ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបចាប់ខ្លួនក្មេងទំនើង០២នាក់បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ហើយចៅក្រមបានចេញដិកាឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ។
សមត្ថកិច្ចឲ្យដឹងថា ជនត្រូវចោទជាមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បើតាមសមត្ថកិច្ចនគបាលការិល័យព្រហ្មទណ្ឌ័ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខណៈពេលដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចក៏ដេញតាមចាប់បាន រួមទាំងគូកនម្នាក់ទៀត រួចបញ្ជូនទៅការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី។
សម្ថកិច្ចបានបញ្ជាក់ថា ចំពោះជនសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ ជាមុខសញ្ញាសកម្ម បានប្រព្រឹត្តបទល្មើសចំនួន ២លើក ដោយលើកទី១ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចមាត់ស្រះទឹកក្នុងតំបន់សេដ្ឋពិសេសហ្គីហ្ការីស៊ស ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយខ្លួន និងគូកន បានរួបរួមគ្នាធ្វើសកម្មភាពយកដាវដេញកាប់ក្រុមជនរងគ្រោះ តែក្រុមជនរងគ្រោះនោះបានរត់ចោលម៉ូតូ ទើបជនសង្ស័យ បញ្ជាឱ្យគូកនយកដាវកាប់បំផ្លាញម៉ូតូបណ្តាលឱ្យរងការខូចខាត។
លើកទី២ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥និង១៥នាទីទៀបភ្លឺ នៅចំណុចផ្សាររាត្រីទី១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខ្លួន និងគូកន បានរួបរួមគ្នាលួចម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ស្វាយរៀង 1U-1802 យកទៅលាក់ទុកដើម្បីលក់ក៏ប៉ុន្តែមិនទាន់មានឱកាស់ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានតែម្តង។ចំណែចម៉ូតូជនរងគ្រោះ២គ្រឿងបានប្រគល់ឲ្យម្ចាស់វិញហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕
ចែករំលែកព័តមាននេះ