រាជធានីភ្នំពេញ ៖ នារីកម្មការិនីរោងចក្រម្នាក់ បានដើរចេញពីផ្ទះជួលឆ្លងផ្លូវទៅធ្វើការរោងចក្រ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ មួយគ្រឿង ទៅដល់បុកពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់។ ស្របពេលនោះ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ គ្រឿងផ្សេងទៀត បើកលឿនស្របគ្នា ទៅដល់បុកថែម១តង់ទៀត បណ្ដាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ចំណែកអ្នកជិះម៉ូតូទាំង២គ្រឿង រងរបួសស្រាល ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមយុវជនម្នាក់ ដែលត្រូវជាគូដណ្ដឹងរបស់នាងកម្មការិនីរងគ្រោះខាងលើ បានទៅមើលនាងភ្លាមៗ ហើយបានអះអាងថា នាងរងគ្រោះឈ្មោះ ឃា អាយុ១៧ឆ្នាំ ធ្វើការរោងចក្រកាត់ដេរនៅជិតកន្លែងកើតហេតុខាងលើ។ នាងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងស្នាក់នៅជិតកន្លែងកើតហេតុ ហើយនាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ ក៏ជួបគ្រោះថ្នាក់ចរាចរបែបនេះតែម្ដង ។
ប្រជាពលរដ្ឋ ដែលលក់ដូរនៅក្បែរកន្លែងកើតហេតុនោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតមានគ្រោះថ្នាក់ នាងរងគ្រោះបានដើរឆ្លងផ្លូវវ៉េងស្រេងនោះ ក្នុងទិសដៅពីជើងទៅត្បូង ពេលនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JJ-9487 បើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើតទៅដល់បុកពេញទំហឹង បណ្ដាលឲ្យនាងដួលបោកផ្ទប់ថ្នល់ ប៉ុន្តែរងរបួសរងរបួសស្រាលមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ស្របពេលនោះ ក៏មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ធំ 1O- 4760 មួយគ្រឿងទៀត បើកបរធ្វើដំណើរក្នុងល្បឿនលឿន ពីលិចទៅកើតដែរបុកថែម១តង់ទៀត បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូបង្កទាំង២គ្រឿង បានដួលរងការខូចខាត ប៉ុន្តែអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្តថា ក្រោយពេលកើតហេតុក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ