ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្វាយរៀង ទទួល​ជួប​ប្រតិភូ​កូរ៉េ​ខាងត្បូង ពិភាក្សា​លើ​វិស័យ​សុខាភិបាល

10 ម៉ោង មុន

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ លោក ប៉េង ពោធិ៍​សា អភិបាល…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ រួម​មាន​លោក Yoon Young-joong ប្រធាន RotaryClub និង​លោក Lee Daehee ព្រមទាំង​សហការី ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ចៅ ភិ​រិ​ទ្ធ អគ្គនាយក អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

មាន​ប្រសាសន៍​នូវ​ក្នុង​ឱកាស​នោះ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក Yoon Young-joong ប្រធាន Rotary Club និង​សហការី ដែល​ដឹកនាំ​ដោយ​លោក ចៅ ភិ​រិ​ទ្ធ នា​ពេល​នេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត​សូម​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​វត្តមាន Rotary Club ដែល​បាន​ខិតខំ​បង្កើត​នូវ​ជំនួយ​មនុស្សធម៌​នានា​កន្លង​មក ដូច​ជា​ការ​សាងសង់​អាគារ​មណ្ឌល​សុខភាព​ឃុំ​ឈើទាល ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​សាងសង់​អាគារ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​វិស័យ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជនបទ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ចៅ ភិ​រិ​ទ្ធ និង​គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង តាម​រយៈ DK Maternal & Child Health Center ផង​ដែរ ។

នេះ​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង សម្រាប់​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង រដ្ឋបាល​ខេត្តស្វាយរៀង​ក្នុង​នាម​តំណាង​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដែល​បាន​ផ្តល់​ជំនួយ សាងសង់​អាគារ​មណ្ឌល​សុខភាព​ឃុំ​ឈើទាល និង​សាងសង់​អាគារ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ ផ្តល់​ជូន​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ ចូល​ពិនិត្យ​ព្យាបាល​សុខភាព ក្នុង​នាម​អាជ្ញាធរ​ខេត្តស្វាយរៀង​និង​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ សូម​ជូនពរ​ដល់​ឯកឧត្តម​គណប្រតិភូ និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង សូម​មាន​សុខភាព​ល្អ និង​ពុទ្ធ​ពរ​បួន​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ