ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កសិករ និង​អ្នក​នាំ​ចេញ​ស្រូវ​ក៏​ដូច​ជា អង្ករ​សូម​ប្រុងប្រៀប​ខ្លួន​ឲ្យ​ហើយពី​ព្រោះ​ឥណ្ឌា​ដែល​បាន​ដាក់​បម្រាម​នាំ​ចេញ​អង្ករ ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ពេល​នេះ បាន​ប្រកាស​ដក​បម្រាម​នោះ​ចេញ​វិញ​ហើយ ។ តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ឥណ្ឌា​ប្រកាស​ដក​បម្រាម​នាំ​ចេញ​អង្ករ​នេះ​ភ្លាម តម្លៃ​អង្ករ​សរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ភ្លាម​ៗ ។…

កសិករ និង​អ្នក​នាំ​ចេញ​ស្រូវ​ក៏​ដូច​ជា អង្ករ​សូម​ប្រុងប្រៀប​ខ្លួន​ឲ្យ​ហើយពី​ព្រោះ​ឥណ្ឌា​ដែល​បាន​ដាក់​បម្រាម​នាំ​ចេញ​អង្ករ ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ពេល​នេះ បាន​ប្រកាស​ដក​បម្រាម​នោះ​ចេញ​វិញ​ហើយ ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ឥណ្ឌា​ប្រកាស​ដក​បម្រាម​នាំ​ចេញ​អង្ករ​នេះ​ភ្លាម តម្លៃ​អង្ករ​សរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ភ្លាម​ៗ ។ សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា តម្លៃ​អង្ក​រស​ក្នុងស្រុក​របស់​ថៃ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​បាន​បន្ត​ការ​នាំ​ចេញ​អង្ក​រស ដែល​មិនមែន​ប្រភេទ​អង្ករ​បាស​ម៉ា​ទី ។

មក​ដល់​ពេល​នេះ​នៅ​ពេល​ដែល​ឥណ្ឌា​ប្រកាស​ដក​បម្រាម​ចេញ​ភ្លាម​ពិភពលោក ត្រូវ​គេ​បាន​ប៉ាន​ប្រមាណ​ថា នឹង​មាន​បរិមាណ​ស្តុក​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ពី​៥​ទៅ​៦​លាន​តោន​នៅ​ក្នុង​១​ឆ្នាំ ។ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ អង្ក​រស​បាក់​៥​ភាគរយ របស់​ឥណ្ឌា​ត្រូវ​បាន​ប្រកាស​នាំ​ចេញ​ត្រឹម​តម្លៃ​ប្រហែល​៤៩០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​តោន ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​បាក់​៥​ភាគរយ របស់​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​ពី ៥៥០​ដុល្លារ​ទៅ​៥២០​ដុល្លារ​ក្នុង​មួយ​តោន ។

គិត​ត្រឹម​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ តម្លៃ​ស្រូវ​សើម​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រកាស​នៅ​តែ​មាន​តម្លៃ​សមរម្យ ដោយ​មួយ​គីឡូក្រាម​អាច​លក់​ចេញពី​១០០០​រៀល​ទៅ​១.២៤០ រៀល ខណៈ​ដែល​មុន​នេះ ២​ខែ​តម្លៃ​អង្ករ​បាក់​៥​ភាគរយ​របស់​កម្ពុជា គឺ​មាន​តម្លៃ​ពី​៦៥០ ដុល្លារ​ទៅ​ដល់​១.៤០០ ដុល្លារ​នៅ​ក្នុង​មួយ​តោន​ទៅ​តាម​ប្រភេទ​អង្ករ ។

អង្ករ​បាក់​៥​ភាគរយ​ជា​ប្រភេទ​អង្ក​រស​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​ប្រមាណ​ជា​៦៥០​ដុល្លារ​ទៅ​៦៧០ ដុល្លារ នៅ​ក្នុង​មួយ​តោន ។តាម​ទិន្នន័យ statista.com មក​ដល់​ពេល​នេះ នៅ​លើ​ពិភពលោក​នៅ​ក្នុង​ចំណោម​កំពូល​ប្រទេស​ទាំង​១០ នៃ​កា​នាំ​ចេញ​អង្ករ​ទោះបីជា​កម្ពុជា​មិន​ឈរ​នៅ​លេង​រៀង​ទី​១​មែន តែ​កម្ពុជា​ក៏​ស្ថិត​នៅ​លំដាប់​កំពូល​មួយ​ដែរ ។ នៅ​ក្នុង​តារាង​ឥណ្ឌា​លេខ​១ ថៃ​លេខ​២ វៀតណាម​លេខ​៣ ប៉ា​គី​ស្ថាន​លេខ​៤ អា​មេ​រិ​ក​លេខ​៥ ចិន​លេខ​៦ ហើយ​កម្ពុជា​លេខ​៧ មី​យ៉ា​ន់​ម៉ា​លេខ​៨ ប្រេ​ស៊ី​លលេ​ខ​៩ និង​អ៊ុយ​រ៉ា​ហ្គា​យ​លេខ​១០ ។

តាម​តួលេខ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដល់​៨​ខែ​នៃ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន​៤១២.០២៣ តោន​នៅ​ក្នុង​តម្លៃ ៣០៥ លាន​ដុល្លារ​ទៅ​ប្រទេស ៦៤ តែ​ស្រូវ គឺ​អាច​នាំ​ចេញ​បាន​ដល់​ទៅ​៣,៣​លាន​តោន ដែល​មាន​តម្លៃ​៩១៨ លាន​ដុល្លារ ។
នេះ គឺជា​សក្តានុពល​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​សម្រេច​បាន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមិទ្ធផល​នេះ​បាន​សម្រេច​បាន គឺ​នៅ​ក្នុងអំឡុងពេល​ដែល​ឥណ្ឌា​ដែល​ជាទី​ផ្សារ​អង្ករ​ធំ​បំផុត​រឹតត្បិត​ការ​នាំ​ចេញ ដោយសារ​តែ​បញ្ហា​អសន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស តែ​ពេល​នេះ​ឥណ្ឌា​ដក​បម្រាម​វិញ ដូច្នេះ​ផល​ប៉ះពាល់​នឹង​មាន​ទោះ​ដោយ​ប្រយោល​ក្តី ។

គេ​ដឹង​ថា មក​ដល់​ពេល​នេះ​ទីផ្សារ​អង្ករ​កម្ពុជា​ភាគច្រើន គឺជា​ទីផ្សារ​អង្ករ​ប្រណីត​ដែល​មាន​តម្លៃ​ថ្លៃ​ព្រោះ​គុណភាព​វា​មិនសូវ​ចោទ​ទេ ប៉ុន្តែ​ស្រូវ​អាច​មាន​បញ្ហា​ពីព្រោះ​ស្រូវ​ភាគច្រើន ដែល​ប្រទេស​ជិតខាង​មក​ទិញ ពី​កម្ពុជា​អាច​ជា​ប្រភេទ​ស្រូវ​ផ្តល់​អង្ក​រស ដែល​ងាយស្រួល​លក់​ងាយស្រួល​ដាំ​ឆាប់​បាន​ផល ។

នៅ​ក្នុង​រយៈពេល​៩ ខែ​នៃ​ឆ្នាំ​២០២៤ នេះ​វៀតណាម​នាំ​ចេញ​អង្ករ​បាន​ជាង​៧ លាន​តោន នៅ​ក្នុង​តម្លៃ​សរុប ៤,៣៧ ពាន់​លាន​ដុល្លារ ហើយ​ជា​មធ្យម​តម្លៃ​អង្ករ​វៀតណាម​លក់​ចេញ បាន​មួយ​តោន​៦២៤ ដុល្លារ តែ​ក្រោយ​ពេល​ដែល​ឥណ្ឌា​បើក​ទីផ្សារ​អង្ករ​វិញ តម្លៃ​អង្ករ​វៀតណាម​ធ្លាក់​ចុះ​ស្រឹប​ដែរ ។

តាម​សារព័ត៌មាន VN Express បាន​រាយការណ៍​ថា អង្ករ​វៀតណាម​នាំ​ចេញ​នៅ​ខែកញ្ញា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ ៥៤៨ ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​តោន គឺ​ធ្លាក់​ចុះ​ជាង​៧០ ដុល្លារ ។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ត្រៀមខ្លួន​ទុកជា​មុន ដើម្បី​លៃលក​ឬ​ចាត់វិធានការ​ណ៍ ពីព្រោះ​តែ​ស្រូវ​/​អង្ករ​ធ្លាក់​ថ្លៃ កសិករ និង​អ្នក​នាំ​ចេញ ក៏​ដូច​ជា​អ្នក​រកស៊ី​អង្ករ​នឹង​ស្រែក​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ