រាជធានីភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ស្អែកនេះនឹងដាក់ដំណើរការស្ថានីយបូមទឹកស្វាយប៉ាកមួយកន្លែង ដោយសង្ឃឹមថា ស្ថានីយមួយនេះនឹងអាចរំដោះទឹកលិចលង់នៅខាងជើងរាជធានីភ្នំពេញ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖«ចាប់ពីថ្ងៃស្អែកតទៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ការដ្ឋាននឹងដាក់អោយដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន២គ្រឿង អង្កត់ផ្ចិតទំហំ១ម នៅស្ថានីយបូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ» ។
ការលើកឡើងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពីការដាក់ដំណើរការស្ថានីយបូមទឹកនេះ ដោយសារទឹកទន្លេឡើងនីវ៉ូខ្ពស់ និងដោយមានករណីព្យុះភ្លៀង៥ថ្ងៃជាប់ៗគ្នាមកនេះបានបង្កអោយភ្លៀងធ្លាក់ខ្លាំងមានកម្ពស់រហូតដល់២៣៤ មម បានបណ្តាលអោយទឹកជន់លិច នៅតំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។ មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ស្ទើរគ្រប់ទីកន្លែង ។
ប្រភពបញ្ជាក់ថា៖«គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ការសាងសង់ស្ថានីយបូមទឹកថ្មីស្វាយប៉ាក សម្រេចបាន៩៦% និងសាងសង់ស្ថានីយបូមទឹកបន្ថែម សម្រេចបាន២៥% ដែលគម្រោងទាំង២នេះនឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ»៕
ចែករំលែកព័តមាននេះ