ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​និង​ក្រសួង​អធិការកិច្ច​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​រុះរើ​គណរដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដំបូង​គេ ដូច្នេះ​ចង់​ឫ​មិន​ចង់​ទេសចរណ៍​បាន​ក្លាយជា​កម្មវត្ថុ​ដំបូង​ដែល​សាធារណៈជន ផ្តោត​ការ​ចាប់អារម្មណ៍​បំផុត​ចាប់ពី​ពេល​នេះ​តទៅ ។ បន្ទាប់​ពី​សម្រេច​បាន​នូវ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​៥,៤៥ លាន​នាក់ ជាមួយនឹង​ប្រាក់​ចំណូល​៣,០៨ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​កំណត់​គោលដៅ​នៅ​ក្នុង​ការ​ទាក់ទាញ…

ក្រសួងទេសចរណ៍​និង​ក្រសួង​អធិការកិច្ច​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​រុះរើ​គណរដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដំបូង​គេ ដូច្នេះ​ចង់​ឫ​មិន​ចង់​ទេសចរណ៍​បាន​ក្លាយជា​កម្មវត្ថុ​ដំបូង​ដែល​សាធារណៈជន ផ្តោត​ការ​ចាប់អារម្មណ៍​បំផុត​ចាប់ពី​ពេល​នេះ​តទៅ ។

បន្ទាប់​ពី​សម្រេច​បាន​នូវ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​៥,៤៥ លាន​នាក់ ជាមួយនឹង​ប្រាក់​ចំណូល​៣,០៨ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​កំណត់​គោលដៅ​នៅ​ក្នុង​ការ​ទាក់ទាញ ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៥,៦ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ខណៈ​ដែល ៧​ខែ​កន្លង​ទៅ​នេះ កម្ពុជា​អាច​សម្រេច​បាន ប្រមាណ​ជា ៣,៧៥ លាន​នាក់ ជាមួយនឹង​កំណើន ២៣,២ ភាគរយ ដូច្នេះ​គោលដៅ​ដែល​គ្រោង​ហើយ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផែនទី​បង្ហាញផ្លូវ​របស់​ក្រសួង​ទំនងជា មិន​ពិបាក​នៅ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​ឡើយ ពីព្រោះ​ថា​នៅ​ចុងឆ្នាំ​គឺជា​រដូវ​កាលដែល​ភ្ញៀវ​បរទេស​ដើរ​លេង​ច្រើន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សំនួរ​នៅ​ក្នុង​ចំណោម សាធារណៈជន​គឺថា ភ្ញៀវ​ទេសចរ​មក​ច្រើន​គួរសម ប៉ុន្តែ​ហេតុ​អ្វី​ក៏​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​នៅ​តែ​លួច​រអ៊ូ ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​សណ្ឋាគារ​នៅ​ភ្នំពេញ និង នៅ​សៀមរាប និង បណ្តា​គោលដៅ​ទេសចរណ៍​នានា នៅ​តែ​មាន​សកម្មភាព​មិន​ខ្លាំងក្លា ឬ​ក៏ មិន​ដំណើរការ​។

អ្នក​នៅ​ក្នុង​វិស័យ​សេវាកម្ម​បដិសណ្ឋារកិច្ច​បាន​ឲ្យ​ដឹង​ថា អត្រា​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​សណ្ឋាគារ​នានា​នៅ​ក្នុង​ប្រទេស​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​ឆ្ងាយ​ពី​អត្រា​សម្រេច​បាន​កាលពី​ឆ្នាំ​២០១៩ នៅ​មុន​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ ឆ្ងាយ​ណាស់ ទោះបីជា​ស្ថិតិ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ ឆ្នាំ​២០១៩ និង​ពេល​នេះ​គឺ​វា​ខុស​គ្នា​តិចតួច​ក៏​ដោយ ។

ប្រភព​ដដែល​មិន​បាន​បញ្ជាក់​អំពី​តួរ​លេខ​ទេ តែ​រំលេច​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​៦,៦ លាន​នាក់ អត្រា​ស្នាក់​នៅ​ខ្ពស់ ហើយ​ដល់ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​បាន ៥,៦ លាន​នាក់ ពោល​គឺ​តិច​ជាង​កាលនោះ​តែ ១​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ អត្រា​នៃ​ការ​ស្នាក់​នៅ​តាម​សណ្ឋាគារ​គឺ​ខុស​គ្នា​។ មក​ដល់​ពេល​នេះ សណ្ឋាគា​ខ្លះ រ​នៅ ភ្នំពេញ និង នៅ​សៀមរាប មិន​មាន​ភ្ញៀវ​គ្រប់គ្រាន់​ទេ​។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ​និយាយ​អំពី​បញ្ហា​ស្ថិតិ​គឺ​មិនមែន​ជា​បញ្ហា​ប្រឈម​របស់​វិស័យ​ទេសចរណ៍​ឡើយ តែ​អ្វី​ដែល​ប្រឈម​នោះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ច​លករ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ចលនា​និង​មាន​ភាព​រស់ រវើក​ដូច​មុន​ពេល​នៃ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ ១៩ ។ បើ​និយាយ​អំពី​គោលដៅ​នៃ​ចំនួន​កុំ​ថា​ឡើយ គោល​នៅ ៥,៦​លាន​នាក់​នៅ​ក្នុងឆ្នាំនេះ សូ​ម្បី​តែ​គោលដៅ ៧ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៥ ក៏​អាច​នឹង​សម្រេច បាន​ដែរ ។

នៅ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ មិនមែន​កម្ពុជា​អោបដៃ​អង្គុយ​ចាំ​ភ្ញៀវ​ទេសចរ​បរទេស​មក​នោះ​ទេ ។ កម្ពុជា​ជា​ពិសេស​គឺ​ក្រសួងទេសចរណ៍​បាន​ខំ​ណាស់​ដែរ ដោយ​ខិតខំ​គៀងគរ​និង​បើក​ជើងហោះហើរ ថ្មី​ៗ​ជាមួយនឹង​ឥណ្ឌា ជាមួយនឹង​ចិន ជាដើម ប៉ុន្តែ​វា​នៅ​តែ​មិន​អាច​អោយ​ស្ថានភាព​នៃ​វិស័យ​ទេសចរ​អាច ស្តារ​បាន​នៅឡើយ ។

បញ្ហា​ដែល​លើក​ឡើង​ខាងលើ​នេះ​គឺជា​បញ្ហា​ខ្លះ​នៅ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា​ដែល​រដ្ឋមន្ត្រី​ថ្មី ដែល បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២០ ខែ កញ្ញា ឆ្នាំ​២០២៤ ត្រូវ​តែ​យកចិត្តទុកដាក់ ក្រៅពី​នោះ ក្រសួង​ក៏​គួរតែ​ពិនិត្យ​និង​សិក្សា​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​ផ្សេង​ៗ​ដែល ជា​ឧបសគ្គ​ចម្បង ដែល​រារាំង​ការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ក្នុង​ប្រទេស ជា​ពិសេស បាតុភាព​និង​បញ្ហា​រអាក់រអួល​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​រាប់​ចាប់តាំងពី​បញ្ហា​សណ្តាប់ធ្នាប់ និង សេវាកម្ម​ឡើង​ទៅ​។

បញ្ហា​ប្រឈម​ផ្សេង​ទៀត​ដែល​ថ្លឹងថ្លែង​លើ​ភាព​ទាក់ទាញ​របស់​កម្ពុជា រួម​មាន​កង្វះ​នៃ​ការ​ផ្តល់​ជូន​ផលិតផល​ទេសចរណ៍​ចម្រុះ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​មិន​គ្រប់គ្រាន់​។ នៅ​ពេល​នេះ​ផលិតផល​ទេសចរណ៍​របស់​កម្ពុជា​ត្រូវ​បាន​ប្រមូលផ្តុំ​យ៉ាង​ខ្លាំង​តែ​នៅ​លើ បេតិកភណ្ឌ​វប្បធម៌ ជា​ពិសេស​ត្រឹមតែ ប្រាសាទអង្គរវត្ត ដូច្នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ទេសចរណ៍​ពី​ផលិតផល​ទេសចរណ៍​ដែល​ផ្តោត​លើ​ប្រាសាទអង្គរវត្ត និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​គួរតែ​ត្រូវ​បាន​ចាប់ផ្តើម​អោយ​ខ្លាំងក្លា​។

ដោយសារ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប និង​សម្រស់​ធម្មជាតិ កម្ពុជា​ក៏​គួរ​ជំរុញ​កសាង​និង​អភិ​វ​ឌ្ឈ​ន៍​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀត ផ្តោត​លើ​ទេសចរណ៍​សហគមន៍ និង​អេកូ​ទេសចរណ៍ ទន្ទឹម​នឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​បំពាក់​សេវាកម្ម​ចាំបាច់​ផ្សេង​ៗ​។

យុទ្ធនាការ​ទេសចរណ៍​ផ្សព្វផ្សាយ​ក៏​គួរ​ត្រូវ​បាន​ពង្រីក​ដោយ​ផ្តោត​មិន​ត្រឹមតែ​លើ សម្បត្តិ​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​អេកូ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​ការ​ទាក់ទាញ​ផ្សេង​ទៀត ដូច​ជា​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។ ក្រៅពី​នេះ ក្រសួង​ក៏​គួរតែ​រិះគិត​និង​ជួយ​នៅ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែម ។

ការ​វិនិយោគ​គឺ​ចាំបាច់​ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដោយ​ការ​បង្កើន​ចំនួន​ជើងហោះហើរ​ត្រង់ និង​ផ្លូវ​ឆ្ងាយ សាងសង់​ទីតាំង​កម្សាន្ត សួន​កម្សាន្ត និង​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ជុំវិញ​តំបន់​ទេសចរណ៍​នានា​។ ពង្រឹង​និង​រៀបចំ​កន្លែង​ស្នាក់ ជាមួយនឹង​គ្រឿង​បរិក្ខារ​ល្អ​ប្រសើរ​; ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​នៃ​កម្លាំង​ពលកម្ម​; និង​លើកទឹកចិត្ត​សហគ្រាស​ខ្នាត​តូច ខ្នាត​តូច និង​មធ្យម ឱ្យ​ផលិត​វត្ថុ​អនុស្សាវរីយ៍​។

ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រួល​ដល់​ទេសចរណ៍​ក៏​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​លើកកម្ពស់​វិស័យ​នេះ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ទិស​ដៅ​បន្ថែម​ជា​ជាង​ជា​គោលដៅ​ទេសចរណ៍​សំខាន់​ដោយ​អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ដូចនេះ​កម្ពុជា គួរតែ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​ខ្លួនឯង​ថា​ជា​គោលដៅ​ទេសចរណ៍​ដែល​ពេញចិត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភពលោក​តាម​រយៈ​យុទ្ធនាការ​ទីផ្សារ​ឌី​ជី​ថ​ល​។

សរុបសេចក្តី​ទៅ​បញ្ហា​ប្រឈម​ដំបូង​របស់​រដ្ឋមន្ត្រី​ថ្មី គឺ​ចាំបាច់​ត្រូវធ្វើ​យ៉ាងណា វិស័យ​ទេសចរណ៍​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​បង្កើត​ការងារ​យ៉ាង​ទូលំទូលាយ ដូច​មុន​ពេល​នៃ​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩ កាលពី​ឆ្នាំ​២០១៩ ដែល​ពេល​នោះ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​មនុស្ស​ចំនួន ៦៣០.០០០​នាក់ ជាមួយនឹង​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន​រហូត​ដល់ ៤,៩​ពាន់​លាន​ដុល្លារ ឬ ១៨,២​ភាគរយ​នៃ​អត្រា​ផលិតផល​នៅ​ក្នុងស្រុក​ឲ្យ​បាន​ឆាប់ ។ បន្ទាប់​មក​បន្ត​សម្លឹង​ហើយ​ដាក់​ការ​ប្រឈម​លើ​ការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ជា​ជំហាន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ