ខេត្តកំពង់ស្ពឺ ៖ រថយន្តកែច្នៃដឹកឈើមួយគ្រឿង ដែលគេស្គាល់ច្បាស់ថា ជារថយន្តរបស់ថៅកែឈ្មោះ រត្ន័ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់បាន ខណៈដែលថៅកែរកស៊ីឈើឈ្មោះ រត្ន័ ដឹកឈើជាង៣ម៉ែត្រគូបចេញពីតំបន់ជាំ យកមកទីរួមខេត្តកំពង់ស្ពឺ ដើម្បីលក់បន្ត ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់តែម្តង។
ការឃាត់រថយន្តកែច្នៃដឹកឈើរបស់ថៅកែល្បីឈ្មោះ រត្ន័ នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែ
តុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលដែលរថយន្តដឹកឈើកំពុងធ្វើចរាចរណ៍លើដងផ្លូវចេញពីតំបន់ជាំ ដឹកឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងស្នាក់ការសមត្ថកិច្ចជាច្រើនទៀត ទើបមកដល់ជិតតំបន់តេទឹកពុះ កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានតែម្តង។
បើតាមមន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ការឃាត់រថយន្តដឹកឈើខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួចមកកម្លាំងជំនាញបានធ្វើការបង្ក្រាបករណីដឹកជញ្ចូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ។
តាមការបង្ហើបពីសមត្ថកិច្ចឱ្យដឹងថា រថយន្តកែច្នៃដឹកឈើដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានខាងលើនេះ ជារថយន្តដឹកឈើរបស់ថៅកែ រត្ន័ អាយុជិត៤០ឆ្នាំ រស់នៅម្តុំប្រឡាយច្បារមន ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាមេឈ្មួញល្បីឈ្មោះមួយរូបខាងរកស៊ីបទល្មើសព្រៃឈើជាយូរឆ្នាំណាស់មកហើយ មិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញណាចាប់បង្ក្រាបបានទាល់តែសោះ ទើបតែពេលនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានរថយន្តដឹកឈើនេះ ហើយម្ចាស់រត់គេចខ្លួនបាត់។
បច្ចុប្បន្ន រថយន្តនិងឈើរបស់ថៅកែ រត្ន័ ដែលកងរាជអាវុធហត្ថបង្ក្រាបបាននេះ បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់តាសាល និងកសាងសំណុំរឿងបញ្ជូនបន្តឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ