ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្លាស់ប្តូររថយន្ត ៤០ភាគរយ និងម៉ូតូ ៧០ភាគរយ ដែលប្រើប្រេងឥន្ធនៈ ទៅជារថយន្តនិងម៉ូតូអគ្គិសនី (EVs) នៅឆ្នាំ 2050 គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញកាបូន។…
ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្លាស់ប្តូររថយន្ត ៤០ភាគរយ និងម៉ូតូ ៧០ភាគរយ ដែលប្រើប្រេងឥន្ធនៈ ទៅជារថយន្តនិងម៉ូតូអគ្គិសនី (EVs) នៅឆ្នាំ 2050 គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញកាបូន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើផ្អែកលើផលធៀបជាមួយនឹងយានយន្តដែលប្រើប្រេងឥន្ធនៈសរុបប្រមាណជាជាង ៧លានគ្រឿងនៅលើផ្លូវរបស់ខ្លួនសព្វថ្ងៃនេះដោយ ៨៥ភាគរយជាម៉ូតូ គោលដៅដ៏មហិច្ឆតា ប្រហែលជានឹងមិនធ្វើដំណើរលើផ្លូវដែលរលោងនោះឡើយ។
ពីពេលនេះទៅដល់ឆ្នាំ២០៥០គឺត្រូវប្រើប្រាស់ពេលវេលា ជាង ២៥ឆ្នាំទៅមុខ ដូច្នេះកម្ពុជាអាចនឹងសម្រេចបាន ប៉ុន្តែក៏ទាមទារនូវការប្តេជ្ញាចិត្តមួយដ៏ខ្ពស់ត្បិតពេលវេលានៅយូរដែរក៏ដោយ ពីព្រោះថាដើម្បីសម្រេចបាននូវគោលដៅដែលកំណត់នេះ កម្ពុជាកំពុងតែប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនៃកត្តាសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមនៅឡើយទេនៅពេលនេះ ។
ឧបសគ្គចម្បងមួយដែលកម្ពុជាប្រឈមមុខគឺការពឹងផ្អែកខ្លាំងរបស់ខ្លួនលើយានយន្តដែលប្រើប្រេងឥន្ធនៈ ពីព្រោះមកដល់ពេលនេះ ប្រជាជនភាគច្រើន ជាពិសេសនៅតំបន់ជនបទ ពឹងផ្អែកលើម៉ូតូ ដែលស្មើនឹង ៨៥% នៃចំនួនយានយន្តសរុប។ ហើយនៅទូទាំងប្រទេសរថយន្ត ដែលប្រជាពលរដ្ឋកំពុងតែប្រើទៀតសោតមិនត្រឹមតែជារថយន្តប្រើត្រឹមតែប្រេងឥន្ធនៈប៉ុណ្ណោះទេ គឺថែមទាំងសំបូររថយន្តចាស់ៗទៀតផង ។ សូមកុំភ្លេច មកដល់ពេលនេះនៅតាមដងផ្លូវមានរថយន្តមិនតិចទេដែលជាប្រភេទរថយន្តជជុះ ដែលឆ្នាំផលិតនោះគឺហួសអាយុកាលប្រើប្រាស់ច្រើនឆ្នាំ ។
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវការការកែលម្អបន្ថែមទៀតច្រើន ពីព្រោះថា ទោះបីជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសសឹងតែអាចមានលទ្ធភាពប្រើប្រាស់អគ្គីសនីក៏ពិតមែន ប៉ុន្តែ ជាទូទៅនៅជនបទមួយភាគធំគឺពលរដ្ឋអាចប្រើប្រាស់ត្រឹមតែអំពូល និង កង្ហារ ហើយបើប្រើប្រាស់ ឧបករណ៍សាកប្រភេទយានយន្តអគ្គីសនីមិនអាចអូសរួចឡើយ ។
ម្យ៉ាងវិញទៀតហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីនាពេលបច្ចុប្បន្នរបស់កម្ពុជាក៏មិនទាន់បានបំពាក់ឲ្យគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការនៃបញ្ចូលថ្មយានយន្តទាំងអស់នោះនៅឡើយ ។ នៅទូទាំងប្រទេសកម្ពុជាទើបតែមានយានយន្តអគ្គីសនីសរុបត្រឹមតែ ៣.៦៧៦គ្រឿងហើយ មានស្ថានីយ៍សាកអាគុយទើបតែបាន២១ កន្លែងប៉ុណ្ណោះ ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ប្រទេសកម្ពុជាមានផ្លូវជាច្រើនដែលអាចផ្លាស់ប្តូរទៅជាយានជំនិះអគ្គិសនីដោយជោគជ័យបើមានការប្តេជ្ញាចិត្តនិងមានការលើកទឹកចិត្តខ្ពស់។ ទីមួយ កម្ពុជាអាចពន្លឿនការអនុម័តការប្រើប្រាស់យានយន្តអគ្គីសនី ដោយផ្តល់ការលើកទឹកចិត្តខ្ពស់ ។
ការលើកទឹកចិត្តទាំងនេះអាចរួមបញ្ចូលទាំងការបន្ធូរបន្ថយពន្ធលើការនាំចូល ការឧបត្ថម្ភធនសម្រាប់អ្នកប្រើប្រាស់ និងការបញ្ចុះថ្លៃហេដ្ឋារចនាសម្ព័ន្ធគិតថ្លៃ។ រដ្ឋាភិបាលក៏អាចបង្កើតគោលនយោបាយដែលលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់អតិថិជនដែលទិញរថយន្តអគ្គីសនី ដែលធ្វើឱ្យវាកាន់តែងាយស្រួលប្រើប្រាស់និងទាក់ទាញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជាបានបោះជំហានក្នុងទិសដៅអភិវឌ្ឈន៍ថាមពលនេះរួចហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតនឹងត្រូវបានទាមទារដើម្បីធ្វើឱ្យថាមពលកកើតឡើងវិញ ដែលជាឆ្អឹងខ្នងនៃការផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួនកាន់តែរឹងមាំ។ យុទ្ធសាស្ត្រសំខាន់មួយទៀតគឺការវិនិយោគលើការដឹកជញ្ជូនសាធារណៈ។ ការលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមានអគ្គីសនីនៅក្នុងតំបន់ទីក្រុងនឹងកាត់បន្ថយការបំភាយឧស្ម័នយ៉ាងច្រើន។ វិធីសាស្ត្រនេះក៏នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាស ជាពិសេសនៅក្នុងទីក្រុងធំៗដូចជារាជធានីភ្នំពេញ។
ក្រៅពីនេះការសម្រេចបាននូវគោលដៅឆ្នាំ ២០៥០ របស់ប្រទេសកម្ពុជា ក៏នឹងតម្រូវឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយាសាធារណៈចំពោះយានយន្តអគ្គីសនី ផងដែរ។ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃយានជំនិះអគ្គិសនី ទាំងការសន្សំថ្លៃដើម និងផលប៉ះពាល់បរិស្ថាន នឹងមានសារៈសំខាន់។ ជាងនេះទៅទៀត រដ្ឋាភិបាលត្រូវតែធ្វើការជាមួយវិស័យឯកជន ដើម្បីធានាថាស្ថានីយ៍សាកថ្ម និងកន្លែងជួសជុលមានយ៉ាងទូលំទូលាយ ដូច្នេះវាកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់អំពីភាពងាយស្រួល។
សរុបមកវិញគោលដៅនៃការផ្លាស់ប្តូររបស់កម្ពុជាចំពោះយានយន្តអគ្គិសនីតំណាងឱ្យការទទួលខុសត្រូវរួមគ្នារវាងរដ្ឋាភិបាល ធុរជន និងប្រជាពលរដ្ឋ។ ផ្អែកនៅលើទឡ្ហីករណ៍ដែលមានការកំណត់គោលដៅឆ្នាំ ២០៥០ គឺគួរឱ្យខ្លាច ដោយសារតែគោលដៅនេះមានតែនៅលើគោលនយោបាយ តែការវិនិយោគ និងកិច្ចសហប្រតិបត្តិការសាធារណៈ វានៅមានសំពាធនិងស្ថានភាពមិនស៊ីគ្នា ប៉ុន្តែ ប្រសិនបើកម្ពុជាអាចធ្វើការផ្លាស់ប្តូរនេះដោយជោគជ័យ វានឹងមិនត្រឹមតែរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ខ្លួនជាអ្នកដឹកនាំក្នុងតំបន់ក្នុងការដឹកជញ្ជូនប្រកបដោយនិរន្តរភាពផងដែរ ៕
ចែករំលែកព័តមាននេះ