ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញដំរីព្រៃមួយក្បាលបានស្លា.ប់ នៅខេត្តមណ្ឌលគីរី

19 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ ឬ​ដំរី​អាស៊ី​ឈ្មោល​ចំនួន​០១​ក្បាល អាយុ​ប្រហែល​៣០​ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ​៣​តោន ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​រណ្ដៅ​គ្រាប់បែក ដែល​បន្សល់​ទុក តាំងពី​សម័យ​សង្គ្រាម​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ ឬ​ដំរី​អាស៊ី​ឈ្មោល​ចំនួន​០១​ក្បាល អាយុ​ប្រហែល​៣០​ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ​៣​តោន ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​រណ្ដៅ​គ្រាប់បែក ដែល​បន្សល់​ទុក តាំងពី​សម័យ​សង្គ្រាម​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​បង្ហោះ ។

លោក ឌិន ប៊ុ​ន​ធឿ​ន ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​អង្គការ WCS និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អន្តរាគមន៍​ស្រង់​ដំរីព្រៃ ពីរ​ណ្តៅ​ដី រួច​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​ដោយ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ។

ក្រុមការងារ​ជំនាញ នៅ​លើ​ទីតាំង​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ដំរីព្រៃ​មួយ​ក្បាល​នេះ ប្រហែល​ជាប់ផុង​មួយ​រយៈពេល​មុន​នឹង​ស្លា​.​ប់​ក្នុង​យៈ​ពេល​១​ថ្ងៃ​ទៅ​២​ថ្ងៃ មុន​ពេល​អ្នកស្រុក​បាន​ប្រទះ​ឃើញ និង​បាន​រាយការណ៍​មក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ។

តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ស​.​ព​ដំរី មាន​ស្នាម​របួស​ជើង​មុខ ហើយ​ជា​ដំរី​មួយ ក្នុង​ចំណោម ហ្វូង​របស់​វា មាន​ចំនួន​ពី​១០​ទៅ​២០​ក្បាល ធ្លាប់​បាន​បង្ហាញខ្លួន​នៅ​តំបន់​នេះ​ម្តង​មក​ហើយ កាលពី​ខែមេសា កន្លង​ទៅ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង និង​ចាត់​ទុក​ការ​ស្លា​.​ប់​ដំរី​១​ក្បាល​នេះ​ថា ជា​ការ​បាត់បង់​ធនធានធម្មជាតិ​ដ៏​មាន​សារៈសំខាន់ ។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ ឬ​ដំរី​អាស៊ី នៅ​តាម​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​បង្ហាញខ្លួន​ញឹកញាប់ និង​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែល​បង្ហាញ​ពី​លទ្ធផល​បញ្ជាក់​ថា ពួក​វា​រស់នៅ​សុខសាន្ត និង​បង្កើត​កូនចៅ​ជា​បន្តបន្ទាប់ ហើយ​អាច​បញ្ជាក់​បាន​ថា ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវៈចម្រុះ ធានា​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បរិស្ថាន​បាន​ល្អ​ប្រសើរ នៅ​តាម​ប្រព័ន្ធ​ការពារ​ធម្មជាតិ ។

ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពង្រឹង​កិច្ចសហការ​ពី​អ្នក​ពាក់ព័ន្ធ​ក៏​ដូច​ជា ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​ជា​ពិសេស​ការ​ការពារ​ទីជម្រក​របស់រប​ស់វា ។ ក្រៅពី​ជំរុញ​សកម្មភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការ​ស្តារ​ទីជម្រក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ជំរុញ​ឱ្យ​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី កុំឱ្យ​មានការ​ប្រមាញ់​សត្វព្រៃ​ជា​ចាំបាច់ និង​ជួយ​បង្កើន​នូវ​ជម្រក​បៃតង គឺ​បង្កើន​គម្រប​ព្រៃ​សម្រាប់​ការ​រស់នៅ​សុខសាន្ត​របស់​ជីវៈចម្រុះ​ដូច​ជា ភេទ​សត្វ​ដំរី​ជាដើម ។

សូម​បញ្ជាក់​ថា ដំរីព្រៃ ឬ​ដំរី​អាស៊ី គឺជា​ប្រភេទ​សត្វ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកលលោក ។ ដំរី​នៅ​អាស៊ី មាន​ប្រមាណ​ពី​៤០០០០​ទៅ​៥០០០០​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សព្វថ្ងៃ​ក្នុង​នោះ​ប្រហែល​៧៥​ភាគរយ រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ស្រី​លង្កា ។

យោង​តាម​ការ​សិក្សា DNA លើ​ចំនួន​សត្វ​ដំរីព្រៃ​របស់​មន្ត្រី​ជំនាញ ក្រសួងបរិស្ថាន សហការ​ជាមួយ​ដៃគូ​នា​ពេល​កន្លង​មក ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​៣៥០​ក្បាល កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ ។ ចំណែក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដំរី​អាស៊ី​មាន​ប្រមាណ​ពី​៤០០ ទៅ​៦០០​ក្បាល​ដែល​ភាគច្រើន រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ