ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ហក់ឡើង! លិច​១២វត្ត​ សាលា​៤​កន្លែង ផ្លូវ​១១​ខ្សែ និងបាក់​ច្រាំង​៧​ករណី នៅខេត្តកំពង់ចាម​

2 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទោះបីជា​ទឹកទន្លេ​បាន​ហក់​ឡើង​លិច​បរិវេណ​វត្ត​ព្រះ​អង្គ​ខ្មៅ​ស្ថិត​នៅ​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម យ៉ាងណា​ក៏​ដោយ​គឺ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ទូក​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ដាក់​បិណ្ឌ ។​ជាមួយ​នោះ​ក៏​មាន​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​នៅ​កោះដាច់ ត្រូវ​បាន​រុះរើ​មក​កន្លែង​សុវត្ថិភាព ដើម្បី​ជៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។…

ខេត្តកំពង់ចាម​ ៖ ទោះបីជា​ទឹកទន្លេ​បាន​ហក់​ឡើង​លិច​បរិវេណ​វត្ត​ព្រះ​អង្គ​ខ្មៅ​ស្ថិត​នៅ​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម យ៉ាងណា​ក៏​ដោយ​គឺ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ទូក​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ដាក់​បិណ្ឌ ។​ជាមួយ​នោះ​ក៏​មាន​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​នៅ​កោះដាច់ ត្រូវ​បាន​រុះរើ​មក​កន្លែង​សុវត្ថិភាព ដើម្បី​ជៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។

ព្រះ​ភិក្ខុ​វ៉ា សុខៈ គង់នៅ​វត្ត​ព្រះ​អង្គ​ខ្មៅ​មាន​ថេរៈ​ដីកា​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា​ឆ្នាំ​២០២៤ ថា​: ដោយសារ​តែ​ទឹកទន្លេ​បាន​បន្ត​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជា​ហេតុ​ធ្វើ​ឲ្យ​បរិវេណ​វត្ត​របស់​ព្រះ​អង្គ ត្រូវ​បាន​ទឹក​ហូរ​ចូល​នៅ​ថ្ងៃ​ទី​២៤​កញ្ញា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា គឺ​ទឹកបាន​លិច​បរិវេណ​វត្ត​ត្រឹម​ជង្គង់​មនុស្ស​ចាស់​។​ទោះជា​បែប​នេះ​ក៏​ដោយ​មិន​មាន​បញ្ហា​ណាមួយ​ចោទ​ឡើង​នោះ​ទេ​។​គឺ​បងប្អូន​ពុទ្ធបរិស័ទ​នៅ​ក្នុង​ឃុំ​កោះសំរោង ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ជិះទូក​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ចំនួន​៩​អង្គ នៅ​វត្ត​ព្រះ​អង្គ​ខ្មៅ​។

ព្រះ​ភិក្ខុ​វ៉ា សុខៈ មាន​ថេរ​ដីកា​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទឹកទន្លេ​មេគង្គ​ពុំដែល​ឡើង​មក​លិច​បរិវេណ​វត្ត​ចំនួន​៥ ព្រះ​វស្សា​មក​ហើយ​ទើបតែ​មក​ដល់​ឆ្នាំ​២០២៤​នេះ​បាន​ឡើង​លិច​បរិវេណ​វត្ត ហាក់បីដូច​ចម្លែក​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​។​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ដែល​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​គឺ​ភាគច្រើន​ជា​អ្នក​នៅ​ឃុំ​កោះសំរោង ចំណែក​អ្នក​មក​ពី​ក្រៅ​វិញ​ពុំ​ទាន់​ឃើញ​មាននៅ​ឡើយ​ទេ​។ ជាមួយ​នោះ​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ព្រះ​អង្គ​ខ្មៅ​មិន​ខ្វះ​ចង្ហាន់​សម្រាប់​ឆាន់​នោះ​ទេ គឺ​ពលរដ្ឋ​ស្រឡាញ់​ព្រះពុទ្ធ​សាសនា បាន​នាំ​គ្នា​តស៊ូ​ធ្វើ​ដំណើរ​តាម​ទូក ឬ​គោ​យន្ត​យក​ចង្ហាន់​មក​វត្ត​ជា​ហូរហែ​។

លោក​សន សុក មេឃុំ​កោះសំរោង​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​កោះសំរោង​ទាំងមូល​មាន​វត្ត​ចំនួន​៤ ហើយ​វត្ត​ដែល​លិច​ទឹក​គឺ​មាន​វត្ត​ព្រះ​អង្គ​ខ្មៅ​បន្ទាប់​មក​វត្ត​កោះជ្រូក​លិច​តិច​ៗ​។​ចំណែក​ប្រជាពលរដ្ឋ​នៅ​កោះដាច់​ចំនួន ៣៥​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​នេះ​ក្នុង​នោះ​មាន​អ្នកខ្លះ​ហាក់ដូចជា​បានដឹង​ហេតុការណ៍​មុន​បាន​នាំ​គ្នា​រួស​រើ​លំនៅ​ដ្ឋា​ន​មក​កាន់​កន្លែង​សុវត្ថិភាព​។​រាល់ថ្ងៃ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​កំពុងដរ នៅ​កៀន​ជ្រៃ​តែបើ​ទឹក​បន្ត​ឡើង​ទៀត​ត្រូវ​ដូរ​ទិស​ដៅ​មក​ថ្មគោល ឆ្ពោះ​មក​វត្ត​កោះជ្រូក ដែល​ទីទួល​ខ្ពស់​។ សូម​បញ្ជាក់​ថា​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​នៅ​ភូមិ​ទី​៦​គឺ​ទឹកបាន​លិច​តិចតួច​នៅឡើយ​មិន​មាន​បញ្ហា​ណាមួយ​ចោទ​ឡើង​នោះ​ទេ​។​ហើយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសំរោង​ទាំងមូល​សរុប​មាន​ចំនួន​១៥៧០​គ្រួសារ​ស្មើ​ជាង​៧០០០ នាក់ អ្នក​ទន្លេ​បើសិនជា​ទឹក​មិន​ឡើង​មក​លិច​ភូមិឋាន​នោះ​ទេ​គឺជា​រឿង​ចម្លែក​។

លោក​ទុន សៀង មេឃុំ​ពាម​កោះ​ស្នា បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៥​កញ្ញា​ថា​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ​កំពស់​ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​ខ្លាំង​ជា​ហេតុ​ធ្វើ​ឲ្យ​វត្ត​ចំនួន​៣​បាន​ទទួល​រង​ការ​លិចលង់​ក្នុង​នោះ​រួម​មាន​÷ ១.​វត្ត​ព្រៃ​ក​សង្កែ ២.​វត្ត​ពាម​កោះ​ស្នា ៣.​វត្ត​ទួល​រកា ហើយ​វត្ត​ដែល​លិច​ច្រើន​ជាងគេ​គឺ​វត្ត​ព្រែក​សង្កែ​និង​វត្ត​ពាម​កោះ​ស្នា ដែល​ទឹក​លិច​ចង្កេះ​មនុស្ស​ចាស់​ទៀត ពុទ្ធបរិស័ទ​មក​វត្ត​ត្រូវ​ជិះទូក ចំណែក​ច្រាំង​ទន្លេ​វិញ​មិន​មាន​បាក់​នោះ​ទេ​។

លោកស្រី សុ​ភ័ក្ត្រ អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​និ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា​ថា រហូត​មក​ដល់​ពេល​នេះ​ស្រុក​ចំនួន​៥​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​ក្នុង​នោះ​មានស្រុក​÷ ស្ទឹង​ត្រង់ កំពង់សៀម កោះសូទិន​កងមាស​និង​ស្រី​សន្ធរ ហើយ​លិច​វត្ត​ចំនួន​១២​វត្ត លិច​សាលារៀន​៤​សាលា​លិច​ផ្លូវ​១១​ខ្សែ បាក់​ច្រាំង​៧​ករណី​ចំពោះ​ទំហំ​ការ​ខូចខាត​មិន​មាន​អ្វី​ធំដុំ​នៅឡើយ​ទេ​។

យោង​តាម​របាយការណ៍​របស់​លោក​អ៊ំ​វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹង​ថា​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​២៥​កញ្ញា​ឆ្នាំ​២០២៤​មាន​កម្ពស់​។​១៤,១០​ម៉ែត្រ​។​ចំពោះ​កម្រិត​ទឹក​ដែល​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​គឺ​១៥,២០​ម៉ែត្រ បង្កើន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ