ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្យល់​ខ្លាំង លិច​ទូក​កណ្ដាលទន្លេ​ក្នុង​ខេត្តក្រចេះ ស្លា​.​ប់​៣​នាក់ រួច​ផុត​ជីវិត​២​នាក់

2 ខែ មុន

ខេត្តក្រចេះ ៖ ស​.​ព​ជន​រង​គ្រោះ​ចំនួន​បី​នាក់ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ចាប់ពី​រសៀល​ថ្ងៃ​ទី​២០ រហូត​ដល់​ព្រឹកថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្រោយ​ជួប​ឧបទ្ទវហេតុ​លិច​ទូក កាលពី​រសៀល​ថ្ងៃ​ទី​២០…

ខេត្តក្រចេះ ៖ ស​.​ព​ជន​រង​គ្រោះ​ចំនួន​បី​នាក់ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ចាប់ពី​រសៀល​ថ្ងៃ​ទី​២០ រហូត​ដល់​ព្រឹកថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្រោយ​ជួប​ឧបទ្ទវហេតុ​លិច​ទូក កាលពី​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ខណៈ​ដឹក​ដំឡូង​មី ឆ្លងកាត់​ទន្លេ ឆ្ពោះទៅ​កាន់​ទីផ្សារ ហើយជួបភ្លៀងខ្យល់ខ្លាំង ។

ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​ទូក ដែល​រួច​ផុត​ជីវិត បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង១៤​និង​២០​នាទី​ថ្ងៃ​ទី​២០ កញ្ញា ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់ ធ្វើ​ដំណើរ​លើ​ទូក​មួយ​គ្រឿង ដឹក​ដំឡូង​មី មក​ដល់​ចំណុច​បឹង​រាំង ក្នុងភូមិ​ខ្នង​ពស់ ឃុំ​ដារ ស្រុក​ចិត្ត​បុរី ក៏​បាន​ជួប​ប្រទះ ភ្លៀង និង​ខ្យល់​ខ្លាំង បង្កើត​ជា​រលក​ទឹកធំៗ វ៉ៃ​ទូក​ឲ្យ​លិច តែ​ម្តង ។

លោក អ៊ឹម ចិន្តា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី បានអោយ​ដឹង​ថា ជន​រង​គ្រោះ ក្នុង​ឧបទ្ទវហេតុ​ខាងលើ មាន​ចំនួន​៥​នាក់ ខណៈ​មាន​២​នាក់ រួច​ផុត​ជីវិត និង​បី​នាក់​ទៀត លិច​បាត់​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្លាំងប្រដាប់អាវុធ លោក​អភិបាលស្រុក អភិបាលរង បាន​រក​ឃើញ​សាកស​.​ព ចំនួន២​នាក់ នៅ​រសៀល​ថ្ងៃ​ដដែល លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ កញ្ញា ទើប​រក​ឃើញ​ម្នាក់​ទៀត ។

លោក​មេបញ្ជាការ បន្ត​ថា ជន​រង​គ្រោះ​ខាងលើ រួម​មាន ៖
១. ឈ្មោះ សុង ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទី​នៅ​ភូមិ​ល្វា​ទង ឃុំ​បុស​លាវ (​អ្នកបើកបរ​ទូក នៅ​មានជីវិត​)
២. ឈ្មោះ បឹង ឈាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​នៅ​មានជីវិត​)
៣. ឈ្មោះ បឹង ឆោម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​ស្លា​.​ប់​)
៤. ឈ្មោះ បឹង ឆៃ​ម៉ាំង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​ស្លា​.​ប់​)
និង​៥. ឈ្មោះ បាវ ថៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​ស្លា​.​ប់​) ។

ក្រោយ​កម្លាំង​រុករក បាន​ប្រទះ​ឃើញ​សាកស​.​ព​បន្តបន្ទាប់ ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ផង​ដែរ ។

គេ​នៅ​ចាំ​បាន​ថា ហេតុការណ៍​ដូច​គ្នា​នេះ ធ្លាប់​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៣ ទូក​១​គ្រឿង បាន​លិច​នៅ​កណ្ដាល​ទន្លេមេគង្គ នៅ​ឃុំ​កោះ​ច្រែង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់ បាត់​ខ្លួន ខណៈ​ជន​រង​គ្រោះ​៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ។

ជន​រង​គ្រោះ​៥​នាក់ បាន​ធ្វើ​ដំណើរ​តាម​ទូក ចេញពី​ឃុំ​កោះ​ច្រែង ទៅ​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​ទិញ​ដែក ពេល​ត្រឡប់​មក​ដល់ ឃុំ​កោះ​ច្រែង​វិញ ទន្លេ​មាន​ខ្យល់​បក់​ខ្លាំង នាំ​ឲ្យ​មាន​រលក​ធំ​ៗ បណ្តាល​ឲ្យ​ទូក​នោះ​លិច នៅ​កណ្តាលទន្លេ ប៉ុន្តែ​ភ្លាម​ៗ​ជន​រង​គ្រោះ​៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ជន​រង​គ្រោះ​ម្នាក់​ទៀត រក​មិន​ទាន់​ឃើញ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ