ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំមើលទៀតតើភាគីណាឈ្នះ? ផ្អើលឈុលនៅមុខសាលាដំបូងរឿងទិញផ្ទះក្នុងបុរី

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃមុននេះគេបានសង្កេតឃើញលោកឧកញ៉ាម្នាក់ឈ្មោះ អែល សារ៉ុម ស្ពាយឯកសារទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារប្រាក់ប្រមាណជាង២ មុឺនដុល្លារអាមេរិកពីក្រុមហ៊ុនលក់អចលនទ្រព្យ «ផ្ទះល្វែង» និងបានផ្តល់បទសម្ភាស៍ដល់អ្នកសារ…

រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃមុននេះគេបានសង្កេតឃើញលោកឧកញ៉ាម្នាក់ឈ្មោះ អែល សារ៉ុម ស្ពាយឯកសារទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារប្រាក់ប្រមាណជាង២ មុឺនដុល្លារអាមេរិកពីក្រុមហ៊ុនលក់អចលនទ្រព្យ «ផ្ទះល្វែង» និងបានផ្តល់បទសម្ភាស៍ដល់អ្នកសារ ព័ត៌មានអនឡាញមួយនោះ ដោយចោទប្រកាន់ទៅលើក្រុមហ៊ុន B&BM Development Co,Ltd បុរីមនោរម្យ ព្រែកតាទែន ដែលមានទីតាំងស្ថិតនៅផ្លូវ ជាតិលេខ៥ ភូមិស្លែងដីដុះ ឃុំព្រែក តាទែន ស្រុកពញាឮ ខេត្តកណ្តាល ថា ខាងបុរីមិនបានផ្តល់ប្លង់កម្មសិទ្ធិជូនរូបលោកជាអតិថិជនទិញផ្ទះល្វែង ក្រោយពីបង់ប្រាក់គ្រប់ចំនួនហើយនោះទេ ។

ចំពោះការលើកឡើងរបស់លោកឧកញ៉ា អែល សារ៉ុម ប្រាប់អ្នកសារព័ត៌មានអនឡាញយ៉ាងដូច្នេះ បានធ្វើ​ឱ្យមានការ​ចាប់អារម្មណ៍ឈុលឡើង ត្រូវបានខាងតំណាងក្រុមហ៊ុនបុរីមនោរម្យព្រែកតាទែន ចាត់ទុក​ថា ជាការនិយាយមូលបង្កាច់ខុសពីការពិតទាំងស្រុង ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះខាងបុរី ខណៈបុរីមិនមែនមិនបានផ្តល់ ឬផ្ទេរឈ្មោះបណ្ណកម្មសិទ្ធិជូនអតិថិជននោះទេ ។ ប៉ុន្តែដោយនីតិវិធីនៃការបំបែកក្បាលដី បច្ចុប្បន្នត្រូវបានក្រុមមន្ត្រីជំនាញសុរិយោដីកំពុងដំណើរការ «ពោលគឺនៅពេលណាប្លង់កម្មសិទ្ធិដីធ្លី ផ្ទះល្វែង នោះធ្លាក់ដល់ដៃក្រុមហ៊ុន ក្រុមហ៊ុននិងប្រគល់ជូនអតិថិជនភ្លាម» ដោយក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យា ដែលច្បាប់បានកំណត់ ។

តំណាងបុរីមនោរម្យ ព្រែកតាទែន បានឲ្យដឹងទៀតថា អ្វីដែលលោកឧកញ៉ា អែល សារ៉ុម បានលើកឡើងប្រាប់អ្នកកាសែតអនឡាញនោះ សុទ្ធតែជារឿងមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារភស្តុតាងយោងអ្វីឡើយ ។ តំណាងក្រុមហ៊ុនសាងសង់បុរីមនោរម្យ ព្រែកតាទែន សូមធ្វើការបដិសេដ្ឋ ចំពោះការចោទប្រាន់នេះទាំងស្រុង និងសូមជំរាបជូនលម្អិតអំពីកិច្ចសន្យាទិញ.លក់ផ្ទះល្វែង ជាមួយអតិថិជន និងលោកឧកញ៉ា អែល សារ៉ុម ដូចខាងក្រោមនេះឲ្យបានជ្រាប ៖ ក្រុម​ហ៊ុន B&BM Development Co,Ltd បុរីមនោរម្យ ព្រែក តាទែន បានចុះកិច្ចសន្យាទិញ-លក់ ជាមួយ លោកឧកញ៉ា អែល សារ៉ុម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នូវផ្ទះល្វែងប្រភេទ3A ផ្ទះលេខ M27 ផ្លូវមនោរម្យ1 ទំហំ4.1m X 14m ទំហំដីស្តង់ដារ 4.1m X 21.5m ជាប្រភេទផ្ទះមានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទឹក៤ កន្លែងទទួលទានអាហារ១ ព្រមទាំងមានប្រព័ន្ធទឹកភ្លើងអគ្គិសនី រួចជាស្រេច ក្នុងតម្លៃសរុប80,350$ ។ លោកឧកញ៉ា អែម សារ៉ុម បានបង់រំលស់បុរីមួយខ្នងនេះ ក្នុង១ខែ សរុប1,339$ មានរយៈពេល៦០ខែ ។

យោងតាមកិច្ចសន្យាទិញ-លក់ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ប្រការ 5.3 បានចែងថា ៖
ភាគី «ក» (បុរីមនោរម្យ ព្រែកតាទែន) ទទួលបន្ទុកធ្វើបណ្ណបំបែកក្បាលដីផ្តល់ជូនភាគី «ខ» (ឧកញ៉ា អែល សារ៉ុម) បន្ទាប់ពីភាគី «ខ» បានបង់ប្រាក់ថ្លៃទិញផ្ទះនិងដីតាមតារាងកាលវិភាគបង់ប្រាក់ ចាប់ពី៣០ខែឡើងទៅ ។ បណ្ណបំបែកក្បាលដី ដែលជាច្បាប់ដើមត្រូវរក្សាទុកនៅភាគី «ក» ហើយច្បាប់ថតចម្លងត្រូវប្រគល់ឲ្យភាគី «ខ» យកទៅប្រើប្រាស់តាមដែលអាចប្រើបាន ។ សោហ៊ុយចំណាយលើការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ការបង់ពន្ធប្រថាប់ត្រា ព្រមទាំងពន្ធដែលពាក់ព័ន្ធទៅនឹងការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (ផ្ទះនិងដី) ជាបន្ទុករបស់ភាគី «ខ» ។ ភាគី «ខ» ត្រូវប្រគល់ប្រាក់ជូន ភាគី «ក» នៅពេលដែលភាគី «ខ» មកផ្តិតមេដៃលើសំណុំឯកសារសុរិយោដី (កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិផ្ទះនិងដី) ។

ដោយឡែក ត្រង់ប្រការ 5.6 នៃកិច្ចសន្យានេះ ក៏បានចែងយ៉ាងច្បាស់ដែរ ថា ៖ ការសាងសង់​ផ្ទះនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងអំឡុងពេល៣០ខែ គិតចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ តទៅ និង មានថិរៈវេលាអនុគ្រោះ៣ខែ ដោយមិនគិតសំណង ។ ករណីការសាងសង់ផ្ទះមានការយឺតយ៉ាវលើសពី៣ខែឡើងទៅ ទើបភាគី «ក» ត្រូវផ្តល់សំណងលើការយឺតយ៉ាវនេះ ជូនភាគី «ខ» ដោយគិតការប្រាក់ចំនួន12% ក្នុង១ឆ្នាំ នៃចំនួនទឹកប្រាក់ដែលភាគី «ខ» បានបង់ ។ ក្នុងករណីប្រធានស័ក្តិដូចជា ទឹកជំនន់ រញ្ជួយដី សង្គ្រាមរ៉ាំរ៉ៃ និង ជំងឺរាតត្បាតផ្សេងៗកើតឡើងដែលបណ្តាលឲ្យមានការរាំងស្ទះដល់ដំណើរការសាងសង់នោះ ភាគី «ក» នឹងមិនទូទាត់សំណងលើការយឺតយ៉ាវក្នុងការសាងសង់នោះឡើយ ។

តំណាងបុរីមនោរម្យ ព្រែកតាទែន បានបកស្រាយបន្ថែមលើប្រការ 5.6 ទៀតថា អំឡុងឆ្នាំ២០១៩ដល់ឆ្នាំ២០២២ គឺ ប្រទេសកម្ពុជាយើងកំពុងជួបប្រទះបញ្ហាជំងឺរាតត្បាតកូវីដ១៩ តែ បុរី មិនបានយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនអតិថិជន នោះទេ ។

ចំណុចសំខាន់មួយទៀតដែលមានឯកសារភស្តុតាងត្រឹមត្រូវនិងការថតសំឡេងច្បាស់លាស់ គឺ នោះ ខាងបុគ្គលិកផ្នែកលក់បានទំនាក់ទំនងទៅលោកឧកញ៉ា អែល សារ៉ុម ឲ្យមកទទួលសោចូលផ្ទះ តាំងពីអំឡុងពាក់កណ្តាល ឆ្នាំ២០២២ មកម្ល៉េះ តែលោកឧកញ៉ា អែល សារ៉ុម បែរជាប្រើលេសដោះសារ ថា ជាប់រវល់រហូត ដោយមិនមកទទួលសោផ្ទះដោយខ្លួនឯង មិនដឹងមូលហេតុអ្វីនោះទេ ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ទើបលោកឧកញ៉ា អែល សារ៉ុម បានមកទទួលផ្ទះតាមលិខិតប្រគល់-ទទួល អចលនទ្រព្យ (ផ្ទះនិងដី ) រួចរាល់ហើយ ស្រាប់តែបែទៅជាដាក់ពាក្យបណ្ដឹងនៅតុលាការ ដោយទាមទារប្រាក់ប្រមាណជាង២មុឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសាងសង់ផ្ទះ ល្វែងនោះទៅវិញ ។

ផ្ទុយទៅវិញ នៅក្នុងនីតិវិធីនៃការបង់ប្រាក់ លោកឧកញ៉ា អែល សារ៉ុម មានការខកខាននិងយឺតយ៉ាវរៀងរាល់ខែ ដែលយោងតាមកិច្ចសន្យាត្រង់ប្រការ៣.១ ក្រុមហ៊ុនត្រូវពិន័យភាគី«ខ»សរុបជាទឹកប្រាក់ចំនួន ១ ៤៤៣ដុល្លារ ហើយលោកឧកញ៉ា អែល សារ៉ុម មិនទាន់បានបង់ប្រាក់ពិន័យនោះនៅឡើយ បែរជាទៅដាក់ពាក្យប្ដឹងទាមទារប្រាក់ពីក្រុមហ៊ុនថែមទៀត ។

មិនតែប៉ុណ្ណោះលោកឧកញ៉ាម្នាក់នោះ បានធ្វើបទសម្ភាសជាមួយអ្នកសារព័ត៌មានអនឡាញ នៅចំពោះមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងចេតនាមួលបង្កាច់បង្ខូចកេរ្ត៍ឈ្មោះក្រុមហ៊ុន ដែលករណីខាងលើនេះក្រុមហ៊ុនកំពង់ពិនិត្យលើនីតិវិធី ដើម្បីប្ដឹងក្នុងរឿងព្រហ្មទ័ណ្ឌតបតវិញ ។

ដូច្នោះបើថ្ងៃក្រោយតុលាការរកឃើញបទល្មើស សមាគមឧកញ៉ាគប្បីមានចំណាត់ការតឹងរុឹងចំពោះបុគ្គលឧកញ៉ា ដែលប្រព្រឹត្តអំពើល្មើសច្បាប់ ជៀសវាងធ្វើប៉ះពាល់ដល់កិត្តិយស និងសេចក្ដី ថ្លៃថ្នូរ គោរមងារបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ក្នុងសមាគមឧកញ៉ាទាំងមូល ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ