ខេត្តកំពង់ស្ពឺ ៖ មនុស្សរស់នៅអាស្រ័យលើការហូបចុក ហើយមានមុខរបរ ប្រកបរបរ និងជំនាញផ្សេងៗគ្នា ជាក់ស្តែងស្ត្រីជាអ្នកលក់ដូរនំ ចំណី ផ្លែឈើ បានត្អូញត្អែថា បច្ចុប្បន្ននេះគាត់លក់ដូរមិនសូវជាដាច់សោះ មិនដឹងមកពីមូលហេតុអ្វីនោះទេ?
ស្ត្រីអ្នកលក់នំ ចំណី ផ្លែឈើ មានឈ្មោះស៊ុន ចិន្តា អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រៀបរាប់ថា គាត់ប្រកបរបរដើរលក់នំ ចំណី ផ្លែឈើតិចតួចនេះជាង១០ឆ្នាំមកហើយ បន្ទាប់ពីធ្វើស្រែរួច។ ហើយនំ ចំណី ផ្លែឈើនេះគឺគាត់ទទួលពីគេ ដោយក្នុងមួយថ្ងៃចំណាយលុយជាង១០ម៉ឺនរៀល មានចាប់ពី៥ទៅ៦មុខ ដូចជា នំថង់ងួន នំត្នោត ផ្លែប៉ោម ផ្លែពុទ្រា ផ្លែស្វាយ។ល។ ដើរលក់ក្នុងផ្សារកំពង់ស្ពឺ តាមរថយន្តតាក់ស៊ីដែលគេឈប់ចត ថ្ងៃខ្លះគាត់លក់បានចាប់ពី៣ទៅ៥ម៉ឺនរៀល។ ពេលយកមកម្តងលក់២ទៅ៣ថ្ងៃបានលក់អស់ ទើបទៅទទួលពីគេទៀត។
អ្នកស្រី ស៊ុន ចិន្តា បន្តថាគាត់មានប្តីនិងកូនពីរនាក់នៅក្នុងបន្ទុក ប្តីធ្វើស្រែចំការ ចំណែកកូនៗបន្តការសិក្សា រូបគាត់ជាអ្នកលក់ដូរនំ ចំណី ផ្លែឈើតិចតួចនេះគ្រាន់បានចំនេញប្រាក់តិចតួចគ្រាន់ផ្គត់ផ្គង់គ្រួសារ និងកូនៗបានរៀនសូត្រខ្លះដែរ។ កាលពីមុនគាត់លក់ដាច់គួរសមដែរ ចាប់តាំងពីសម័យកូវិដ.១៩វាយលុកមក គាត់លក់ដូរហាក់បីដូចជាមិនសូវដាច់សោះ ។ បើទោះបីជាលក់ដូរមិនសូវដាច់ក្តី រូបគាត់ក៏នៅតែប្រឹងតស៊ូ ដើរលក់ទាំងក្តៅ ទាំងភ្លៀង ក៏ព្រោះតែតម្រូវការជីវភាពគ្រួសារនិងអនាគតកូនៗរបស់គាត់ផងដែរ៕
ចែករំលែកព័តមាននេះ