ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេចចិត្ត​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ធនាគារកណ្តាល​អា​មេ​រិ​ក ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​ចំនួន​0,៥​ភាគរយ ដែល​នាំ​ឲ្យ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​មក​ក្នុង​ចន្លោះ​ពី​៤,៧៥​ភាគរយ​ទៅ​៥ ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ នៅ​ក្នុង​គោលនយោបាយ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​វា​មិន​មាន​ផល តែ​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​កម្ពុជា​ក៏​នឹង​អាច​ទទួលផល​ដែរ ។…

ការ​សម្រេចចិត្ត​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ធនាគារកណ្តាល​អា​មេ​រិ​ក ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​ចំនួន​0,៥​ភាគរយ ដែល​នាំ​ឲ្យ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​មក​ក្នុង​ចន្លោះ​ពី​៤,៧៥​ភាគរយ​ទៅ​៥ ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ នៅ​ក្នុង​គោលនយោបាយ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​វា​មិន​មាន​ផល តែ​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​កម្ពុជា​ក៏​នឹង​អាច​ទទួលផល​ដែរ ។

ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ហិរញ្ញវត្ថុ​នេះ ជា​ការ​កាត់​បន្ថយ​អត្រា​ដំបូង ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ ចាប់តាំងពី​ពិភពលោក​ធ្លាក់​នៅ​ក្នុង​ភាព​វឹកវរ បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ភាព​រ៉ាំរ៉ៃ​នៃ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ជាដើម​។​ល ។ ការ​សម្រេចចិត្ត​នេះ បង្ហាញ​ពី​ការ​ប៉ុនប៉ង ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សក្តានុពល នៅ​ក្នុង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ហើយ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នេះ វា​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​សហរដ្ឋអាមេរិក​នោះ​ទេ គឺ​ពិភពលោក ហើយ​សូ​ម្បី​តែ​កម្ពុជា​ក៏​អាច​នឹង​ទទួល​ឥទ្ធិពល​ដ៏​វិជ្ជមាន​មួយ​ផ្នែក​ហើយ​ក៏​អាច មាន​ហានិភ័យ​ខ្លះ​ៗ​ដែរ ។

នៅ​ក្នុង​គោលបំណង​កាត់​បន្ថយ​អត្រា​អតិផរណា​ដ៏​ខ្ពស់​ដែល​បាន​ឡើង​ដល់​៧​ភាគរយ កាលពី​ឆ្នាំ​២០២១ ធនាគារកណ្តាល​អា​មេ​រិ​កបាន​ដំឡើង​អត្រា​ការ​ប្រាក់​រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​៥,៥​ភាគរយ នៅ​ក្នុង​មួយ​ឆ្នាំ​ឲ្យ​មក​នៅ​ត្រឹម​២,៥ ភាគរយ នៅ​ក្នុង​រង្វង់​ឆ្នាំ​២០២៤ វា​ធ្វើ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​រស់នៅ​ក្នុង​សម្ពាធ​នៃ​បញ្ហា រស់នៅ​ក្នុង​សំពាធ​នៃ​ការ​សន្សំ​សំចៃ​ខ្ពស់​ដែល​នាំ​ឲ្យ​ពួក​គេ​រិ​ត​ត្បិត​លើ​ការ​ចំណាយ​ដែល​ប៉ះពាល់ តាំងពី ជីវភាព​រស់នៅ​ប្រចាំ​ថៃ​រហូត​ដល់​លំហូរ​ទុន​ផ្សេង​ៗ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ពីព្រោះ សហរដ្ឋអាមេរិក​ក៏​ជា​ប្រទេស​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា ។

កាលពី​ឆ្នាំ​២០២៣ នៅ​ក្នុង​ទំហំ​នាំ​ចេញ​សរុប​របស់​កម្ពុជា តម្លៃ​ជិត​២៣​ពាន់​លាន​ដុល្លារ កម្ពុជា​នាំ​ចេញ​បាន​រហូត​ដល់​ទៅ​ជិត​៩​ពាន់​លាន​ដុល្លារ ហើយ​៨​ខែ ដើមឆ្នាំ​២០២៤ នេះ កម្ពុជា​បាន​នាំ​ចេញ​ទៅ​អា​មេ​រិ​កបាន​រហូត​ដល់​ទៅ​ជាង​៦,៧​ពាន់​លាន ដុល្លារ កើនឡើង​ដល់​ទៅ​១០,៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៣ ។ ក្រៅពី​ការ​នាំ​ចេញ ទេសចរណ៍​អា​មេ​រិ​ក​ក៏​កំពុង​តែ​មាន​ទំនោរ​កើនឡើង​ដែរ ដោយ​៧​ខែ​នៃ​ឆ្នាំ​២០២៤ កម្ពុជា បាន​ទាក់ទាញ​ទេសចរ​អា​មេ​រិ​កបាន​១២៩.៥០០ នាក់ កើនឡើង​១៧​ភាគរយ ។

ក្រៅពី​ទីផ្សារ​នាំ​ចេញ​ក៏​ដូច​ជា ទេសចរណ៍ កម្ពុជា​នៅ​ទទួល​ឥទ្ធិពល​វិជ្ជមាន​ពី​ស្ថានភាព​ដ៏​ប្រសើរ​ពី​អា​មេ​រិ​ក ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​បរិយាកាស​វិនិយោគ​ក៏​ដូច​ជា លំហូរ​ទុន​វិនិយោគ​ផ្សេង​ៗ​ទោះបីជា​អា​មេ​រិ​ក​មិន​ទាន់​ដាក់​ទុន​ធំ​ៗ​មក​កម្ពុជា​ក្តី ក៏​កាលណា​សេដ្ឋកិច្ច​អា​មេ​រិ​ក​ប្រសើរ​នៅ​ក្នុង​នាម​ជា​មហាអំណាច អា​មេ​រិ​ក គឺជា​ជីប​ចរ​សេដ្ឋកិច្ច​សាកល ដូច្នេះ​កាលណា​ជីប​ចរ​នោះ​ដើរ​មាន​ស្ថេ​រ​ភាព ប្រទេស​ផ្សេង​ៗ​ក៏​នឹង​កាន់តែ​ប្រសើរ ។ ដូច្នេះ​ឥទ្ធិពល​វិជ្ជមាន និង​ប្រសើរ​ក៏​ជា​បច្ច័យ​វិជ្ជមាន​សម្រាប់​កម្ពុជា​ដោយ​ប្រយោល​ផង​ដែរ​លើ​វិស័យ​ហិរញ្ញវត្ថុ លើ​វិស័យ​នាំ​ចេញ​ក៏​ដូច​ជា ទេសចរណ៍ ។

ក្នុង​ពេល​សេដ្ឋកិច្ច​អា​មេ​រិ​ក​ប្រសើរ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​អា​មេ​រិ​ក​អាច​នឹង​ធ្វើ​ឱ្យប្រាក់​ដុល្លារ​អា​មាន​ស្ថេ​រ​ភាព ។ ដូច្នេះ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ប្រសើរ ពលរដ្ឋ​ផ្សេង​ៗ​នៅ​លើ​ពិភពលោក​ក៏​អាច​ប្រសើរ​ដែល​នាំ​ឲ្យ​ពួក​គេ​អាច​បង្កើន​ការ​ចំណាយ ដូច្នេះ​ទំនិញ​កម្ពុជា និង​ទេសចរណ៍​កម្ពុជា​ក៏​កាន់តែ​មាន​សង្ឃឹម ។ ក្រៅពី​ពាណិជ្ជកម្ម​ស្ថានភាព​នៃ​ស្ថេ​រ​ភាព​លុយ​រៀល​កម្ពុជា​ក៏​អាច​នឹង​ប្រសើរ​ពីព្រោះ​លុយ​រៀល និង​ដុល្លារ អា​មេ​រិ​ក​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ដោយសារ​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​ចាយ​លុយ​ដុល្លារ​មួយ​នៅ​លើ ពិភពលោក ។

ក្រៅពី​ភាព​វិជ្ជមាន ការ​សម្រេចចិត្ត​នេះ ក៏​អាច​បង្ក​ហានិភ័យ​ផង​ដែរ ជា​ពិសេស​ទាក់ទង​នឹង​ការ​ប្រែប្រួល​តម្លៃ​នៃ​រូបិយប័ណ្ណ ។ ប្រាក់​រៀល​កម្ពុជា មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​អាច​បង្កើន​សម្ពាធ​អតិផរណា​នៅ​កម្ពុជា ។ ដោយសារ​ទំនិញ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​ការ​នាំ​ចូល​មាន​តម្លៃ​ជា​ដុល្លារ ។ ដូចនេះ​ចលនា​សំខាន់​ណាមួយ​ជា​ប្រាក់​ដុល្លារ​អាច​នាំ​ឱ្យ​តម្លៃ​នាំ​ចូល​ខ្ពស់​ដូច​ជា ប្រេងឥន្ធនៈ គ្រឿង​ម៉ាស៊ីន និង​ទំនិញប្រើប្រាស់​ផ្សេង ។ ស្ថានភាព​បែប​នេះ​វា​អាច​ប៉ះពាល់​ដល់ អំណាច​ទិញ​សម្រាប់​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម​កម្ពុជា ដែល​អាច​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ក្នុងស្រុក​មានការ​ថយ​ចុះ​។
លើស​ពី​នេះ ប្រសិនបើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ខ្លាំង ធនាគារជាតិ​នៃ​កម្ពុជា អាច​នឹង​រង​សម្ពាធ​ឱ្យធ្វើ​អន្តរាគមន៍ ដើម្បី​រក្សា​ស្ថិរភាព​រូបិយប័ណ្ណ​ក្នុងស្រុក ។ ការ​គ្រប់គ្រង​អតិផរណា និង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ក្នុង​សេណា​រី​យ៉ូ​នេះ ។

សរុប​មក​វិញ​ការ​សម្រេចចិត្ត​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​ក្នុង​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​បង្ហាញ​ទាំង​ឱកាស និង​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ។ ខណៈ​ពេល​ដែល​វា​អាច​នាំ​ឱ្យ​មានការ​កើនឡើង​នៃ​ការ​វិនិយោគ​បរទេស ការ​ជំរុញ​ទេសចរណ៍ និង​សក្តានុពល​នៃ​ការ​នាំ​ចេញ​ដែល​មាន​សក្តានុពល​ខ្ពស់​ក៏​ពិតមែន តែ​វា​ក៏​មាន​ហានិភ័យ​ទាក់ទង​នឹង​ការ​ប្រែប្រួល​រូបិយប័ណ្ណ អតិផរណា និង​ការ​គ្រប់គ្រង​បំណុល ដូច្នេះ​អ្នក​បង្កើត​គោលនយោបាយ​របស់​កម្ពុជា​រំពឹង​ថា នឹង​រក្សា​ការ​ប្រុង​ប្រយ័ត្ន​នូវ​សក្ដានុពល​ទាំងនេះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ