រាជធានីភ្នំពេញ ៖ ឪពុកម្តាយដែលមានកូនច្រើនដឹងថា ការឈ្លោះប្រកែកគ្នារវាងបងប្អូនបង្កើត គឺជារឿងធម្មតានៃកុមារភាព ។ ទោះជាបែបនេះក្ដី ជម្លោះគ្រួសារដែលបន្តកើតមាន ឬកើនឡើងមិនឈប់មិនមែនជារឿងល្អនោះទេ ។ មានវិធីសាស្ត្រជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនបង្កើតស្រឡាញ់គ្នា ៖
១. ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយកូនម្នាក់ៗ ៖ ជារឿយៗ ក្មេងៗឈ្លោះគ្នាដើម្បីទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ។ ការមានទំនាក់ទំនងល្អរវាងឪពុកម្តាយ និងកូន គឺជាកត្តាសំខាន់ក្នុងការដោះស្រាយការប្រជែងគ្នារវាងបងប្អូនបង្កើត ។ សូមព្យាយាមកំណត់ពេលទៀងទាត់ និងផ្តោតអារម្មណ៍មួយទល់មួយជាមួយកូនម្នាក់ៗ (អនុញ្ញាតឱ្យកុមារជ្រើសរើសសកម្មភាពដែលពួកគេចង់ធ្វើ) ។ អ្នកអាចចំណាយពេលត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃឱ្យកុមារម្នាក់ធ្វើអ្វីដែលគេចូលចិត្តជាមួយអ្នកដូចជា រត់ជុំវិញទីធ្លាខាងក្រោយផ្ទះ អានសៀវភៅ លេងអុក ជជែកគ្នា ឬចែករំលែកភាពផ្អែមល្ហែមជាមួយគ្នា ។
២. កុំប្រៀបធៀបកូនរបស់អ្នក ៖ កុមារគ្រប់រូបមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ។ ដើម្បីបង្អាក់ការប្រកួតប្រជែង និងការឈ្លោះគ្នា ចូរចៀសវាងការប្រៀបធៀបបងប្អូននឹងគ្នា ។ ផ្ទុយទៅវិញអបអរសាទរចំពោះចំណាប់អារម្មណ៍ និងលក្ខណៈពិសេសរបស់កុមារម្នាក់ៗ ហើយឱ្យពួកគេដឹងរឿងទាំងនោះ ។
៣. រៀបចំការប្រជុំគ្រួសារ ៖ សម្របសម្រួលការប្រាស្រ័យទាក់ទងបើកចំហអំពីការរំពឹងទុក គោលដៅ និងសមិទ្ធផលរបស់គ្រួសារ ដើម្បីជួយទប់ស្កាត់ជម្លោះបងប្អូនបង្កើត ។ អ្នកអាចរៀបចំការប្រជុំគ្រួសារប្រចាំសប្តាហ៍ ឬខែ ក្នុងរយៈពេលត្រឹម ២០-៣០ នាទី ហើយរក្សាសំឡេងវិជ្ជមានជានិច្ច ។ អនុញ្ញាតឱ្យសមាជិកគ្រួសារនីមួយៗមានឱកាសនិយាយដោយមិនរំខាន ។
៤. សរសើរអាកប្បកិរិយាល្អ ៖ នៅពេលកូនរបស់អ្នកលេងជាមួយគ្នាដោយសហការ និងក្តីស្រឡាញ់ ចូរសរសើរអាកប្បកិរិយារបស់ពួកគេ ។ អនុញ្ញាតឱ្យពួកគេដឹងថា តើធ្វើឱ្យអ្នកសប្បាយចិត្តប៉ុនណាដែលបានឃើញកូនៗស្រឡាញ់គ្នា ។
៥. ចំណាយពេលបន្តិច មុននឹងធ្វើអន្តរាគមន៍ ៖ ទោះបីជាវាគួរឱ្យចង់ស្រែក និងខឹងកូន ហើយលោតចូលទៅដោះស្រាយ ឬឱ្យកូនទៅបន្ទប់របស់ពួកគេ នៅពេលដែលការឈ្លោះប្រកែកគ្នាកើតឡើង សូមចំណាយពេលមួយភ្លែត និងដកដង្ហើមវែងៗពីរបីដង មុនពេលធ្វើអន្តរាគមន៍ ។ ការឆ្លើយតបដំបូងរបស់អ្នកអាចប៉ះពាល់ដល់ដំណោះស្រាយ និងលទ្ធផល ។ ចូរទប់អារម្មណ៍ រក្សាកម្រិតសំឡេង និងអារម្មណ៍របស់អ្នកឱ្យត្រជាក់ និងស្ថិតក្នុងការត្រួតពិនិត្យ ។ ម្យ៉ាងវិញទៀត សូមពិចារណាថា តើការអន្តរាគមន៍ពីអ្នកពិតជាចាំបាច់ ឬអត់ ពីព្រោះជម្លោះទាំងអស់មិនតម្រូវឱ្យអ្នកចូលជួយ ឬដោះស្រាយនោះទេ ។ ពេលខ្លះ កុមារទទួលបានអត្ថប្រយោជន៍ពីការដោះស្រាយជម្លោះរបស់ពួកគេផ្ទាល់ ។
៦. ជៀសវាងកាន់ជើងកូនម្ខាង ៖ ពេលខ្លះ វាច្បាស់ណាស់ថា កូនរបស់អ្នកធ្វើខុស ប៉ុន្តែការប្រកាន់ជំហរបែបនេះក្នុងពេលក្តៅគគុកនឹងមិនអាចជួយបានទេ ។
៧. ទទួលស្គាល់អារម្មណ៍កូន ៖ នៅពេលដែលជម្លោះបងប្អូនបង្កើតទាមទារឱ្យមានការចូលរួមពីឪពុកម្តាយ សូមចាប់ផ្តើមដោយទទួលស្គាល់អារម្មណ៍របស់កុមារម្នាក់ៗ ។ នេះប្រហែលជាសាមញ្ញដូចជាការនិយាយថា ប៉ាយល់ថា កូនពិតជាតូចចិត្តនឹងប្អូនស្រីរបស់កូន ឬប៉ាពិតជាដឹងថា កូនខឹងបងរបស់កូន ។
៨. ណែនាំបងប្អូនឱ្យស្តាប់គ្នាទៅវិញទៅមក ៖ សុំឱ្យកុមារម្នាក់ៗចែករំលែកបទពិសោធន៍របស់ពួកគេ ខណៈពេលដែលអ្នកផ្សេងទៀតស្តាប់ ហើយបន្ទាប់មកឱ្យកុមារផ្សេងទៀតចែករំលែក ។ ការស្តាប់គ្នាទៅវិញទៅមក គឺជាជំហានដ៏សំខាន់មួយសម្រាប់កុមារក្នុងការឆ្ពោះទៅរកការអភិវឌ្ឍជំនាញដោះស្រាយជម្លោះដោយខ្លួនឯង ៕ ប្រភព ៖ sandiegofamily
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ