ទីក្រុងហាណូយ៖ វៀតណាមឆេះឡានកង់ និងម៉ូតូអគ្គិសនីអស់បីពាន់គ្រឿងត្រឹមតែមួយប៉ប្រិចភ្នែក។ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងរោងចក្រដំឡើងយានជំនិះអគ្គិសនីរបស់ជប៉ុនមួយកន្លែងនៅវៀតណាមនៅពេលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ សាក្សីនិយាយថាអគ្គិភ័យចាប់ផ្ដើមកើតមាននៅរោងចក្រវៀតណាម-ជប៉ុននៃខេត្តឡាងសឺន (Lang Son) ទាំងព្រឹកព្រលឹមថ្ងៃសុក្រតែម្ដង បណ្ដាលឱ្យកង់ និងម៉ូតូដែលសុទ្ធតែប្រើអគ្គិសនីឆេះអស់រាប់ពាន់គ្រឿង។
ភ្លើងចាប់ផ្ដើមឆាបឆេះនៅវេលាម៉ោង៧ព្រឹក។ ដោយសារទីនោះសម្បូរគ្រឿងបរិក្ខារ និងធុងអាគុយដែលបំពាក់នៅលើកង់ និងម៉ូតូទាំងនោះ ដូច្នេះការឆាបឆេះពិតជាមានសភាពឆាប់រហ័សណាស់។ គ្រាន់តែចាប់ផ្ដើមមិនបានប៉ុន្មានផង ភ្លើងចាប់ផ្ដើមឆាបឆេះពេញរោងចក្រ អមដោយសំឡេងផ្ទុះយ៉ាងកងរំពង និងមានផ្សែងហុយទ្រលោមទៅលើអាកាស។
រោងចក្រដំឡើងកង់ និងម៉ូតូអគ្គិសនីមួយកន្លែងនេះមានវិសាលភាពគ្របដណ្ដប់នៅលើផ្ទៃដី៣ពាន់ម៉ែត្រការ៉េ និងមានអគារកម្ពស់បីជាន់។ សំណាងល្អ នៅពេលហេតុការណ៍នោះកើតឡើងមិនសូវមានបុគ្គលិកធ្វើការច្រើនពេកទេ។ បុគ្គលិកមានប្រហែលត្រឹមតែពីរបីនាក់តែប៉ុណ្ណោះ ហើយពួកគាត់អាចជម្លៀសខ្លួនចេញពីភ្លើងឆេះនេះដោយសុវត្ថិភាពគ្រប់ៗគ្នា។
នគរបាលប្រចាំខេត្តឡាងសឺនបានចាត់កម្លាំង និងទីភ្នាក់ងារពន្លត់អគ្គិភ័យសរុបមួយរយនាក់ចុះទៅកន្លែងកើតហេតុជាបន្ទាន់។ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃដដែល អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង។ ប៉ុន្តែទម្រាំដល់ពេលនោះ អ្វីៗសឹងតែហួសពេលអស់រលីង។ រោងចក្រនេះរងគ្រោះយ៉ាងដំណំរ, ដំបូលរោងចក្រត្រូវបាក់រលំមកដី, កង់ និងម៉ូតូអគ្គិសនី រួមទាំងគ្រឿងបរិក្ខារមានតម្លៃដទៃទៀតត្រូវបានដុតបំផ្លាំអស់គ្មានសល់។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃការឆេះរោងចក្រនេះទេ ខណៈដែលអាជ្ញាធរកំពុងចុះស៊ើបអង្កេតសំណុំរឿងនេះយ៉ាងដុតដៃដុតជើង។ សូមជម្រាបថារោងចក្រនេះបង្កើតឡើងកាលពីឆ្នាំ២០០៩។ ក្រុមហ៊ុននេះមានឯកទេសខាងផលិតកង់ និងម៉ូតូអគ្គិសនី។ នៅក្នុងមួយថ្ងៃៗ រោងចក្រនេះអាចផលិតកង់ និងម៉ូតូបាន៦រយគ្រឿង៕
ចែករំលែកព័តមាននេះ