តារាហូលីវូដដ៏ល្បី១រូប បង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រណាំងរថយន្តអាជីព
សហរដ្ឋអាមេរិក ៖ លោក Keanu Reeves តារាភាពយន្តហូលីវូដដ៏ល្បី បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រណាំងរថយន្តអាជីពកម្មវិធី Toyota GR Cup…
សហរដ្ឋអាមេរិក ៖ លោក Keanu Reeves តារាភាពយន្តហូលីវូដដ៏ល្បី បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រណាំងរថយន្តអាជីពកម្មវិធី Toyota GR Cup…
សហរដ្ឋអាមេរិក ៖ លោក Keanu Reeves តារាភាពយន្តហូលីវូដដ៏ល្បី បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រណាំងរថយន្តអាជីពកម្មវិធី Toyota GR Cup ដែលរៀបចំឡើងនៅទីលានដ៏ល្បីរបស់សហរដ្ឋអាមេរិក Indianapolis Motor Speedway ស្ថិតក្នុងរដ្ឋ Indiana កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមប្រភព Sky Sports News និង CBS News បានចេញផ្សាយ។
នៅក្នុងការប្រកួតនោះ លោក Keanu Reeves ស្ថិតក្នុងរថយន្តពណ៌ក្រហមពាក់ស្លាក់លេខ៩២ ក្នុងចំណោមរថយន្តប្រកួតសរុបចំនួន៣៥គ្រឿង ខណៈដែលការប្រកួតប្រជែងដំណើរការបាន៤៥នាទីរួចទៅហើយ ស្រាប់តែរថយន្តតារាហូលីវូដតួឯកក្នុងខ្សែភាពយន្តដ៏ល្បីលំដាប់ពិភពលោក The Matrix និង John Wick វ័យ៦០ឆ្នាំរូបនេះ ដែលកំពុងតែប្រជែងជាមួយនឹងគូប្រកួតផ្សេងទៀត បែរជារេចង្កូតបន្តិចធ្លាក់ផ្លូវចូលទៅស្មៅក្បែរនោះ ប៉ុន្តែពុំបានរងការប៉ះទង្គិចអ្វី ដែលបង្កឱ្យតារាសម្តែងរូបនេះគ្រោះថ្នាក់ ឬរងរបួសនោះទេ។ ភ្លាមៗ លោក Reeves ក៏បានបន្តព្យាយាមបញ្ជារថយន្តចូលផ្លូវប្រណាំងវិញ និងបន្តរហូតបញ្ចប់ទីនៅក្នុងចំណាត់ថ្នាក់ទី ២៥។
លោក Reeves ដែលក្រៅពីតារាសម្តែង ក៏ជាតន្ត្រីករ អ្នកនិពន្ធ និងអ្នកដឹកនាំការផលិតផងនោះ ក៏បានបញ្ចប់នៅចំណាត់ថ្នាក់ទី២៤ នៅក្នុងការប្រណាំងលើកទី២របស់គាត់ នៅមួយថ្ងៃបន្ទាប់ ពោលគឺកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ដោយដៃគូសហការក្នុងក្រុមតែមួយរបស់លោក Reeves គឺលោក Cody Jones ដែលជាអ្នកផលិតមាតិការយូធូបដ៏ល្បីឈ្មោះមកពីក្រុម «Dude Perfect» ថែមទៀតផង។
ការប្រកួតកម្មវិធី Toyota GR Cup គឺជាការប្រណាំងដំណាក់កាល ដែលផ្តោតលើភាពស្ទាត់ជំនាញសម្រាប់អ្នកចូលចិត្តការប្រណាំងរថយន្ត Spec-Racing នៅទីលាន Indianapolis Motor Speedway។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ សម្រាប់លោក Keanu Reeves នៅក្នុងការប្រកួតប្រណាំងរថយន្ត ដោយលោកធ្លាប់មានបទពិសោធន៍ប្រណាំងពីមុននៅក្នុងកម្មវិធី Toyota Grand Prix នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ ២០០៩ ដែលជាការប្រណាំងមានការចូលរួមពីសំណាក់បុគ្គលល្បីឈ្មោះជាច្រើន ហើយនៅទីនោះលោក Reeves បានឈ្នះជើងឯកនៃការប្រកួតថែមទៀតផង៕ (ប្រភព ៖ Sky Sports News, CBS News, Indianapolis Motor Speedway និង Hypebeast)
ចែករំលែកព័តមាននេះ