ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាប្រណាំងសេះអាយុកាលជាង១៨០ឆ្នាំ លែងមាននៅសិង្ហបុរី ក្រោយរដ្ឋត្រូវការដីសង់ផ្ទះ

1 អាទិត្យ មុន

ប្រទេសសង្ហិបុរី ៖ ការប្រណាំងសេះ ដែលមានអាយុកាល១៨១ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរីបានបញ្ចប់ការប្រកួតលើកចុងក្រោយបង្អស់របស់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈក្លិបទីលានប្រណាំងសេះ Singapore Turf Club…

ប្រទេសសង្ហិបុរី ៖ ការប្រណាំងសេះ ដែលមានអាយុកាល១៨១ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរីបានបញ្ចប់ការប្រកួតលើកចុងក្រោយបង្អស់របស់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈក្លិបទីលានប្រណាំងសេះ Singapore Turf Club ដែលជាទីលានប្រណាំងសេះតែមួយគត់របស់ប្រទេសសិង្ហបុរី បានរៀបចំការប្រណាំងលើកចុងក្រោយបង្អស់របស់ខ្លួន មុនពេលប្រគល់ទីលានទៅឱ្យរដ្ឋាភិបាលវិញ ដើម្បីបង្កើតកន្លែងសាងសង់លំនៅដ្ឋានថ្មី ក្រោមហេតុផលខ្វះខាតដីធ្លី។

ការប្រណាំងសេះចុងក្រោយបង្អស់របស់ក្លិបទីលានប្រណាំងសេះ Singapore Turf Club មានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកស្នេហាវិស័យមួយនេះ គ្រប់លំដាប់ថ្នាក់ទាំងជាតិ និងអន្តរជាតិ។ ហើយម្ចាស់ជ័យជម្នះសម្រាប់ការប្រណាំងចុងក្រោយបង្អស់នៃពានរង្វាន់ Grand Singapore Gold Cup ដែលមិនធ្លាប់មានពីមុនមកនោះ បានទៅលើកីឡាករ Muzi Yeni។ ហើយបើទោះជាឈ្នះសម្រាប់ការប្រណាំងដ៏ពិសេសនេះក៏ដោយ ក៏កីឡាករជនជាតិអាហ្រ្វិកខាងត្បូងរូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយចំពោះការបាត់បង់ទីលានដែលធ្លាប់ចែករំលែកការប្រណាំងដល់អ្នកទស្សនាជាច្រើន ដូចដែលបានកើតឡើងនៅថ្ងៃចុងក្រោយនេះ ដោយរូបគេបានថ្លែងក្នុងបទសម្ភាសក្រោយថា «ខ្ញុំចង់ឱ្យរដ្ឋាភិបាលសិង្ហបុរិពិនិត្យមើលម្តងទៀត ប្រសិនបើខ្ញុំនិយាយច្រើន»។

ផ្ទៃដីជាង១២០ហិចតា នឹងត្រូវឈូសឆាយសម្រាប់សាងសង់ផ្ទះសាធារណៈ និងឯកជនថ្មី ខណៈប្រទេសសិង្ហបុរីដែលមានផ្ទៃដីតូចជាងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កំពុងតែព្យាយាមដោះស្រាយលើរឿងកំណើនប្រជាជនរបស់ខ្លួន ដែលកំពុងកើនឡើងលើសពី៦លាននាក់នៅឆ្នាំនេះ។ រដ្ឋាភិបាលបានអះអាងថា ការសម្រេចចិត្តធ្វើបែបនេះ គឺជាការចាំបាច់បំផុត ដើម្បីធានាថាមានដីធ្លីគ្រប់គ្រាន់សម្រាប់មនុស្សជំនាន់ក្រោយ។ ដ្បិតជាង ៨០% នៃប្រជាជនសរុបរបស់ប្រទេសសិង្ហបុរីមានផ្ទះសម្បែងផ្ទាល់ខ្លួន ដោយសារតែប្រព័ន្ធលំនៅដ្ឋានសាធារណៈដែលលក់ផ្ទះល្វែងសាងសង់ដោយរដ្ឋាភិបាលផ្ទាល់ទៅប្រជាពលរដ្ឋក្នុងតម្លៃធូរ ឬតម្លៃឧបត្ថម្ភធន។

ការសម្រេចចិត្តបញ្ចប់ការប្រណាំងសេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលតាមរយៈសហគមន៍ប្រណាំងសេះ និងហ្វឹកហាត់ នៅពេលដែលត្រូវបានប្រកាសកាលពីឆ្នាំមុន ស្របពេលដែលមានការធ្លាក់ចុះប្រជាប្រិយភាពកីឡានេះក្នុងប្រទេសសិង្ហបុរីរួចទៅហើយ។ ចំនួនអ្នកទស្សនាបានធ្លាក់ចុះជាមធ្យមភាគពីថ្ងៃប្រណាំងចំនួន ១១,០០០នាក់ក្នុងឆ្នាំ ២០១០ មកនៅត្រឹមប្រហែល ៦ពាន់នាក់ក្នុងឆ្នាំ ២០១៩ ពោលគឺមុនពេលផ្ទុះកូវីដ-១៩។ ប៉ុន្តែការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទាក់ទាញអ្នកទស្សនាប្រហែល ១ម៉ឺននាក់ ដែលស្មើនឹងមួយភាគបីនៃសមត្ថភាពផ្ទុះរបស់ទីលាន។ បច្ចុប្បន្ននេះ ប្រភេទកីឡាករប្រណាំងនៅក្នុងប្រទេសសិង្ហបុរីគ្របដណ្ដប់ដោយការប្រណាំងរថយន្ត Formula 1 ប្រចាំឆ្នាំ ដែលកាលពីខែកញ្ញាកន្លងទៅបានទាក់ទាញអ្នកទស្សនាជិត ២៧០,០០០នាក់ ដោយមកជាមួយការប្រគុំតន្ត្រីរយៈពេលប៣ថ្ងៃដ៏អស្ចារ្យរបស់ខ្លួនផងដែរ។

គួររំលឹកជូនថា Singapore Turf Club ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៤២ ដោយពាណិជ្ជករជនជាតិស្កុតឡេន លោក William Henry Macleod Read និងអ្នកគាំទ្រប្រណាំងសេះដទៃផ្សេងទៀត ហើយបន្ទាប់មកត្រូវបានគេស្គាល់ថា ក្លិបកីឡាប្រណាំងសេះអាជីពរបស់សិង្ហបុរី។ នៅពេលដែលកីឡានេះ កាន់តែមានប្រជាប្រិយភាព ក្លិបបានផ្លាស់ប្តូរទៅកាន់ទីតាំងធំជាងមុន នៅតំបន់ Bukit Timah ភាគខាងលិច ប្រទេសសិង្ហបុរី មុនស្ថិតនៅលើទីតាំងបច្ចុប្បន្នក្នុងតំបន់ Kranji ភាគពាយ័ព្យ ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន៣ម៉ឺននាក់។

ក្លិបបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងរយៈពេលជាង ១៨០ឆ្នាំកន្លងមកនេះ កីឡាប្រណាំងសេះបានទាក់ទាញនៅក្នុងភាពស្មោះត្រង់ ភាពល្បីល្បាញ អ្នកគាំទ្រការប្រណាំង និងការចង់ដឹងចង់ឃើញពីជុំវិញពិភពលោក»។

ម្ចាស់ក្សត្រី អេលីហ្សាបែតទី២ (Elizabeth II) ដែលត្រូវបានស្គាល់ថា ស្រឡាញ់ការប្រណាំងសេះខ្លាំងបំផុតនោះ ទ្រង់ធ្លាប់មានព្រះវត្តមានផ្ទាល់មកកាន់ក្លិបមួយនេះ អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ ១៩៧២ ហើយព្រឹត្តិការណ៍មួយត្រូវបានគេដាក់ឈ្មោះតាមព្រះនាមទ្រង់ ខណៈដែលទ្រង់មានព្រះវត្តមានមកកាន់ទីក្លិបនេះជាលើកទី២ ជាមួយព្រះអង្គម្ចាស់ហ្វីលីព (Philip) នៅក្នុងឆ្នាំ ២០០៦៕ (ប្រភព ៖ Bloomberg និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ