ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុបបេក្ខជនអវត្តមាន២៣៦៤នាក់ និងបញ្ហាសុខភាព៤៤នាក់ និង៤នាក់បោះបង់ការប្រឡង

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ដំណើរការ​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ដំណើរការ​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ ខណៈ​បេក្ខជន​អវត្តមាន​សរុប​២.៣៦៤​នាក់ និង​មាន​បញ្ហា​សុខភាព​ចំនួន​៤៤​នាក់ និង​៤​នាក់​បោះបង់​ការ​ប្រឡង ។

យោង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា «​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ ពេល​ព្រឹក​មាន​ពីរ​មុខ​វិជ្ជា​គឺ អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា (​ថ្នាក់​វិទ្យាសាស្ត្រ​) និង​គណិត​វិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា (​វិទ្យាសាស្ត្រ​សង្គម​) បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​» ។

ក្រសួង​បន្ថែម​ថា នា​ព្រឹក​ថ្ងៃ​ទី​២​នេះ បេក្ខជន​អវត្តមាន​សរុប​២.៣៦៤​នាក់ ស្រី​៩០៧​នាក់ (​កើន​លើស​ថ្ងៃ​ទី​៨ ខែតុលា ចំនួន​៤៦​នាក់​) ក្នុង​នោះ​បេក្ខជនស្វៃរិន​អវត្តមាន​ចំនួន​១.៩៥៥​នាក់ ។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៤៤​នាក់ ក្នុង​នោះ​៤​នាក់​បោះបង់​ការ​ប្រឡង ៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ក្នុង​បន្ទប់​ដាច់​ដោយឡែក និង​រងគ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ ។

អនុរក្ស អប្បមាទ និង​គណៈកម្មការ ដែល​មាន​បញ្ហា​សុខភាព​មាន​ចំនួន​១០​នាក់ (​ករណី​គ្រុនពោះវៀន និង​លើសឈាម​) ។ អនុរក្ស​អនុវត្ត​ខុស​បទបញ្ជា​មាន​២​ករណី (​អនុរក្ស​១​នាក់ ប្រើ​ទូរស័ព្ទ​ថត​វិញ្ញាសា នៅ​មណ្ឌល​វិទ្យាល័យ​វឌ្ឍនៈ​ឈូង​លាភ ខេត្តកណ្តាល និង​អនុរក្ស​១​នាក់​យក​ទូរស័ព្ទ​ចូល​បន្ទប់​ប្រឡង នៅ​មណ្ឌល អនុ​វិទ្យាល័យ​ចតុមុខ រាជធានី​ភ្នំពេញ​) ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង ។ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ ប្រធាន​អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហការ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

ក្រសួង​លើក​ឡើង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.០៤០​នាក់ (​ស្រី​៧៤.៨៨២ នាក់​) ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៣៩៣៥៨ នាក់ (​ស្រី​២៣.៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៩៧.៦៨២ នាក់ (​ស្រី​៥១.១៦៧ នាក់​) ។

បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១៥៧ មណ្ឌល ត្រូវជា​៣.៩៣១ បន្ទប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ