ខេត្តស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជន ជនជាតិវៀតណាមប្រុសស្រី០៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនជិត១គីឡូក្រាម និងអាវុធខ្លី ០១ដើមគ្រាប់ជាច្រើនគ្រាប់ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីលោក ឈ៊ីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅ០៨ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីចន្ទរាជា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបានបន្តទៀតថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ០៣នាក់ ក្នុងនោះស្រីម្នាក់ រួមមាន ៖
ទី១. ឈ្មោះ ឡេ គឹងវឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម
ទី២. ឈ្មោះ ជឿង ង៉ុកទន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម
ទី៣. ឈ្មោះ ឡេ ធីធឿងវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ជាសារធាតុញៀនចម្រុះ ទម្ងន់ជិត១គីឡូក្រាម និងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ