ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនដកហូតមានវត្ថុតាង ខណៈដែលពួកគេបានប្រមូលផ្តុំគ្នាប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី) ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅក្នុងប្រតិបត្តការនេះ ដោយមានការដឹកនាំសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តបានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន៧នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់ មធ្យម១កញ្ចប់ ទូរស័ព្ទៃ៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ការបង្ក្រាបក្រុមជនសង្ស័យនៅក្នុងផ្ទះសំណាក់យីហោស្វីតធីនេះបាន កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ និង២០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿង ញៀនស្រុកដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ ប៉ាត សំអឿន ( ហៅ វឹន ) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ។
តាមចម្លើយសារភាពរបស់ឈ្មោះខាងលើ កម្លាំងជំនាញក៏បានបន្តរឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ទៀត ដែលស្នាក់នៅក្នុងផ្ទះសំណាក់យីហោស្វីតធី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមានទី១-ឈ្មោះ នួន សុផានី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ( អ្នកមើលការខុសត្រូវផ្ទះសំណាក់) ទី២-ឈ្មោះ នូ ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ទី៣-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ទី៤-ឈ្មោះ គឹម យី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ទី៥-ឈ្មោះ អេន ឈាងលី ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិត្រពាំងវែងទី២ ឃុំ សំបូរ ស្រុកសំរោងទង និងទី៦-ឈ្មោះ ខៀវ វិសាល អាយុ ១៧ឆ្នាំនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៧នាក់ នៅក្នុងផ្ទះសំណាក់ យីហោ (ស្វីតធី)ខាងលើ នគរបាលបានធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់ មធ្យម០១កញ្ចប់ ទូរស័ព្ទដៃចំនួន០៤ គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿង ញៀនចំនួន០៣ផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ