប្រទេសគេជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងរុករកធនធានប្រេង និងឧស្ម័នរួមគ្នា នៅតំបន់ឈូងសមុទ្រដែលត្រួតស៊ីគ្នារវាងកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្ពុជាហាក់មិនទាន់កញ្ជ្រោលខ្លាំងលើរឿងនេះនៅឡើយ ។
ចាប់តាំងពីគណបក្សភឿថៃ បង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២៣ មកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំហើយ រដ្ឋាភិបាលមួយស្លា.ប់កើតរដ្ឋាភិបាលថ្មីក៏ថៃនៅតែបន្តលើកឡើងនូវរឿងនេះ ។
តាមការសង្កេតមួយរយៈកន្លងមកនេះបញ្ហាផលប្រយោជន៍ពីគម្រោងរុករករួមគ្នានៅតំបន់ឈូងសមុទ្រត្រួតស៊ីគ្នាប្រហែលជាមានសក្តានុពលមហាសាលទើបសារព័ត៌មានថៃឧស្សាហ៍រំលេចបញ្ហានេះជាបន្តបន្ទាប់ពោល គឺមើលតែស្ងាត់បន្តិចក៏បន្តបង្កើបហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះសារព័ត៌មាន The Nation ក៏បានបង្ហើបព័ត៌មាននេះជាថ្មីម្តងទៀតដោយលើកឡើងថា ភាពជាដៃគូថាមពលរវាងកម្ពុជា និងថៃនៅតំបន់ឈូងសមុទ្រត្រួតស៊ីគ្នានេះ គឺបានកំពុងតែលើកឡើងឡើងមកលើតុវិញហើយ។
សារព័ត៌មាននេះបានផ្សព្វផ្សាយថា រាជធានីភ្នំពេញមានសុទិដ្ឋិនិយមថា ការពិភាក្សាជាមួយរដ្ឋាភិបាលរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា និងទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយលោក ថាក់ស៊ីន នឹងនាំមកនូវកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ។
ប្រភពដដែលបានបន្តថា កម្ពុជាបាននិយាយថា ខ្លួនមានឆន្ទៈបន្តការចរចាជាមួយប្រទេសថៃ សម្រាប់ការរុករករួមគ្នា និងការអភិវឌ្ឍតំបន់ប្រេង និងឧស្ម័ននៅឈូងសមុទ្រថៃដែលតំបន់គោលដៅនោះត្រូវបានគេជឿថា មានទុនបម្រុងយ៉ាងតិច៣០០ ពាន់លានដុល្លារ ។
នេះ គឺជាការចុះផ្សាយរបស់សារព័ត៌មាននេះ ហើយនៅមុនការចុះផ្សាយនេះក៏មានការវិភាគថា នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីថៃ នៅវៀងចន្ទន៍ ប្រទេសឡាវនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននឹងជជែកគ្នាខ្លះអំពីបញ្ហានេះ ប៉ុន្តែក្រោយជំនួបថ្ងៃទី០៩ ខែតុលា ដែលគេបានប្រកាសនៅលើបណ្តាញសង្គមផ្លូវការមេដឹកនាំទាំងពីរបានជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមែន តែមិនរំលេចរឿងនេះឡើយ ។
កម្ពុជា និងថៃ បានពិភាក្សាគ្នាអំពីធនធានធម្មជាតិនៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំ ២៧.០០០គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រថៃ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយដល់ឆ្នាំ២០០១ ក៏មានគំនិតផ្តួចផ្តើមឡើងរវាងអតីតមេដឹកនាំប្រទេសទាំងពីរ គឺកម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន និងថៃ ដោយលោក ថាក់ស៊ីន ស៊ីណាវាត្រា តែក៏ខកខាតបន្តទៀត ក្រោយលោកថាក់ស៊ីន ត្រូវគេធ្វើរដ្ឋប្រហារ ។
ហើយនៅដើមឆ្នាំនេះទាំងប្រទេសថៃ និងកម្ពុជា បានព្រមព្រៀងគ្នាពិភាក្សាអំពីជម្រើសនៃការរុករក និងចែករំលែកអត្ថប្រយោជន៍ពីធនធានដែលត្រូវបានគេប៉ាន់ស្មានថា មានឧស្ម័នធម្មជាតិប្រហែល១០ពាន់ពាន់លានម៉ែត្រគូប និងប្រេងឆៅ៣00 លានបារ៉ែល ។
ពាក់ព័ន្ធនឹងគម្រោងនេះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយ សម្តេចធិបតី និងលោកស្រី ផៃថងថាន ការអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រួតស៊ីគ្នានេះអាចទំនងជាអាចសម្រេចបាន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ភិឆៃ ជុនហាវ៉ាជីរ៉ា ( Pichai Chunhavajira ) បានបង្ហាញនៅក្នុងកិច្ចពិភាក្សាគោលនយោបាយរបស់រដ្ឋាភិបាលកាលពីខែសីហាថា បញ្ហានៃការទាមទារទឹកដីអាចត្រូវបានទុកមួយឡែកសម្រាប់ពេលនេះ ហើយការពិភាក្សាអាចផ្តោតលើការអភិវឌ្ឍរួមគ្នានៅតំបន់នោះ ។ លោកបានឲ្យដឹងថា ភាគីទាំងពីរមិនចាំបាច់ដោះស្រាយយោបល់ខុសគ្នាអំពីព្រំដែនទេ តែគ្រាន់តែជជែកគ្នា និងព្យាយាមប្រើប្រាស់ធនធានរួមគ្នា ។
ថៃពុះពារគម្រោងការនេះ ពីព្រោះតាំងពីឆ្នាំ១៩៧៩ មក ថៃនិងម៉ាឡេស៊ី នៅលើផ្ទៃសមុទ្រទំហំ៧.២៥០ គីឡូម៉ែត្រ ភាគីទាំងពីរបានកំពុងតែបន្តដំណើរការអភិវឌ្ឈរួមគ្នា ប៉ុន្តែសម្រាប់ជាមួយកម្ពុជាវាចាំបាច់ត្រូវប្រុងប្រយ័ត្នខ្លាំង ។
កម្ពុជាគិតអាចមិនដូចលោក ភិឆៃគិតឡើយ ពីព្រោះបទពិសោធន៍នៅតំបន់ភូមិភាគឥសាន្តដែលកម្ពុជាសម្រេចបញ្ចប់កិច្ចព្រមព្រៀងអភិវឌ្ឈន៍ត្រីកោណរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម ជាបទពិសោធន៍ ។ រឿងព្រំដែន និងជាតិនិយម នេះគឺរសើបបំផុត ដូច្នេះកម្ពុជាប្រហែលជាត្រូវការសិក្សា និងប្រុងប្រយ័ត្នបំផុត រវាងផលប្រយោជន៍ និងនិន្នាការជាតិនិយម ៕
ចែករំលែកព័តមាននេះ