ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន​កប៉ាល់​បុ.ក​បា.ក់​ស្ពាន​កាលពី​ខែមីនា ត្រូវ​អា​មេ​រិ​ក​ប្តឹងទារ​សំណង​១០០​លាន​ដុល្លារ

19 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រឆាំង​នឹង​ក្រុមហ៊ុន ក៏​ដូច​ជា​ប្រតិបត្តិ​ករ​នៃ​កប៉ាល់​ដឹក​ទំនិញ​ដែល​បាន​បុក​បណ្តាល​ឱ្យ​បាក់​ស្ពាន​ហ្វ្រ​ង់​ស៊ី​ស ស្កុ​ត ឃី (Francis Scott Key)…

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រឆាំង​នឹង​ក្រុមហ៊ុន ក៏​ដូច​ជា​ប្រតិបត្តិ​ករ​នៃ​កប៉ាល់​ដឹក​ទំនិញ​ដែល​បាន​បុក​បណ្តាល​ឱ្យ​បាក់​ស្ពាន​ហ្វ្រ​ង់​ស៊ី​ស ស្កុ​ត ឃី (Francis Scott Key) ស្ថិត​នៅ​ក្នុង​ទីក្រុង​បាល​ទី​ម័​រ (Baltimore) រដ្ឋ​ម៉ា​រី​លែ​ន (Maryland) សហរដ្ឋអាមេរិក កាលពី​ខែមីនា​កន្លង​ទៅ​។

មន្ត្រី​ក្រសួងយុត្តិធម៌​អា​មេ​រិ​កបាន​អះអាង​ថា ក្រុមហ៊ុន Synergy និង​ក្រុមហ៊ុន Grace Ocean បានដឹង​ច្បាស់​អំពី​បញ្ហា​កើតឡើង​លើ​កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​ដា​លី (Dali) ដោត​ទង់ជាតិ​សិង្ហ​បុរី មុន​ពេល​គាំងម៉ាស៊ីន គ្មាន​ថាមពលអគ្គីសនី​គ្រប់គ្រាន់ ហើយ​នា​វឹក​មិន​អាច​បញ្ជា​បាន​ទើប​ទៅ​បុក​ស្ពាន​ហ្វ្រ​ង់​ស៊ី​ស ស្កុ​ត ឃី ឱ្យ​បាក់​រលំ ដោយ​មនុស្ស​៦​នាក់​បាន​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ ។

រដ្ឋាភិបាល​អា​មេ​រិ​កបាន​អះអាង​ថា ខ្លួន​ចំណាយ​ប្រាក់​ជាង​១០០​លាន​ដុល្លារ ដើម្បី​សម្អាត​កម្ទេចកម្ទី​ដែល​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ទម្ងន់​ពី​៣​ពាន់​ទៅ​៤​ពាន់​តោន មុន​អាច​ឱ្យ​កំពង់​ផែ​បាល​ទី​ម័​រ បើក​ដំណើរការ​ឡើង​វិញ​។ លោក​អគ្គមេធាវី Merrick Garland បាន​ថ្លែង​ថា លោក​ចង់​ធានា​ថា​ការ​ចំណាយ​ទាំងអស់ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​ដែល​បណ្តាល​ឱ្យ​មាន​ឧប្បត្តិហេតុ​កើតឡើង មិនមែន​ដោយ​អ្នក​បង់ពន្ធ​អា​មេ​រិ​ក​នោះ​ទេ​។ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្តឹងផ្តល់​នេះ នឹង​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ស្ពាន​ឡើង​វិញ​។

សាកសព​កម្មករ​ចំនួន​៦​នាក់​ដែល​បាន​ស្លាប់ អំឡុង​ពេល​ពួក​គេ​កំពុង​ជួសជុល​ស្ពាន​នៅ​ពេល​ត្រូវ​បាន​ស្រង់​ចេញពី​ទន្លេ​ប៉ា​តាប​ស្កូ (Patapsco) ពោល​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​កប៉ាល់​បាន​បុក​ស្ពាន​។ គ្រួសារ​ជន​រង​គ្រោះ​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​អះអាង​ថា ពួក​គេ​កំពុង​ប្តឹង​ក្រុមហ៊ុន Grace Ocean​។ ពាក្យបណ្តឹង​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក ដែល​បាន​ដាក់​នៅ​តុលាការ​ស្រុក​ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន បាន​ចោទប្រកាន់​ថា ប្រព័ន្ធ​អគ្គិសនី និង​មេកានិច​របស់​កប៉ាល់​ដា​លី​ត្រូវ​បាន​ថែទាំ​មិន​បាន​ត្រឹមត្រូវ​។ របាយការណ៍​បឋម​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​អា​មេ​រិ​កបាន​រក​ឃើញ​ថា កប៉ាល់​ដា​លី​បាន​អស់​ថាមពល​អគ្គិសនី​ចំនួន​៤​ដង​ក្នុង​រយៈពេល​តិច​ជាង​១២​ម៉ោង នៅ​មុន​ពេល​បុក​ជាមួយ​ស្ពាន​។

ការ​ខូចខាត​ត្រូវ​ចំណាយពេល​រាប់​ខែ​ដើម្បី​ជួសជុល និង​ផ្អាក​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ចូល​ទៅ​ក្នុង​កំពង់​ផែ ដែល​ជា​ច្រក​ដ៏​មមាញឹក​បំផុត​មួយ​នៅ​អា​មេ​រិ​ក​។ សមាជិក​២០​នាក់​នៃ​នាវិក​របស់​កប៉ាល់​ដា​លី ត្រូវ​បាន​ជាប់​នៅ​លើ​កប៉ាល់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ដោយសារ​កប៉ាល់​នៅ​តែ​ជាប់​គាំង​ដោយ​បេតុង និង​ដែក​រាប់​តោន​ពីលើ​។ ហើយ​ការ​បុក​បាក់​ស្ពាន​ហ្វ្រ​ង់​ស៊ី​ស ស្កុ​ត ឃី ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​រង​គ្រោះ​ក្នុង​សមុទ្រ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមហ៊ុន Grace Ocean បាន​ដាក់​សំណើ​នៅ​តុលាការ​សហព័ន្ធ ដើម្បី​កំណត់​ការ​ទទួលខុសត្រូវ​ផ្លូវច្បាប់​របស់​ខ្លួន​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ