ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បន្ត​ជាប់​ឆ្នោត​ជា​សមាជិក​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០២៥-២០២៦

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជាប់​ឆ្នោត​ជា​សមាជិក​ នៃ​គណៈកម្មាធិការ ចាត់តាំង​ នៃ​គណៈកម្មការ​កសាង​សន្តិភាព​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០២៥-២០២៦​ ដើម្បី​ដើរតួ​នាទី​យ៉ាង​សំខាន់​…

រាជធានី​ភ្នំពេញ ​៖ ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជាប់​ឆ្នោត​ជា​សមាជិក​ នៃ​គណៈកម្មាធិការ ចាត់តាំង​ នៃ​គណៈកម្មការ​កសាង​សន្តិភាព​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០២៥-២០២៦​ ដើម្បី​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ពិភពលោក​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តជាតិ ​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ ឆ្នាំ​២០២៤ ​បាន​ឲ្យ​ដឹង​ថា
ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​ជម្រាប​អំពី​ការ​ជាប់​ឆ្នោត​ជា​សមាជិក​ នៃ​គណៈកម្មាធិការ ចាត់តាំង នៃ​គណៈកម្មាធិការ​កសាង​សន្តិភាព​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) សម្រាប់​អាណត្តិ ២០២៥-២០២៦ ដែល​បាន​សម្រេច​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៥៤ នៃ​មហាសន្និបាត​អ​.​ស​.​ប​. នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ញូ​វ​យ៉​ក​។ នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ បញ្ជាក់​អំពី ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​កម្ពុជា ចំពោះ​សន្តិភាព​ពិភពលោក ស្ថិរភាព និង​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​ ។

គណៈ​ក​ម្មា​ការ​កសាង​សន្តិភាព (PBC) គឺជា​ស្ថាប័ន​ប្រឹក្សា​របស់​អង្គការសហប្រជាជាតិ ដែល​ជួយ​ដល់​ប្រទេស ​ដែល​ឆ្លងកាត់​សង្គ្រាម និង​ជម្លោះ ឈាន​ទៅ​រក​សន្តិភាព ​។

ប្រភព​បញ្ជាក់​ថា ​៖ “​ការ​ជាប់​ឆ្នោត​របស់កម្ពុជា ​ក្នុង​ស្ថាប័ន​ដ៏​សំខាន់​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​គាំទ្រ និង​ទំនុកចិត្ត​យ៉ាង​មុតមាំ​របស់​សហគមន៍ អន្តរជាតិ​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តួនាទី​ដែល​កំពុង​រីក​លូតលាស់​របស់​កម្ពុជា ក្នុង​វិស័យ​ការទូត និង​ការ​កសាង​សន្តិភាព​” ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ស្រឡាញ់ និង​ផ្សព្វផ្សាយ​អំពី សារៈសំខាន់​ នៃ​សន្តិភាព កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ពិភពលោក​។ ចាប់តាំងពី​ឆ្នាំ​២០០៦ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៩០០០​នាក់ ដើម្បី​បម្រើ​ការ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ​.​ស​.​ប​. ចំនួន​១១ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ជាង​៨០០​នាក់ ដែល ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​២៥ នៅ​លើ​ពិភពលោក ក្នុង​ការ​រួមចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព ពិភពលោក​ ។

ប្រភព​បាន​បន្ត​ថា ការ​ប្រែក្លាយ​ខ្លួន​របស់​កម្ពុជា ពី​ប្រទេស​រង​គ្រោះ​ដោយសារ​សង្គ្រាម រហូត​ទទួល​បាន សន្តិភាព​យូរអង្វែង ជា​ពិសេស​បន្ទាប់​ពី​របប​ខ្មែរក្រហម ក៏​បាន​ផ្តល់​នូវ​មេរៀន និង​ការ​យល់​ដឹង​ដ៏ មាន​តម្លៃ ចំពោះ​ដំណើរការ​នៃ​ការ​បង្រួបបង្រួម​ជាតិ ការ​កសាង​ប្រទេស និង​កិច្ច​ខិតខំ​ប្រឹងប្រែង កសាង​សន្តិភាព​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ទៀត​ថា ​ក្នុង​ឱកាស​ដែល​កម្ពុជា​ទទួលយក​នូវ​តួនាទី​ថ្មី​ដ៏​សំខាន់​នេះ កម្ពុជា​សូម​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ ។

ក្រសួងការបរទេស​បាន​អះ​អា​ងា កម្ពុជា​នឹង​បន្ត ដើរតួ​នាទី​សកម្ម ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សន្តិភាព​ជា​សាកល និង​រួមចំណែក​ដល់ ការ​លើកកម្ពស់​អនាគត​ដែល​ប្រកប​សន្តិភាព សុវត្ថិភាព និង​វិបុលភាព សម្រាប់​ទាំងអស់​គ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ