ការសម្រេចចិត្តធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគ្រោងនឹងធ្វើថ្ងៃសុក្រទី២០ ខែកញ្ញ ខាងមុខកំពុងទាក់ទាញការចាប់អារម្មណ៍ក្នុងចំណោមមហាជន។
ប្រមុខរាជរដ្ឋាភិបាលសម្រេចចិត្ត ដើម្បីឲ្យសមាសភាពដឹកនាំរបស់ស្ថាប័នរដ្ឋដំណើរការទៅមុខ ដោយប្រសិទ្ធភាពក៏ដូចជា ធានាបាននូវលំហូរការងាររលូនឆ្លើយតបតាមបំណងរបស់រាស្ត្រ ។
ការសម្រេចចិត្ត ដែលគ្រោងនឹងធ្វើនៅសុក្រសប្តាហ៍នេះ គឺជាការវះកាត់ជាថ្មីមួយរបស់សម្តេចធិបតី ដើម្បីធានាយន្តការការងារឲ្យកាន់តែប្រសើរពីព្រោះថា នៅក្នុងករណី ដែលមេដឹកនាំមិនធ្វើការកែសម្រួលកន្លែង ដែលឃើញមិនប្រក្រតី ឬមិនមានប្រសិទ្ធភាពហើយនៅតែបន្តរាស្ត្រអាចនឹងធ្វើការកែសម្រួលវិញ នៅក្នុងការបោះឆ្នោតនៅក្នុងពេលខាងមុខ ។
មកដល់ពេលនេះ គណរដ្ឋមន្ត្រីអាណត្តិទី៧ ដែលកើតពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ដែលមានសមាសភាពថ្នាក់ឧបនាយករដ្ឋមន្ត្រី១១រូប ទេសរដ្ឋមន្ត្រីប្រមាណជាជាង១០រូប និងរដ្ឋមន្ត្រី៣០រូប បានកែសម្រួលខ្លះៗហើយ ។ ការកែសម្រួលនៅថ្ងៃសុក្រនោះ អាចថា ជាការកែសម្រួលជាថ្មីម្តងទៀត ហើយបើតាមសេចក្តីជូនដំណឹងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា គម្រោងដែលគ្រោងនឹងកោះប្រជុំសភា រឿងនេះ គឺមានការប្តូរសមាសភាពចំនួន២រូប ។ សេចក្តីជូនដំណឹងនេះមិនបានបញ្ជាក់ថា តើនរណា ឬមុខដំណែងកម្រិតណាដែលនឹងត្រូវធ្វើការកែសម្រួលនោះទេ ។
មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកាច់ចង្កូតនាវាកម្ពុជា បានគម្រប់១ឆ្នាំជិត១ខែហើយ ដូច្នេះរាជរដ្ឋាភិបាលក៏ល្មមអាចនឹងមើលឃើញបញ្ហា និងស្ថានភាពច្បាស់លាស់នៃប្រសិទ្ធភាព ក្រោមការដឹកនាំតាមរចនាសម្ព័ន្ធដែលបានដាក់ចេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយដែរ ។
រយៈពេលជាងមួយឆ្នាំនៃប្រតិបត្តិការដឹកនាំ តាមរចនាសម្ព័ន្ធដែលរដ្ឋសភាបានអនុម័ត ក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំទៅរាជរដ្ឋាភិបាលបានខិតខំ និងធ្វើកិច្ចការជាច្រើន ហើយសមិទ្ធផលក៏មានជាសន្ធឹកសន្ធាប់ ប៉ុន្តែបញ្ហាប្រាកដជាមិនរលូនទាំងអស់នោះទេ ហើយសង្ឃឹមថា ក្រោយការកែសម្រួលយន្តការ និងប្រសិទ្ធភាពការងារដឹកនាំបញ្ជានាវាកម្ពុជានឹងទៅមុខដោយមិនមានបញ្ហា។
ចំណែករដ្ឋាភិបាលក៏ប្រឹងគ្រប់លទ្ធភាពក្នុងការបម្រើប្រជាជនក៏ដូចជា ជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែមានការរីកចម្រើន ។ ដូច្នេះរដ្ឋាភិបាលកំពុងផ្តល់សារមួយដល់មន្ត្រីទាំងអស់ថា ពួកគេដាច់ខាតត្រូវតែប្រឹងធ្វើការតាមការទទួលខុសត្រូវ ដើម្បីប្រសិទ្ធភាពការងារ និងដើម្បីជួយរដ្ឋាភិបាលក្នុងការងារបម្រើប្រជាជន និងប្រទេសជាតិ ។
នៅក្នុងការដឹកនាំឃើញមានបញ្ហាហើយធ្វើការកែសម្រួលមិនទុកឲ្យសភាពការណ៍ ឬស្ថានការណ៍ទុំជោរ គឺជាការសម្រេចចិត្តវះកាត់មួយ ដើម្បីបញ្ជៀសបញ្ហាធ្ងន់ធ្ងរ ពីព្រោះរាជរដ្ឋាភិបាលជាអ្នកបម្រើរាស្ត្រ ហើយបើកាលណារាស្ត្រឃើញមិនពេញចិត្តរាស្ត្រមិនសមបំណង រាស្ត្រនឹងមានសិទ្ធិស្របច្បាប់ធ្វើការកែសម្រួល ការគាំទ្ររបស់ពួកគេដែរ នៅពេលបោះឆ្នោតលើកក្រោយ ដែលគ្រោងធ្វើនៅរង្វង់២០២៨ខាងមុខនេះដែរ ៕
ចែករំលែកព័តមាននេះ