ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​ថា​លោក​ស្រី​ហារីស​មាន​សុខ​ភាព​ល្អ​អាច​ដឹក​នាំ​ប្រទេស​ជាតិ​បាន

12 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ស្រី​ហារីស​ដែល​ជា​អនុ​ប្រធានា​ធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិប​តី​របស់​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​​​បាន​ផ្សព្វ​ផ្សាយ​​​​លិខិត​បញ្ជាក់​សុខ​ភាពដែល​ចេញ​ដោយ​​គ្រូ​ពេទ្យ​​​។ ​លិខិត​នោះ​​បញ្ជាក់​​​ថា​លោក​ស្រី​មាន​សុខ​ភាព​ល្អ​ប្រសើរ​ណាស់​ ហើយ​មាន​សមត្ថ​ភាព​ពេញ​លេញ​ដើម្បី​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​របស់​ជាតិ​បើ​លោក​ស្រី​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ ​នេះ​ជា​ផ្នែក​​១​នៃ​យុទ្ធ​សាស្ត្រ​​យក​ប្រៀប​នៅ​លើ​សមរភូមិ​ឃោសនា​នយោបាយ​ និង​ដើម្បី​ទាក់​ទាញ​ការ​ប្រៀប​ធៀប​អំពី​ភាព​ខុ​ស​គ្នា​រវាង​​សុខ​ភាព​របស់​លោក​ស្រី និង​​​លោក​ត្រាំ​ដែល​ជា​គូ​ប្រជែង​ជា​មួយ​គ្នា​។​ នៅ​ក្នុង​លិខិត​​​​ដែល​ផ្សព្វ​​​ផ្សាយ​ដោយ​សេត​វិមាន​នោះ​ វេជ្ជ​បណ្ឌិត​​ចូសួ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ស្រី​ហារីស​ដែល​ជា​អនុ​ប្រធានា​ធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិប​តី​របស់​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​​​បាន​ផ្សព្វ​ផ្សាយ​​​​លិខិត​បញ្ជាក់​សុខ​ភាពដែល​ចេញ​ដោយ​​គ្រូ​ពេទ្យ​​​។ ​លិខិត​នោះ​​បញ្ជាក់​​​ថា​លោក​ស្រី​មាន​សុខ​ភាព​ល្អ​ប្រសើរ​ណាស់​ ហើយ​មាន​សមត្ថ​ភាព​ពេញ​លេញ​ដើម្បី​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​របស់​ជាតិ​បើ​លោក​ស្រី​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។

​នេះ​ជា​ផ្នែក​​១​នៃ​យុទ្ធ​សាស្ត្រ​​យក​ប្រៀប​នៅ​លើ​សមរភូមិ​ឃោសនា​នយោបាយ​ និង​ដើម្បី​ទាក់​ទាញ​ការ​ប្រៀប​ធៀប​អំពី​ភាព​ខុ​ស​គ្នា​រវាង​​សុខ​ភាព​របស់​លោក​ស្រី និង​​​លោក​ត្រាំ​ដែល​ជា​គូ​ប្រជែង​ជា​មួយ​គ្នា​។​ នៅ​ក្នុង​លិខិត​​​​ដែល​ផ្សព្វ​​​ផ្សាយ​ដោយ​សេត​វិមាន​នោះ​ វេជ្ជ​បណ្ឌិត​​ចូសួ ស៊ីម៉ូន (Joshua Simmons) ​សរ​សេរ​រៀប​រាប់​ថា​​​លោក​ស្រី​ហារីស​មាន​សុខ​ភាព​ល្អ​ប្រសើរ​ណាស់​។​​

​មាន​ន័យ​ថា​លោក​ស្រី​អនុវត្ត​របៀប​របប​រស់​នៅ (lifestyle) និង​របប​អាហារ​​​បាន​ល្អ​ណាស់។ ​ទោះ​បី​លោក​ស្រី​មាន​កិច្ច​ការ​រវល់​យ៉ាង​មមាញឹក​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​​លោក​ស្រី​បរិភោគ​អាហារ​ដែល​​ល្អ​​ចំពោះ​សុខ​ភាព​​(healthy food) ខុស​ពី​​​លោក​ត្រាំ​ដែល​ចូល​​ចិត្ត​បរិភោគ​អាហារ​​​ឆ្អិន​ស្រាប់​ទាន់​ចិត្ត​​​ (junk food)​។ ម៉្យាង​ទៀត​លោក​ត្រាំ​មិន​​បរិភោគ​អាហារ​ពេល​ព្រឹក​ទេ​។​​ ​លោក​ស្រី​ហារីស​ទាស់​តែ​បន្តិច​ទេ​​ ពេល​ខ្លះ​​​មាន​បញ្ហា​ប្រតិ​កម្ម​ ឬ​អាលែក​ហ្ស៊ី​ទៅ​តាម​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​​​មាន​បញ្ហា​ក្ដៅ​ខ្លួន​ម្ដង​ម្កាល​។

​លោក​​ស្រី​មិន​ជក់​បារីទេ​ ហើយ​បើទុក​ជា​លោក​ស្រី​ទទួល​​គ្រឿង​ស្រវឹង​ក៏​​​នៅ​ក្នុង​កម្រិត​ល្មម​​។ ​វេជ្ជ​បណ្ឌិត​រូប​នេះ​​សរ​សេរ​រៀប​រាប់​ថា​​លោក​ស្រី​​ហារីស​មាន​​សមត្ថ​ភាព​រាង​កាយ និង​សមត្ថ​ភាព​ខួរ​ក្បាល​រស់​រវើក។ ទាំង​នេះ​​​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ណាស់​ក្នុង​ការ​​​បំពេញ​ការ​ងារ​ជា​ប្រធានា​ធិបតី​​។ ធម្មតា​ប្រធានា​ធិបតី​អាមេរិក​ត្រូវរ៉ាប់​រង​ធ្វើ​កិច្ច​ការ​បី​ធំ​ៗ៖ ​ជា​ប្រមុខ​រដ្ឋ​ផង ប្រមុខ​រដ្ឋា​ភិ​បាល​ផង និង​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ផង​។ ដូច្នេះ ប្រធានា​ធិបតី​អាមេរិក​មាន​អំណាច​ខ្លាំង​ដោយ​សារ​ទទួល​​បាន​សំឡេង​ទុក​ចិត្ត​ដោយ​ផ្ទាល់​ពី​ប្រជា​ជន​ម្ចាស់​ឆ្នោត​។​​​

លោក​ស្រី​ហារីស​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៥៩​ឆ្នាំត្រៀម​ប្រកួត​ប្រជែង​ទល់​នឹង​លោ​កត្រាំ​ដែល​មាន​វ័យ​៧៨​ឆ្នាំ​។​ គិត​ទៅ​អាយុ​ខុស​ត្រូវ​គ្នា​រហូត​ដល់​១៩​ឆ្នាំ​សឹង​តែ​ស្មើ​នឹង​ឪ​ពុក​ និង​កូន​ស្រី​ទៅ​ហើយ​។ ជំនួយ​ការ​របស់​លោ​កស្រី​ហារី​ស​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ស្រី​សម្រេច​ចិត្ត​ប្រកាស​លទ្ធ​ផល​ធ្វើ​តេស្ត​សុខ​ភាព​នេះ​ជា​សាធារណៈ​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ជន​ផង​ និង​ដើម្បី​​វាយ​លុក​ចំណុច​ខ្សោយ​របស់​លោក​ត្រាំ​ដែល​មិន​ហ៊ាន​បញ្ចេញ​របាយ​ការណ៍​សុខ​ភាព​របស់​គាត់​ជា​សា​ធារណៈទេ​​។

សព្វ​ថ្ងៃ​នេះ មាន​ចំណុច​២​ដែល​គេ​សម្លឹង​មើល​ឃើញ​នៅ​មុន​ការ​បោះ​ឆ្នោត​។ ចំណុច​ទី​១-​​​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​ បេក្ខ​ជន​ទាំង​២​​ទទួ​លបាន​សំឡេង​គាំ​ទ្រ​ប្រហាក់​ប្រហែល​គ្នា​ ជួន​កាល​លទ្ធ​ផល​របស់​ក្រុម១​​បង្ហាញ​ថា​លោក​ស្រី​ហារីស​នាំ​មុខ​បន្តិច​បន្តួច​ និង​ជួន​កាល​លទ្ធ​ផល​ស្ទង់​មតិ​របស់​ក្រុម១​​ទៀត​បង្ហាញ​ថា​លោក​ត្រាំ​នាំ​មុខ​វិញ​ម្ដង​។ ចំណុច​ទី​២-​ប្រជា​ជន​អាមេ​រិក​មិន​តិច​នាក់​ទេ​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រា​រែក​ចិត្ត​ មិន​ដឹង​ថា​តើ​ត្រូវ​បោះ​ឆ្នោត​ឱ្យ​លោក​ត្រាំ ឬ​លោក​ស្រី​ហារីស​។​

ហេតុ​នេះ​​ លោក​ស្រី​ហារីស​សង្ឃឹម​ថា​ការ​ផ្សព្វ​ផ្សាយ​​លទ្ធ​ផល​សុខ​ភាព​នេះ​អាច​នឹង​បញ្ចុះ​បញ្ចូល​អ្នក​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ទាំង​នោះ​ងាក​មក​មក​គាំទ្រ​​លោក​ស្រី​។ តាម​ពិត​ សុខ​ភាព​របស់​លោក​ត្រាំ​ក៏​មិនជា​ទ្រុឌ​ទ្រោម​អី​ណាស់​ណា​ទេ​​។ ​​កាល​ពី​ឆ្នាំ​២០១៨​ គ្រូ​ពេទ្យ​ប្រចាំ​សេត​វិមាន​ថ្លែង​ថា​សុខ​ភាព​របស់​លោក​ត្រាំ​បើ​និយាយ​​ជា​រួម​គឺ​មាន​លក្ខណៈ​​ល្អ​ប្រសើរ​។ គ្រាន់​តែ​ថា​គ្រូ​ពេទ្យ​បាន​ជូន​យោបល់​ឱ្យ​លោក​ត្រាំ​ខិត​ខំ​បញ្ចុះ​ទម្ងន់​ខ្លះ​ដើម្បី​កុំ​ឱ្យ​ធាត់​ពេក និង​ព្យាយាម​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ