រាជធានីភ្នំពេញ ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពល រដ្ឋសូមប្រុងប្រយ័ត្ន ចាញ់ល្បិចឆបោកប្រាក់ថ្មី តាមរយៈការ បញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ។
ការអំពាវនាវនេះរបស់នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយក ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃកាលពីពេល ថ្មីៗមកនេះ បានទទួលពាក្យបណ្តឹងនិងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិ ធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជា ទូរស័ព្ទពីចម្ងាយ (Wireless Pairing) និងធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាល្ងាចថ្ងៃ ទី១៨ កញ្ញា ឆ្នាំ២០២៤បានលើកឡើងថា វិធីសាស្ត្រជ្រៀតចូល និងឆបោក៖
១-ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ) ។
២-ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ ។
៣-ធ្វើការទូរស័ព្ទមក កាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀប ភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត ។
៤-អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរង គ្រោះបើកដំណើរការ «Developer Mode» បើកជម្រើស «Wireless Debugging» និងធ្វើការភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន «Paring Device» ។
៥-ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បន្ដថា ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបុគ្គល ដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្ត្រ ដូចជាផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វេីតាមការណែនាំផ្សេងៗ, ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹក ប្រាក់នៃប្រតិបត្តិការ, ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា «សូមធ្វើរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញ ករណីលោកអ្នក មានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា»៕
ចែករំលែកព័តមាននេះ