ខេត្តបាត់ដំបង៖ ស្រាបៀរយ៉ាងតិចជាង២០កេស ក្នុងនោះស្រាបៀរហនុមាណច្រើនជាងគេ ត្រូវលោកចោរគាស់ទ្វេរចូលលួចដឹកចេញពីក្នុងតូបលក់ដូរមួយកន្លែង ដោយសុវត្ថិភ៌ាព កាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ កញ្ញា នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខណៈម្ចាស់បិតទ្វារតូបទុកចោល រួចទៅដេកនៅផ្ទះ។
យោងតាមរបាយការណ៏សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបលក់ស្រាបៀរនោះឈ្មោះ ធឿន តូវហ៊ុយ ប្រុសអាយុ៣៥ឆ្នាំ រស់នៅសង្កាត់អូរចា ក្រុងបាត់ដំបង។ នៅយប់កើតហេតុ គាត់មិនបានស្នាក់នៅក្នុងតូបលក់ស្រាបៀរនោះទេ។ គាត់ទៅដេកនៅផ្ទះ លុះព្រឹកឡើង នៅពេលគាត់មកបើកតូបលក់ដូរទើបដឹង ហើយក៏រាយការណ៏ប្ដឹងសមត្ថកិច្ចតែម្ដង។
បើតាមសមត្ថកិច្ចដែលចុះពិនិិត្យកន្លែងកើតហេតុ បានឲ្យដឹងថា គេមិនទាន់ដឹងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់ទេ ហើយគេក៏មិនទាន់ដឹងថា ប្រើប្រាសមធ្យោបាយអ្វីដែរ បានជាគាស់ទ្វារតូបចូលទៅលួចស្រាបៀរ រួចដឹកជញ្ជូនចេញស្រូលយ៉ាងនេះ។ ម្ចាស់តូបបានប្រាប់សមត្ថកិច្ចថា លោកចោរបានលួចយកស្រាបៀរគាត់អស់ចំនួន២៤កេស ក្នុងនោះស្រាបៀហនុមាណទឹកខ្មៅអស់ចំនួន២១កេស និង ស្រាបៀរថៃហ្គ័រចំនួន០៣កេស។
អធិការស្រុកសង្កែ លោក យុត តុងហូ មិនអាចទំនាក់ទំនងសុំការបំផ្លឺបន្ថែមបានទេ នៅរសៀលថ្ងៃទី ២២ កញ្ញានេះ ជុំវិញករណីដោយលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែនាយប៉ុស្ដ៏រដ្ឋបាល ឃុំអន្លង់វិល លោក យួម រ៉ាវុធ បានប្រាប់ថា ជនសង្ស័យបានគាស់តូបលក់ស្រាបៀរ ពេលគាត់មិនបានស្នាក់នៅ។
លោកថា ស្ទើររៀងរាល់ថ្ងៃ នៅពេលល្ងាច ម្ចាស់តូបតែងតែបិតតូបលក់ដូររួចទៅដេកនៅផ្ទះ លុះព្រឹកឡើងទើបមកបើកតូបលក់ដូរវិញ ដូច្នេះហើយទើបចោរមានឪកាសគាស់តូបចូលលួចស្រាបៀរបានងាយបែបនេះ។
យ៉ាងណា លោក យួម រ៉ាវុធ បានបញ្ជាក់ថា ពេលនេះយើងមិនទាន់កំណត់បានមុខសញ្ញាដែលគូរឲ្យសង្ស័យនៅឡើងទេ តែយើងកំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យលួចស្រាបៀរនោះហើយ៕
ចែករំលែកព័តមាននេះ