ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​អំពាវនាវ​និស្សិត​ជ័យ​លា​ភីអាហារូបករណ៍​ទៅ​សិក្សា​នៅ​ជប៉ុន ដើរតួ​ជា​ទូត​សុឆន្ទៈ​នៅ​លើ​ឆាក​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន ដើរតួ​ជា​ទូត​សុ​ឆន្ទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ប្រទេស​ជាតិ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ភ្ញៀវ​ទេសចរ និង​បង្កើត​ឱកាស​ការងារ​នៅ​ក្នុងស្រុក​បន្ថែម​ទៀត​ ។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ជំនួប​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ចំនួន ១២​ នាក់ ដែល​នឹង​ចេញដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្រោម​ជំនួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ទទួល​នូវ​បទ​ពិសោធន៍ ព័ត៌មាន និង​អនុសាសន៍​ល្អ​ៗ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ ​២០២៤ ​។

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​អាហារូបករណ៍​នៅ​ជប៉ុន​នេះ គឺជា​ឱកាសល្អ​មួយ​បន្ថែម​ទៀត ក្នុង​ការ​កសាង​សមត្ថភាព ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​បរទេស ដើម្បី​រឹតចំណង​មិត្តភាព ក៏​ដូច​ជា​ឱកាស​ផ្សេង​ៗ​បន្ថែម​ទៀត​សម្រាប់​កសាង​ជីវិត​សម្រាប់​ពេល​អនាគត ​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ​ថ្លែង​ថា ក្នុង​នាម​ជា​បញ្ញវ័ន្ត ត្រូវ​បន្ត​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌ គោលនយោបាយ​កម្ពុជា​ទៅ​បរទេស ដើម្បី​បង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុជា និង​ជា​ចំណែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ វិនិយោគិន​បរទេស ជា​ពិសេស​ជំរុញ​ការ​បង្កើត​ការងារ​នៅ​ក្នុងស្រុក​កាន់តែ​ច្រើន​ថែម​ទៀត​ ។

លោក​ជំទាវ​បាន​លើកទឹកចិត្ត​ឱ្យ​និស្សិត​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ពីមុខ​វិជ្ជា​របស់​ខ្លួន ស្រប​តាម​បរិបទ​សង្គម ការ​ប្រែប្រួល​បច្ចេកវិទ្យា និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ លោក​ជំទាវ ក៏​បាន​រំលឹក​ឱ្យ​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ពី​បរិបទ​នៃ​កា​រវិ​វត្ត​វិ​ទ្យ​សាស្ត្រ សង្គម​សាស្ត្រ និង​ការ​អប់រំ​ផ្សេង​ៗ​ដល់​និស្សិត​កម្ពុជា​ជំនាន់​ក្រោយ​ ។

គួរ​បញ្ជាក់​ថា និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ JICA មាន​ចំនួន​ ១២​នាក់ ក្រោម​កម្មវិធី​ដូច​ជា កម្មវិធី​អ្នកដឹកនាំ​សាកល SDGs កម្មវិធី​កែ​លម្អ​ការ​អប់រំ​កុមារ កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​រ៉ែ កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ និង​កម្មវិធី​រ៉ាប់រង​សុខភាព​ជា​សាកល​ ៕ អត្ថបទសហការ