រាជធានីភ្នំពេញ ៖ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រណៃជាតិដ៏សំខាន់បំផុតមួយសម្រាប់ប្រជាពលរដ្ឋពលរដ្ឋខ្មែរគ្រប់ៗរូប ដែលមានឱកាសជួបជុំក្រុមគ្រួសារ សាច់ញាតិ និងធ្វើបុណ្យទាន ប្រកបដោយភាពរីករាយ និងស្នាមញញឹម ចាប់តាំងតែពីបិណ្ឌ១ រហូតដល់បិណ្ឌ១៥ ។
ទន្ទឹមនឹងភាពរីករាយនាឱកាសនេះភាពមមាញឹកនៃចរាចរណ៍តាមដងផ្លូវទូទាំងប្រទេសដែលមានការកើនឡើងយ៉ាងគំហុក ជាពិសេសសម្រាប់អ្នកធ្វើដំណើរទៅវត្តអារាម ទៅស្រុកកំណើត និងដើរកម្សាន្តតាមរមណីយដ្ឋាននានានោះ តែងតែបង្កឱ្យមានវិប្បសារី សប្បាយក្លាយជាទុក្ខ ប្រសិនជាអ្នកបើកបរយាន្តគ្រប់ប្រភេទធ្វេសប្រហែសត្រឹមតែ១វិនាទី។
ដោយសារកំណើនចរាចរណ៍ដ៏មមាញឹកកំឡុងបុណ្យទាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក៏មានកំណើនដូចគ្នាដែលបណ្តាលឱ្យមានជនរងគ្រោះបាត់បង់ជីវិត របួស និងការខូចខាតទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់ ។ ភាគច្រើននៃមូលហេតុបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាមនុស្ស ដែលបើកបរមិនគោរពច្បាប់ ឬធ្វេសប្រហែស ជាពិសេសបើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងបើកបរក្នុងស្ថានភាពស្រវឹង ។
ដូច្នេះហើយ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដោយអនុវត្តវិធានការទាំង ៧ចំណុចនេះ ៖
១-អ្នកបើកបរត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ឬផ្លូវរអិល។ល ។ ២-អ្នកបើកបរត្រូវបើកបរបន្ថយល្បឿន នៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ ផ្លូវប្រសព្វ តាមច្បាប់ ផ្លាកសញ្ញាសិទ្ធិអាទិភាព និងការយោគយល់អាធ្យាស្រ័យ ។
៣-អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ ។ ៤-អ្នកបើកបរមុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថា ផ្លូវខាងមុខទំនេរអាចជែងបានដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែងដោយប្រថុយប្រថាន ។
៥-ត្រូវត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ ល។ ៦-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា ។ ៧-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល ។
៨-ត្រូវប្រកាន់ខ្ជាប់នូវស្មារតីគោរពច្បាប់ ប្រុងប្រយ័ត្នជានិច្ច សីលធម៌រក្សាសុវត្ថិភាព និងការយោគយល់ អធ្យាស្រ័យក្នុងការបើកបរ ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្តលើ ស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយ រីករាយជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះកុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ ។
សេចក្តីអំពាវនាវ ស្តីពីការប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ លេខ ៣៣ គ.ស.ច.គ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ ៕ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ