នៅពេលដែលកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងតែកៀកមកដល់បែបនេះ ឪពុកម្តាយនិងអ្នកដែលនៅជុំវិញខ្លួនយុវសិស្សនានាគួរតែបញ្ឈប់ការដាក់សម្ពាធលើពួកគេ ហើយងាកមក លើកទឹកចិត្តដើម្បីឲ្យពួកគេ ប្រឹងរៀន និង ត្រៀមចិត្តត្រៀមកាយចូលរួមការប្រឡងដោយភាពរីករាយ ដោយគ្មានសម្ពាធ ផ្លូវចិត្ត។ ចំណែកសិស្សទាំងអស់វិញត្រូវបន្តប្រឹងរៀនហើយត្រៀមខ្លួនដោយមោទនភាពចូលទៅកាន់បន្ទប់ប្រលងដោយអង់អាច…
នៅពេលដែលកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងតែកៀកមកដល់បែបនេះ ឪពុកម្តាយនិងអ្នកដែលនៅជុំវិញខ្លួនយុវសិស្សនានាគួរតែបញ្ឈប់ការដាក់សម្ពាធលើពួកគេ ហើយងាកមក លើកទឹកចិត្តដើម្បីឲ្យពួកគេ ប្រឹងរៀន និង ត្រៀមចិត្តត្រៀមកាយចូលរួមការប្រឡងដោយភាពរីករាយ ដោយគ្មានសម្ពាធ ផ្លូវចិត្ត។ ចំណែកសិស្សទាំងអស់វិញត្រូវបន្តប្រឹងរៀនហើយត្រៀមខ្លួនដោយមោទនភាពចូលទៅកាន់បន្ទប់ប្រលងដោយអង់អាច គ្មានការភ័យខ្លាច និង សម្ពាធផ្លូវចិត្ត។
ការដាក់សំពាធឲ្យកូនខិតខំរៀនសូត្រគឺវាហួសពេលហើយ ដោយសារតែគិតត្រឹមថ្ងៃទី ២៤ ខែកញ្ញា រហូតដល់ថ្ងៃប្រឡងនៅ០៨ ខែតុលា ឆ្នាំ២០២៤ វានៅសល់ពេលត្រឹមតែកន្លះខែទៀតប៉ុណ្ណោះ ដូច្នេះការដាក់ សម្ពាធលែងមានប្រសិទ្ធភាពហើយ ផ្ទុយទៅវិញវាមានតែធ្វើឲ្យយុវសិស្សកាន់តែភិតភ័យ កាត់តែស្មុគស្មាញកាន់តែច្របូកច្របល់ប៉ុណ្ណោះ ។
នៅក្នុងដំណាក់កាលនេះ អ្វីដែលឪពុកម្តាយគួរតែធ្វើគឺលើកទឹកចិត្តព្យាយាមផ្តល់ភាពកក់ក្តៅនៅក្នុងអារម្មណ៍ ដើម្បីធ្វើយ៉ាងណាឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពវិជ្ជមាន ។ ការកសាងនិងលើកកម្ពស់ សុខភាពផ្លូវចិត្តក៏ជាចំណុចមួយដែលសំខាន់ផងដែរ ។ ក្រៅពីនោះគឺមានតែត្រៀមចិត្តត្រៀមកាយដើម្បី ទទួលលទ្ធផលរបស់ពួកគេ ។
សូមចងចាំថា អនាគតមនុស្ស ទេពកោសល្យ ជោគជ័យរបស់មនុស្ស គឺអាចសម្រេចបានតាមផ្លូវផ្សេងៗគ្នា ទៅតាមទេពកោសល្យ ពេលខ្លះពួកគេអាចមិនធ្វើបានល្អនៅពេលប្រឡង ប៉ុន្តែអនាគតពួកគេក៏មិនមែន បញ្ចប់ត្រឹមការប្រឡងនេះដែរ ។
នៅក្នុងដំណាក់កាលនេះ អ្វីដែលឪពុកម្តាយអាចធ្វើបានគឺផ្តល់ការអប់រំ បង្ហាញការស្រលាញ់ ផ្តល់ភាពកក់ក្តៅ ហើយព្យាយាមឲ្យពួកគេសម្រាកឲ្យបានគ្រប់គ្រាន់ ទទួលទានឲ្យបានឆ្ងាញ់ និងថែរក្សាសុខភាព ដើម្បីត្រៀមចិត្តត្រៀមកាយចូលប្រឡង ។
ដោយឡែកប្អូនៗយុវសិស្សវិញ នៅក្នុងអំឡុងពេលដ៏ខ្លីដែលនៅសល់បែបនេះ គួរខិតខំពង្រឹងអ្វីដែលយើង គិតថា ខ្សោយ អ្វីដែលយើងមិនច្បាស់លាស់ រំលឹករូបមន្ត ចំណុចគន្លឹះ ហើយព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ ។
ការសម្រាកឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ក្នុងអំឡុងពេលរៀបចំការប្រឡងបែបនេះ។ ជាទូទៅការគេងជួយខួរក្បាលដំណើរការ និងរក្សាការចងចាំបានប្រសើរ។ ការដែលយើងរៀនខ្លាំងពេក សម្រាកមិនគ្រប់គ្រាន់ អាចជាការប្រឆាំងនឹងផលិតភាពដែលខ្លួនមាន ដែលវានាំឱ្យមានភាពនឿយហត់និងកាត់បន្ថយសក្តានុពលនៃការគិត។
ក្រៅពីនេះការទទួលទានអាហារដែលមានតុល្យភាពជាមួយនឹងសារធាតុចិញ្ចឹមត្រឹមត្រូវក៏អាចជួយបង្កើនការផ្តោតអារម្មណ៍ និងសមត្ថភាពខួរក្បាលដែរ ជាពិសេសគឺពពួកផ្លែឈើ គ្រាប់ធុញជាតិ ហើយបើអាច ក៏គួរតែធ្វើលំហាត់ប្រាណខ្លះៗ ដើម្បីអោយឈាមរត់បានប្រសើរឡើង និងកាត់បន្ថយភាពតានតឹង ធ្វើឱ្យខួរក្បាលមានភាពវាងវៃ និងការគិតច្បាស់លាស់ ។
ក្រៅពីនោះប្អូនៗក៏គួរតែការរៀបចំផ្លូវចិត្តឲ្យហើយសម្រាប់ការប្រឡង តាមការស្រមៃមើលភាពជោគជ័យកាត់បន្ថយការថប់បារម្ភ តាមរយៈការធ្វើលំហាត់ដកដង្ហើមជ្រៅៗ ឬការធ្វើសមាធិក្នុងចិត្ត។
ប្អូនៗត្រូវចាំនិងធ្វើខ្លួនឲ្យសប្បាយចិត្តទៅថា ការប្រឡងនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ មិនមែនមានតែប្អូនទេដែលមានអារម្មណ៍បែបនេះ ប្អូនៗឯទៀតដែលមានចំនួនរហូតដល់ទៅជាង ១៣ ម៉ឺននាក់គឺមានអារម្មណ៍ប្រហាក់ប្រហែលគ្នានេះ ។ ចេះឫមិនចេះត្រូវតែលើកទឹកចិត្តខ្លួនឯងដើរចូលទៅកាន់មណ្ឌលប្រឡងទាំង២៣០ មណ្ឌលទូទាំងប្រទេស ហើយអង្គុយនៅក្នុងបន្ទប់ប្រឡងទាំង៥.៥៣៤ បន្ទប់ ដោយភាពរឹងមាំ ប្រឹងប្រែងធ្វើវិញ្ញាសារដែលខ្លួនបានរៀន មួយឆ្នាំកន្លងមកនេះ អោយហ្មត់ចត់ ។
សរុបមកវិញ ការប្រឡងនេះថ្វីត្បិតតែមានបេក្ខជននិងបេក្ខនារីប្រឡងច្រើនដល់ទៅជាង ១៣ ម៉ឺននាក់ ប៉ុន្តែនេះមិនមែនជាការប្រឡងប្រជែងគ្នារកអ្នកពូកែឡើយ ។ ការប្រឡងនេះគឺគ្រាន់តែជាការវាស់ស្ទង់ ចំណេះនិងសមត្ថភាពរបស់ប្អូនដែលបានរៀន ១២ ឆ្នាំកន្លងមក ដើម្បីយើងតម្រែតម្រង់អនាគតទៅមុខ ។ ប្រឡងនេះប្រសិនបើប្អូនចេះគឺប្អូនជាប់ ហើយបើប្អូនមិនចេះគឺធ្លាក់ ប៉ុន្តែកុំអស់សង្ឃឹម ជីវិតនៅមានច្រក ដែលយើងអាចក្រោកឈរបានបន្តទៀត ។
មនុស្សមិនអស់ក្រឡាឡើយ ដូច្នេះសូមប្រឹងប្រែង ហើយសង្ឃឹមថា លទ្ធផលក្រោយការប្រឡងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ប្អូនៗអាចតម្រែតម្រង់នឹង សម្លឹងមាគ៌ាជីវិតខ្លួនឯងបណ្តើរៗ ៕
ចែករំលែកព័តមាននេះ