ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹង​អាច​ប្រើ​សុទ្ធតែ​ឡាន​អគ្គិសនី​ឬទេ នៅ​ពេល​អនាគត?

1 ខែ មុន
  • ភ្នំពេញ

ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ផ្លាស់​ប្តូរ​រថយន្ត ៤០​ភាគរយ និង​ម៉ូតូ ៧០​ភាគរយ ដែល​ប្រើ​ប្រេងឥន្ធនៈ ទៅ​ជា​រថយន្ត និង​ម៉ូតូ​អគ្គិសនី (EVs) នៅ​ឆ្នាំ​២០៥០…

ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ផ្លាស់​ប្តូរ​រថយន្ត ៤០​ភាគរយ និង​ម៉ូតូ ៧០​ភាគរយ ដែល​ប្រើ​ប្រេងឥន្ធនៈ ទៅ​ជា​រថយន្ត និង​ម៉ូតូ​អគ្គិសនី (EVs) នៅ​ឆ្នាំ​២០៥០ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​ផ្អែក​លើ​ផលធៀប​ជាមួយនឹង​យាន​យន្ត​ដែល​ប្រើ​ប្រេងឥន្ធនៈ​សរុប​ប្រមាណ​ជា​ជាង ៧​លាន​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន​សព្វ​ថ្ងៃនេះ ដោយ ៨៥​ភាគរយ ជា​ម៉ូតូ គោលដៅ​ដ៏​មហិច្ឆតា ប្រហែលជា​នឹង​មិន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​រលោង​នោះ​ឡើយ​។

ចាប់ពី​ពេល​នេះ​ទៅ ដល់​ឆ្នាំ​២០៥០ គឺ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ជាង​២៥​ឆ្នាំទៅ​មុខ ដូច្នេះ​កម្ពុជា អាច​នឹង​សម្រេច​បាន ប៉ុន្តែ​ក៏​ទាមទារ​នូវ​ការ​ប្តេជ្ញា​ចិត្ត​មួយ​ដ៏​ខ្ពស់ ត្បិត​ពេលវេលា​នៅ​យូរ​ដែរ​ក៏​ដោយ ពី​ព្រោះ​ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដែល​កំណត់​នេះ កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ដ៏​ស្មុគស្មាញ​នៃ​កត្តាសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​សង្គម​នៅឡើយ​ទេ នៅ​ពេល​នេះ ។

ឧបសគ្គ​ចម្បង​មួយ​ដែល​កម្ពុជា​ប្រឈម​មុខ គឺ​ការ​ពឹងផ្អែក​ខ្លាំង​របស់​ខ្លួន លើ​យានយន្ត​ដែល​ប្រើ​ប្រេងឥន្ធនៈ ពីព្រោះ​មក​ដល់​ពេល​នេះ ប្រជាជន​ភាគច្រើន ជា​ពិសេស​នៅ​តំបន់​ជនបទ គឺ​ពឹងផ្អែក​លើ​ម៉ូតូ ដែល​ស្មើនឹង ៨៥% នៃ​ចំនួន​យានយន្ត​សរុប​។ ហើយ​នៅ​ទូ​ទាំង​ប្រទេស រថយន្ត​ដែល​ប្រជាពល​រដ្ឋ​កំពុង​តែ​ប្រើ ទៀត​សោត​មិន​ត្រឹមតែ​ជា​រថយន្ត​ប្រើ​ត្រឹមតែ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​សំបូរ​រថយន្ត​ចាស់​ៗ​ទៀត​ផង ។ សូមកុំ​ភ្លេច​! មក​ដល់​ពេល​នេះ នៅ​តាម​ដងផ្លូវ មាន​រថយន្ត​មិន​តិច​ទេ ដែល​ជា​ប្រភេទ​រថយន្ត​ជជុះ ដែល​ឆ្នាំ​ផលិត​នោះ គឺ​ហួស​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ ។

លើស​ពី​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស ត្រូវការ​ការ​កែ​លម្អ​បន្ថែម​ទៀត​ច្រើន ពីព្រោះ​ថា ទោះបីជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស សឹងតែ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​ក៏​ពិតមែន ប៉ុន្តែ​ជា​ទូទៅ នៅ​ជនបទ​មួយ​ភាគ​ធំ គឺ​ពលរដ្ឋ​អាច​ប្រើប្រាស់​ត្រឹមតែ​អំ​ពូ​ល និង កង្ហារ ហើយ​បើ​ប្រើប្រាស់ ឧបករណ៍​សាក​ប្រភេទ​យានយន្ត​អគ្គិសនី​មិន​អាច​អូស​រួច​ឡើយ ។ ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​របស់​កម្ពុជា ក៏​មិន​ទាន់​បាន​បំពាក់​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​តម្រូវការ​នៃ​បញ្ចូល​ថ្ម​យានយន្ត​ទាំង​អស់នោះ​នៅឡើយ ។ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ទើបតែ​មាន​យានយន្ត​អគ្គិសនី​សរុប​ត្រឹមតែ ៣.៦៧៦​គ្រឿង​ហើយ មាន​ស្ថានីយ៍​សាក​អា​គុយ​ទើបតែ​បាន​២១​កន្លែង​តែ​ប៉ុណ្ណោះ ។

ទោះបីជា​មាន​បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា មាន​ផ្លូវ​ជា​ច្រើន​ដែល​អាច​ផ្លាស់​ប្តូរ​ទៅ​ជា​យានជំនិះ​អគ្គិសនី​ដោយ​ជោគជ័យ បើ​មានការ​ប្តេជ្ញា​ចិត្ត និង​មានការ​លើកទឹកចិត្ត​ខ្ពស់​។ ទី​១ កម្ពុជា អាច​ព​ន្លឿ​ន​ការ​អនុម័ត​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ខ្ពស់ ។ ការ​លើកទឹកចិត្ត​ទាំងនេះ អាច​រួម​បញ្ចូល​ទាំង​ការ​បន្ធូរ​បន្ថយពន្ធ​លើ​ការ​នាំ​ចូល ការ​ឧបត្ថម្ភ​ធន​សម្រាប់​អ្នក​ប្រើប្រាស់ និង​ការ​បញ្ចុះ​ថ្លៃ​ហេដ្ឋារចនាសម្ព័ន្ធ​គិតថ្លៃ​។ រដ្ឋាភិបាល ក៏​អាច​បង្កើត​គោលនយោបាយ ដែល​លើកទឹកចិត្ត​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដល់​អតិថិជន​ដែល​ទិញ​រថយន្ត​អគ្គិសនី ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​ប្រើប្រាស់​និង​ទាក់ទាញ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា បាន​បោះ​ជំហាន​ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​ថាមពល​នេះ​រួច​ហើយ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ទាមទារ ដើម្បី​ធ្វើ​ឱ្យ​ថាមពល​កកើត​ឡើង​វិញ ដែល​ជា​ឆ្អឹងខ្នង​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​ខ្លួន​កាន់តែ​រឹង​មាំ​។ យុទ្ធសាស្ត្រ​សំខាន់​មួយទៀត គឺ​ការ​វិនិយោគ​លើ​ការ​ដឹក​ជញ្ជូន​សាធារណៈ​។ ការ​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​រថយន្តក្រុង​អគ្គិសនី និង​ការ​លើកកម្ពស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ដែល​មាន​អគ្គិសនី​នៅ​ក្នុង​តំបន់​ទីក្រុង នឹង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​យ៉ាងច្រើន​។ វិធីសាស្ត្រ​នេះ ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​បំពុលបរិយាកាស ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា​រាជធានី​ភ្នំពេញ​។

ក្រៅពី​នេះ ការ​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ​២០៥០ របស់​ប្រទេស​កម្ពុជា ក៏​នឹង​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​សាធារណៈ​ចំពោះ​យានយន្ត​អគ្គិសនី ផង​ដែរ​។ យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​អត្ថប្រយោជន៍​នៃ​យានជំនិះ​អគ្គិសនី ទាំង​ការ​សន្សំ​ថ្លៃដើម និង​ផល​ប៉ះពាល់​បរិស្ថាន នឹង​មាន​សារៈសំខាន់​។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធានា​ថា ស្ថានីយ៍​សាក​ថ្ម និង​កន្លែង​ជួសជុល​មាន​យ៉ាង​ទូលំទូលាយ ដូច្នេះ​វា​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​អ្នក​ប្រើប្រាស់​អំពី​ភាព​ងាយស្រួល​។

សរុប​មក​វិញ គោលដៅ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា ចំពោះ​យានយន្ត​អគ្គិសនី​តំណាង​ឱ្យ​ការ​ទទួលខុសត្រូវ​រួម​គ្នា​រវាង​រដ្ឋាភិបាល ធុរៈជន និង​ប្រជាពលរដ្ឋ​។ ផ្អែក​នៅ​លើ​ទឡ្ហីករណ៍ ដែល​មានការ​កំណត់​គោល​ដៅ​ឆ្នាំ ២០៥០ គឺ​គួរ​ឱ្យ​ខ្លាច ដោយសារ​តែ​គោលដៅ​នេះ មាន​តែ​នៅ​លើ​គោលនយោបាយ តែ​ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​សាធារណៈ វា​នៅ​មាន​សំពាធ និង​ស្ថានភាព​មិន​ស៊ីគ្នា ប៉ុន្តែ​ប្រសិនបើ​កម្ពុជា អាច​ធ្វើការ​ផ្លាស់​ប្តូរ​នេះ​ដោយ​ជោគជ័យ វា​នឹង​មិន​ត្រឹមតែ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សាកល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់ខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រកបដោយ​និរន្តរភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ