ខេត្តកណ្តាល ៖ ទីផ្សារសាច់កណ្តុរនៅតែពេញនិយមសម្រាប់អ្នកហូប ពិសេសនៅស្រុកស្អាង ខេត្តកណ្តាល ប៉ុន្តែពិបាកសម្រាប់អ្នកដើរចាប់យកមកលក់ ដោយសារតែរដូវនេះជារដូវវស្សាទឹក លិចវាលស្រែ ទីព្រៃ ដែលជាជម្រកសត្វកណ្តុររស់នៅ ។
លោក ចាន់ នី រស់នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលជា អ្នកធ្លាប់ចាប់សត្វកណ្តុរលក់ បានឲ្យដឹងថា ពេលនេះគាត់ពិបាករកកណ្តុរយកទៅលក់ឲ្យម៉ូយៗ អ្នកដែលតែងតែទិញហូប ដោយសាររដូវនេះជារដូវស្សាទឹកបានលិច កន្លែងដែលគាត់ធ្លាប់ទៅចាប់ដូចជា ដាក់អង្គប់ កាប់រន្ធកណ្តុរ អស់ហើយ ។ នៅពេលទឹកលិច អីញ្ចឹងវាបានរត់រកទីរស់នៅលើចុងឈើធំ ដែលជាហេតុធ្វើឲ្យអ្នកចាប់ពិបាកក្នុងការតាមចាប់វា ។
យ៉ាងណាក្តី លោកថា សាច់កណ្តុរនៅតែមានអ្នកពេញមនិយមហូបច្រើនផងដែរ ពោល គឺតម្លៃវានៅតែថ្លៃដដែល ដោយសាច់វា មួយគីឡូក្រាម ពី១ម៉ឺន៧ពាន់រៀល ទៅ២ម៉ឺនរៀល ។ អ្នកដែលទិញទៅហូប ភាគច្រើនគេយកក្លែមជាមួយស្រា ដោយធ្វើជាម្ហូបដូចជា ប្រឡាក់អាំង ឬអាំងសាប ជ្រលក់នឹងម្ជូសណ្តាន់ ឬទឹកម្ជូរអំពិល ឬចៀនបំពង ឆាក្តៅ ឬធ្វើម្ហូបផ្សេងទៀត តាមអ្វីដែលអ្នកហូបចូលចិត្ត តាមចំណង់រៀងៗខ្លួន ។
លោកថាសាច់កណ្តុរអាចឆ្ងាញ់ជាងសាច់សត្វផ្សេងផងដែរ ព្រោះវាស៊ីស្លឹកឈើ ស្រូវ បន្លែ របស់ប្រជាកសិករ ។ កណ្តុរពេលសម្បូរក៏ត្រូវបានលក់ទៅកាន់ប្រទេសវៀតណាមផងដែរ ព្រោះមានម៉ូយប្រមូលទិញមានប៉ុន្មានក៏មិនសល់ដែរ យកទៅលក់ឱ្យឈ្មួញនាំទៅវៀតណាម ព្រោះថា វៀតណាមចូលចិត្តហូបសាច់វា ។
លោកចាន់ នី ក៏បានឲ្យដឹងថា នៅពេលមុនទឹកឡើងចូលវាលស្រែ គាត់អាចរកបានកណ្តុរមួយថ្ងៃជិត១០គីឡូក្រាម ពោល គឺពេលរដូវច្រូតស្រូវប្រាំង គឺកណ្តុរសម្បូរតែម្តង ។ អ្នកដែលរកកណ្តុរយកទៅលក់ ខ្លះគាត់កាប់រន្ធ ខ្លះគាត់ដាក់អង្គប់ ។
ចំណែកលោក ង៉ែត ដែលធ្លាក់ជាអ្នករកកណ្តុរលក់ នៅក្នុងភូមិក៏បាននិយាយថា នៅរដូវនេះ រកកណ្តុរមិនបាននោះទេ ដោយសារទឹកឡើងលិចអស់ហើយ ហើយអ្នកដែលរកបានលក់ នៅផ្សារគេជិះទូកទៅចាក់ ឬបា.ញ់ព្រួញនៅតាមដើមឈើ នៅកណ្តាលបឹង ឬព្រៃក្រាស់ដែលកណ្តុររស់នៅ ។ លោកថាមួយព្រឹក ឬមួយថ្ងៃ គេរកមិនបានច្រើននោះទេ គឺបានប្រមាណតែ២ ទៅ៣គីឡូប៉ុណ្ណោះ ។
លោក រ៉ា រស់នៅក្នុងឃុំខាងលើដែលជាអ្នកចូលចិត្តហូបកណ្តុរក៏បានឲ្យដឹងថា សាច់កណ្តុរភាគច្រើន ត្រូវបានប្រជាជនពេញនិយមហូប ដោយសារអាហារនេះមិនប៉ះពាល់ដល់សុខភាពនោះទេ ព្រោះជាសត្វស៊ីស្មៅ ឫសឈើ ស្រូវ ផ្លែឈើព្រៃ ដំណាំកសិកផលមួយចំនួន ជាអាហារ គឺជាសត្វស្អាត បើវារស់នៅក្នុងព្រៃចម្ការលើកលែងកណ្តុរតាមភូមិ គេមិនយកធ្វើម្ហូបទេ…អាហ្នុងបានខ្ពើម ។ យ៉ាងណាក្តី លោក រ៉ា ក៏បានឲ្យដឹងដែរថា នៅក្នុងភូមិមានអ្នកហូបសាច់កណ្តុរច្រើន ប៉ុន្តែក៏មានអ្នកអត់ហូបដែរ គឺចំនួនតិចប៉ុណ្ណោះ អ្នកខ្ពើម ។
ជាមួយគ្នានោះដែរ លោកថា រាល់ការជួបជុំមិត្តភក្តិក្នុងភូមិ ពិសេសនោះពេលហូបស្រាបៀរ លោកតែងតែទិញសាច់កណ្តុរធ្វើជាគ្រឿងក្លែមទៀតផង ។ លោកបន្ថែមថា មិត្តភក្តិលោក ដែលមកផឹកជាមួយគ្នាក៏ចូលចិត្តហូបសាច់កណ្តុរផងដែរ ហើយពេលខ្លះពួកគេបានឲ្យកុម្មង់សាច់កណ្តុរទុកទទួលទាន ឬធ្វើជាគ្រឿងក្លែមទៀតផង ពេលណាបានណាត់ជួបជុំគ្នា ។ លោកថា មិត្តភក្តិលោកធ្វើការនៅភ្នំពេញ នៅពេលចុះមកស្រុកក៏ឧស្សាហ៍ទិញសាច់កណ្តុរអាំងហូបផងដែរ ។
អ្នកដែលចូលចិត្តហូបកណ្តុរម្នាក់ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់តែងតែទិញកណ្តុរមកហូប និងក្លែម ដែលមួយសប្តាហ៍ ទិញកណ្តុរ១ ឬ២គីឡូក្រាមយកមកហូប ឬពេលជុំមិត្តភក្តិ ផឹក គឺទិញកណ្តុរយកមកធ្វើហូបក្លែម ។ គាត់បានឲ្យដឹងថា ទៀតថា នៅពេលទិញម្តងៗ គឺយ៉ាងតិច២គីឡូ ដោយក្នុងមួយគីឡូ ១ម៉ឺន៧ពាន់រៀល ឬ២ម៉ឺនរៀល ។ កណ្តុរដែលគាត់តែងតែយកមកធ្វើហូប ឬក្លែម នោះ គឺអាំងសាបឲ្យក្រៀមស្រួយ ជ្រលក់ជាមួយទឹកម្ជូរសណ្តាន់ ដែលមុខម្ហូបនេះឆ្ងាញ់ ហើយហូបទៅមិនត្រលាន់ទេ ។
បើតាមបងស្រីម្នាក់ដែលកំពុងអង្គុយលក់សាច់កណ្តុរ នៅក្នុងផ្សារ បានឲ្យដឹងថា កណ្តុរឥឡូវពិបាករក ព្រោះថា ពេលរដូវវស្សា តែអ្នកដែលទិញគាត់នៅតែរកទិញយកទៅហូប ។ ភាគច្រើន គាត់ទិញយកក្លែមព្រោះថា កណ្តុរហូបឆ្ងាញ់ នៅពេលយើងធ្វើឲ្យស្អាត ។ បងស្រីដដែលបាននិយាយថា គាត់លក់សាច់កណ្តុរនេះ មិនរាល់ថ្ងៃនោះទេ គឺលើកយកពីគេមកលក់បន្ត មានន័យថានៅពេលអ្នករកបានគេយកមកលក់ឲ្យទើបគាត់ទទួលទិញយកទៅលក់ ។ កណ្តុរដែលគាត់លក់នេះ មួយគីឡូក្រាម១ម៉ឺន៧ពាន់រៀល ហើយពេលខ្លះលក់បាន២ម៉ឺនរៀល ដោយយកពីគេ១ម៉ឺន៥ពាន់រៀល ។
ការលក់កណ្តុរនេះ ក៏ឲ្យដឹងទៀតថា ពេលខ្លះម៉ូយយកច្រើនគីឡូ ហើយពេលខ្លះក៏បានតិចទៅតាមការដែលគេរកបាន ។ តែរដូវនេះ ម៉ូយដែលចាប់កណ្តុរនោះ រកមិនបានច្រើនទេ ដោយសារកន្លែងដែលគាត់រកនោះលិចទឹកអស់ហើយ ហើយកណ្តុររត់ទៅនៅក្នុងព្រៃអស់ដែរ ។ ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ