ទីក្រុងវ៉ាស៊ីនតោន៖ នេះជាលើកទីមួយចាប់តាំងពីខែសីហាដែលលោកបៃដិន និងលោកណឺតាន់យ៉ាហ៊ូនិយាយគ្នាតាមទូរស័ព្ទដើម្បីតាមដានស្ថានការណ៍វិវត្តថ្មីៗ។ ការហៅទូរស័ព្ទនេះកើតឡើងចំពេលអ៊ីស្រាអែលចាប់ផ្ដើមពង្រីកយុទ្ធនាការជើងគោកចូលកាន់តែជ្រៅទៅក្នុងទឹកដីនៃប្រទេសលីបង់។ លោកណឺតាន់យ៉ាហ៊ូអំពាវនាវឱ្យប្រជាជនលីបង់ដកខ្លួនថយឱ្យឆ្ងាយពីក្រុមហេសបូឡាបើពួកគេ (ប្រជាជនលីបង់) មិនចង់ឱ្យប្រទេសជាតិរបស់ខ្លួនវិនាសអន្តរាយដូចនៅតំបន់ហ្កាហ្សា។
ការហៅទូរស័ព្ទនេះក៏កើតមានចំពេលអ៊ីស្រាអែលកំពុងសម្រួចមាត់វាយសងសឹកទៅលើប្រទេសអ៊ីរ៉ង់ដែលបាញ់មីស៊ីលជាង១០០គ្រាប់ចូលទឹកដីអ៊ីស្រាអែលកាលពីសប្ដាហ៍មុន។ គេដឹងថាលោកបៃដិនគាំទ្រឱ្យអ៊ីស្រាអែលចាត់វិធានការឆ្លើយតបចំពោះអ៊ីរ៉ង់។ ជាពិសេស បើអ៊ីស្រាអែលវាយប្រហារទីតាំងស្តុកទុកប្រេងឆៅរបស់អ៊ីរ៉ង់លោកគាំទ្រពេញទំហឹង។ ប៉ុន្តែប្រភពខ្លះអះអាងថាអ៊ីស្រាអែលមិនត្រឹមតែវាយឃ្លាំងប្រេងអ៊ីរ៉ង់ទេ។ អ៊ីស្រាអែលចង់វាយទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថែមទៀត។
តាមពិត លោកណឺតាន់យ៉ាហ៊ូមិនមែនហៅទូរស័ព្ទទៅលោកបៃដិនផ្ដាច់មុខតែម្នាក់ឯងនោះទេ។ បើយោងតាមការបង្ហើបឱ្យដឹងពីខុទ្ទកាល័យរបស់លោកណឺតាន់យ៉ាហ៊ូ លោកក៏បានហៅទូរស័ព្ទទៅលោកត្រាំផងដែរ។ កាលពីសប្ដាហ៍មុន លោកត្រាំគាំទ្រចំពោះការបើកយុទ្ធនាការយោធាដ៏ក្ដៅគគុករបស់អ៊ីស្រាអែលដើម្បីតាមប្រមាញ់ក្រុមហេសបូឡានៅក្នុងទឹកដីលីបង់។
ការហៅទូរស័ព្ទរវាងលោកណឺតាន់យ៉ាហ៊ូ និងលោកបៃដិនធ្វើឡើង២ថ្ងៃក្រោយខួប១ឆ្នាំនៃព្រឹត្តិការណ៍ថ្ងៃ៧ ខែតុលាដែលក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែលដោយបាញ់រ៉ុកកែតជាង៥ពាន់គ្រាប់ ព្រមទាំងចាប់មនុស្សជាង៣៥០នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រោយមក ពួកគេដោះលែងខ្លះ និងរក្សាទុកនៅក្នុងរូងក្រោមដីជាងមួយរយនាក់រហូតមកដល់សព្វថ្ងៃនេះ។
តាមមើលទៅ ការហៅទូរស័ព្ទលើកនេះអាចជាការស្នើសុំសញ្ញាភ្លើងខៀវពីអាមេរិកដើម្បីជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់នៅលើឆាកអន្តរជាតិបើសិនអ៊ីស្រាអែលទទួលរងការបញ្ចេញប្រតិកម្ម ឬថ្កោលទោសកម្រិតណាមួយ។ កាលពីពេលដែលអ៊ីរ៉ង់បាញ់មីស៊ីលដាក់អ៊ីស្រាអែលយប់ថ្ងៃទី១ ខែតុលានោះ អាមេរិកក៏មានចំណែកជួយប្រទេសអ៊ីស្រាអែលផងដែរដើម្បីបាញ់ទម្លាក់មីស៊ីលទាំងនោះ។ អាមេរិកខ្លាចប៉ះផលប្រយោជន៍របស់ខ្លួនដែរបើសិនមីស៊ីលអ៊ីរ៉ង់ធ្លាក់ត្រូវចំមូលដ្ឋានទ័ពរបស់ខ្លួន។
ប៉ុន្តែមានចំណុចមួយដែលលោកបៃដិនមិនគាំទ្រទេបើអ៊ីស្រាអែលសម្រេចចិត្តវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដូចការគ្រោងទុកមែន។ ចាប់តាំងពីថ្នាក់ដឹកនាំទាំង២និយាយគ្នាតាមទូរស័ព្ទលើកចុងក្រោយកាលពីថ្ងៃទី២១ ខែសីហានោះ អ៊ីស្រាអែលបានសំឡេះមេដឹកនាំនយោបាយកំពូលៗ និងមេបញ្ជាការយោធារបស់ក្រុមហេសបូឡានៅប្រទេសលីបង់ជាបន្តបន្ទាប់។ ប៉ុន្តែក្រុមនេះក៏មិនព្រមដកថយដែរ។ ពួកគេបញ្ជូនមីស៊ីល, រ៉ុកកែត និងដ្រូនទៅវាយប្រហារអ៊ីស្រាអែលជាហូរហែ។
សម្រាប់ដំណាក់កាលនេះ អ៊ីស្រាអែលមិនទាន់ប្រើធម៌ក្ដៅវាយប្រហារឱ្យបានពេញបន្ទុកនៅឡើយទេ។ អ៊ីស្រាអែលវាយប្រហារល្មមៗទៅលើព្រំដែនប្រទេសលីបង់ភាគខាងជើង។ ហេសបូឡាឥឡូវនេះប្រៀបដូចជាពស់ដាច់ក្បាលបន្ទាប់ពីមេដឹកនាំកំពូលរបស់ពួកគេគឺលោកណាស្រាឡា (Nasrallah) ត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើទីជម្រកក្រោមដីរបស់គាត់។
ក្រោយមកទៀត លោកសាហ្វ៊ីឌីន (Safieddine) ដែលនឹងក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហេសបូឡាក៏ត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើទីបញ្ជាការសម្ងាត់របស់គាត់ថែមទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់បាត់ដំណឹងសូន្យឈឹងជារៀងរហូត មិនដឹងថាគាត់ស្លាប់ ឬរស់នៅឡើយទេ។ ជាថ្មីម្ដងទៀត អាមេរិកនៅតែប្រុងជើងការជាប់ជានិច្ចដើម្បីត្រៀមការពារអ៊ីស្រាអែល និងផលប្រយោជន៍របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕
ចែករំលែកព័តមាននេះ