ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ រយៈពេល​២​ឆ្នាំ ជាប់គុក​៣​ដង មិន​កែខ្លួន ចេញ​មក​វិញ នាំ​បក្ខពួក​ឆក់​ទូរ​សព្ទ​ទៀត

21 ម៉ោង មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ គ្រាន់តែ​ជាប់​ពន្ធនាគារ​ក្នុង​អំពើ​លួច ត្រឹមតែ​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ចំនួន​៣​ដង​ទៅ​ហើយ ប៉ុន្តែ​មិន​ព្រម​រាងចាល កែខ្លួន​ទាល់តែ​សោះ ក្រោយ​ពេល​ចេញ​មក​វិញ​បាន​នាំ​បក្ខពួក​ម្នាក់​ទៀត ចេញ​ប្រព្រឹត្ត​អំពើ​លួច…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ គ្រាន់តែ​ជាប់​ពន្ធនាគារ​ក្នុង​អំពើ​លួច ត្រឹមតែ​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ចំនួន​៣​ដង​ទៅ​ហើយ ប៉ុន្តែ​មិន​ព្រម​រាងចាល កែខ្លួន​ទាល់តែ​សោះ ក្រោយ​ពេល​ចេញ​មក​វិញ​បាន​នាំ​បក្ខពួក​ម្នាក់​ទៀត ចេញ​ប្រព្រឹត្ត​អំពើ​លួច ឆក់​បន្ត​ទៀត​។ ចុង​ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​យក​ទៅ​លក់​បាន​ប្រាក់​ត្រឹមតែ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ យក​មក​ចែក​គ្នា​ចាយ ក្រោយមក ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន បាន​អាច​ជាប់គុក​ជា​លើក​ទី​៤​ទៀត ។

សកម្មភាព​ឆក់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុច​ហាង​ម៉ាស្សា​យីហោ «៦៦៦៦» នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ជំនាញ​ខាង​លួច និង​ឆក់​ខាងលើ​នោះ មានឈ្មោះ សាំង សុ​ផាត ហៅ​ស៊ី​ម​ពីរ ឫ​អា​ញ៉ា អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ ជន​នេះ ពិតជា​មិនធម្មតា​នោះ​ទេ ត្រឹមតែ​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ដកណ្ដាល រហូត​ដល់​ទៅ​ចំនួន​០៣​លើ​ឯណោះ ។ ក្នុង​នោះ​រួម​មាន​លើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០២១ ជាប់​ក្នុង​បទ​អំពើ​លួច រយៈពេល​០៣​ថ្ងៃ​, លើក​ទី​២ នៅ​ក្នុង​ឆ្នាំ​២០២១​ដដែល ជាប់​ក្នុង​បទ​លួច រយៈពេល​១​ឆ្នាំ​, និង​លើក​ទី​៣ ក្នុង​ឆ្នាំ​២០២២ ជាប់​ក្នុង​បទ​លួច រយៈពេល​១​ឆ្នាំ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ថា ប៊ុ​ន​រាជ​សិទ្ធិគុណ ហៅ​ឡាញ អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ រីឯ​អ្នក​ទទួល​ទិញ​ទូរ​សព្ទ ដែល​លួច​បាន​នោះ​ឈ្មោះ សុខ សាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ។

ស្ត្រី​រង​គ្រោះ ដែល​ជា​ម្ចាស់​ទូរ​សព្ទ​ខាងលើ​ឈ្មោះ គឿ​ន ស្រី​ហ៊ា​ង អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ហាង​ម៉ាស្សា ស្នាក់​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បាត់បង់​ទូរ​សព្ទ​ម៉ាក iPhone 8plus ពណ៌​ផ្កាឈូក មួយ​គ្រឿង ។

សកម្មភាព​ខាងលើ ពុំ​ត្រូវ​បាន​គេ​ដឹង​លម្អិត​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​២​នាក់​នោះ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ព្រៃវែង​1L-1891 ចេញ​ធ្វើ​សកម្មភាព​ឆក់ ។ ដោយ​ជនសង្ស័យ​ឈ្មោះ សាំង សុ​ផាត ហៅ ស៊ី​ម​ពីរ ហៅ​ញ៉ា គឺជា​អ្នកបើកបរ​ម៉ូតូ ដឹក​ជនសង្ស័យ​ឈ្មោះ ថា ប៊ុ​ន​រាជ​សិទ្ធិគុណ ហៅ​ឡាញ ហើយ​ឆក់​ទូរ​សព្ទ​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ បាន​សម្រេច​រួច​គេចខ្លួន​បាត់ ។
បន្ទាប់​មក​ជន​រង​គ្រោះ បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដំណាក់​អំពិល ហើយ​ក៏​ត្រូវ​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់ រួច​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រោយ​នគរបាល​សួរនាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​បាន​យក​ទៅ​លក់​ឲ្យ​ឈ្មោះ សុខ សាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល បាន​លុយ​ចំនួន​៤០,០០០​រៀល (​បួន​ម៉ឺន​រៀល​) ប៉ុណ្ណោះ យក​ចែក​គ្នា​ចាយ ។

ជនសង្ស័យ​បាន​សារភាព​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១​យប់​រំលង​អធ្រាត្រ ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ម៉ាក OPPO ១​គ្រឿង​ពី​អ្នកដំណើរ នៅ​តាម​ផ្លូវ​លេខ​៥១ ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ បាន​សម្រេច​១​ករណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ