ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ ដោយ​ទឹកជំនន់​ក្រោម​ព្យុះ​ទី​១២​ឈ្មោះ យ៉ា​ជី និង​ព្យុះ​ទី​១៣​ឈ្មោះ ប៊ី​បី​ន​កា ការ​មក​ដល់​នៃ​ព្យុះ​ទី​១៤​ឈ្មោះ ពូ​ល​ឡា​សាន (Pulasan) បាន​ធ្វើ​ឲ្យ​វិបត្តិ​ទឹកជំនន់ កំពុង​តែ​កើត​មាននៅ​កម្ពុជា​បណ្តើ​ៗ​ហើយ…

ក្រោយ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ ដោយ​ទឹកជំនន់​ក្រោម​ព្យុះ​ទី​១២​ឈ្មោះ យ៉ា​ជី និង​ព្យុះ​ទី​១៣​ឈ្មោះ ប៊ី​បី​ន​កា ការ​មក​ដល់​នៃ​ព្យុះ​ទី​១៤​ឈ្មោះ ពូ​ល​ឡា​សាន (Pulasan) បាន​ធ្វើ​ឲ្យ​វិបត្តិ​ទឹកជំនន់ កំពុង​តែ​កើត​មាននៅ​កម្ពុជា​បណ្តើ​ៗ​ហើយ នៅ​ពេល​នេះ ខណៈ​ដែល​ព្យុះ​ដែល​នៅ​សល់​មាន​រហូត​ដល់​១១​ទៅ​១៣ ព្យុះ​ទៀត​ឯណោះ ។

នៅ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​អាច​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ពី​២៥​ព្យុះ ទៅ​២៧​ព្យុះ ។ ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ទាំងនេះ ទោះបីជា​កម្ពុជា​មិន​ដែល​ទទួល​រង​ផ្ទាល់​នៃ​ព្យុះ​ទាំងនេះ​ក៏​ដោយ ក៏​បាតុភូត និង​គ្រោះ​ធម្មជាតិ​ដូច​ជា​ទឹកជំនន់ រន្ទះ និង​ខ្យល់​កន្ត្រាក់ គឺ​ធ្លាប់​បាន​កើត​មាន​ជា​បន្តបន្ទាប់ រួច​មក​ហើយ ។

ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ពូ​ល​ឡា​សាន ភ្លៀង​ធ្លាក់​ខ្លាំង នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា នៅ​ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ ក្រចេះ គឺ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​បណ្តើ​ៗ ។

តាម​សេចក្តីរាយការណ៍​បឋម​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ គ្រោះ​ធម្មជាតិ​ទឹកជំនន់ បាន​ពន្លិច​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះ​សីហ​នុ ហើយ​សូ​ម្បី​តែ​កំណត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ចន្លោះ​គីឡូម៉ែត្រ K១៦៨ – K១៦៩ ស្ថិត​នៅ​ភូមិ​មួយ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ទឹក​ហូរ​កាត់​ផ្លូវ ខណៈ​ពេល​ភ្លៀង​កំពុង​បង្អុរ​ធ្លាក់​ខ្លាំង​រហូត​ដល់​អាជ្ញាធរ​ស្នើ​ឲ្យ​មានការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ឱ្យ​បាន​ខ្ពស់​បំផុត នៅ​ពេល​ធ្វើ​ដំណើរ ។

ដោយឡែក​នៅ​ឯ​ភូមិសាស្ត្រ​ភូមិ​អញ្ចាញ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ក៏​មាន​សេចក្តីរាយការណ៍​បាន​រង​នៅ​គ្រោះ​ទឹកជំនន់​ជន់​លិច​មួយ​ផ្នែក​ផង​ដែរ ។ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ និង​អ្នក​ដែល​ពាក់ព័ន្ធ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ត​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ដោយសារ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិ​សម្ពាធ ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​កណ្ដាល ប្រទេស​វៀតណាម និង​ភាគ​កណ្ដាល​នៃ​ទន្លេមេគង្គ ។ ប្រព័ន្ធ​វិ​សម្ពាធ​នេះ និង​របប​ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​អាច​ឲ្យ​មាន​ភ្លៀង​ទូលំទូលាយ ចាប់ពី​តំបន់​វាលទំនាប ខ្ពង់រាប ដល់ តំបន់​មាត់សមុទ្រ ។

ជុំវិញ​ស្ថានភាព​ដ៏​ប្រឈម​នេះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ចេញ​នូវ​សារ​សំឡេង​ពិសេស​មួយ ដោយ​បាន​ណែនាំ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​អភិបាល​រាជធានី​ខេត្ត និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ករណី​គ្រោះ​ទឹកជំនន់ កើត​មាន​ជាយថាហេតុ ។

តាម​រយៈ​សារ​សំឡេង​នេះ សម្តេច​ធិ​បតី​បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​ឥទ្ធិពល​ព្យុះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​បន្តបន្ទាប់ បង្ក​ការ​លិចលង់​នៅ​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា អាស្រ័យ​ហេតុនេះ សូម​ឱ្យ​លោក លោកស្រី​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ តាមដាន​ឱ្យ​ជាប់ និង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ក្នុង​ករណី​ដែល​មាន​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ជា​ពិសេស​យកចិត្តទុកដាក់ ទៅ​លើ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

សម្តេច​ធិ​បតី​បាន ចេញ​បទបញ្ជា​ដល់​កងកម្លាំងប្រដាប់អាវុធ ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចាំបាច់ ហើយ​ប្រាប់​ទៅ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្ត​តាមដាន​ឱ្យ​ជាប់​សម្របសម្រួល​ជាមួយ​អ្នក​ពាក់ព័ន្ធ ក៏​ដូច​ជា ចាត់វិធានការ​សម្របសម្រួល ត្រៀមកម្លាំង​មធ្យោបាយ អន្តរាគមន៍​សង្គ្រោះ​បន្ថែម​។

សម្តេច​ធិ​បតី​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ត្រៀម​នូវ​ស្បៀង និង​សម្ភារៈ​បរិក្ខារ​ចាំបាច់ ដែល​ត្រូវ​បញ្ចេញ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ទឹកជំនន់ ក្នុង​ករណី​មានការ​ស្នើ​សុំ​ពី​រាជធានី​ខេត្ត ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​តាមដាន​ជាប់​ជា​ប្រចាំ​នៃ​ការ​វិវត្តន៍​នៃ​កម្ពស់​ទឹក និង​ធ្វើការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​អន្តារ​គម​ន៍​ឱ្យ​បាន​ទាន់​ពេ​លេ​វេលា ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ត្រៀម​ស្រូវពូជ និង​សម្ភារៈ​ចាំបាច់​នានា ក្នុង​ករណី​ដែល​មាន​ផល​ប៉ះពាល់​ធំ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​ជួយ​ស្តារ​ឡើង​វិញ ។ កុំ​លេងសើច ព្យុះ និង​ទឹកជំនន់​នៅ​វៀតណាម បាន​ស​ម្លា​.​ប់​មនុស្ស និង​បាត់​ខ្លួន​សរុប​៣២៩​នាក់ របួស​១.៩២២ នាក់ និង​បំផ្លាញ​សេដ្ឋកិច្ច​លើស​ពី​១,៦​ពាន់​លាន​ដុល្លារ ។ នៅ​ថៃ ឯណោះ​ស្លា​.​ប់​មនុស្ស​៤២ នាក់ ខូចខាត​សេដ្ឋកិច្ច​អស់​ប្រមាណ​ជា​២៧​ពាន់​លាន​បាត ឬ ៨១១,៩ លាន​ដុល្លារ ។ នៅ​មី​យ៉ា​ន់​ម៉ា មាន​សេចក្តីរាយការណ៍​ថា ស្លា​.​ប់​មនុស្ស ប្រមាណ​ជា ជាង​១០០ នាក់ ហើយ​ឡាវ​មាន​៤​នាក់ ។ ក្រៅពី​នោះ​នៅ​ហ្វី​លី​ពិន​ឯណោះ​វិញ គឺ​ស្លា​.​ប់ និង​បាត់​ខ្លួន​ប្រមាណ​ជា​៤៧ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ