ទីក្រុងបេរូត៖ នៅថ្ងៃនេះ គេទទួលដំណឹងថាមានហេតុការណ៍ផ្ទុះឧបករណ៍ចល័តបន្ថែមទៀតនៅរដ្ឋធានីបេរូត និងទីក្រុងតូចធំដទៃទៀតនៅប្រទេសលីបង់។ លើកនេះលែងផ្ទុះឧបករណ៍ផ្ញើសារចល័តដូចកាលពីម្សិលមិញទៀតហើយ ប៉ុន្តែជាការផ្ទុះវិទ្យុទាក់ទង (អាយកូម) វិញម្ដង។ មានករណីផ្ទុះ១កើតឡើងក្បែរកន្លែងបុណ្យសពជនរងគ្រោះស្លាប់កាលពីម្សិលមិញ។
ករណីផ្ទុះកក្រើកប្រទេសលីបង់ស្លាប់១២នាក់ និងរបួស២៨០០នាក់កាលពីម្សិលមិញជាស្នាដៃរបស់អ្នកណាត្រូវគេទទួលបានតម្រុយជាបណ្ដើរៗហើយ។ មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថាអ៊ីស្រាអែលសម្រេចចិត្តបញ្ជាឱ្យផ្ទុះមុនកំណត់នូវឧបករណ៍ផ្ញើសារចល័តដែលប្រើប្រាស់ដោយយុទ្ធជនរបស់ហេស្បូឡា។
អ៊ីស្រាអែលបារម្ភថារឿងនេះអាចនឹងបែកការណ៍។ បើហេស្បូឡាដឹងថាអ៊ីស្រាអែលលួចបង្កប់កម្មវិធីបញ្ជាឱ្យផ្ទុះពីចម្ងាយចេញពីឧបករណ៍ចល័តទាំងនោះប្រាកដជាផែនការរបស់អ៊ីស្រាអែលមិនបានសម្រេចទេ។ ដូច្នេះ ជាជាងបែកការណ៍ទាំងកណ្ដាលទីដោយឥតបានបង្កបញ្ហាអ្វីសោះសម្រាប់ហេស្បូឡា អ៊ីស្រាអែលសម្រេចថាបញ្ជាឱ្យផ្ទុះនៅក្នុងពេលនេះតែម្ដង។
មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ប្រាប់គេហទំព័រអាក់ស៊ីស (Axios) ថាអ៊ីស្រាអែលគ្មានផ្លូវផ្សេងជ្រើសរើសទេ ត្រូវតែចុចបំផ្ទុះឧបករណ៍ចល័ត។ បានលទ្ធផលប៉ុណ្ណាយកប៉ុណ្ណឹង។ គ្រាន់បើជាងបែកការណ៍ក្លាយជារឿងអសារឥតការ។ នេះជាអ្វីដែលអ៊ីស្រាអែលប្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអំពីមូលហេតុដែលខ្លួនចាំបាច់ត្រូវចេញប្រតិបត្តិការភ្លាមដោយឥតបង្អែបង្អង់។
តម្រុយស្ដីពីអ៊ីស្រាអែលពិតជានៅពីក្រោយរឿងនេះក៏លេចចេញជាបណ្ដើរៗពីប្រភពរបស់កងសន្តិសុខប្រទេសលីបង់ផងដែរ។ ប្រភពអះអាងថាតាមពិតទៅ ភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែល (ក្រុមម៉ូសាត -Mossad) បានលួចបង្កប់ឧបករណ៍ផ្ទុះដែលបញ្ជាពីចម្ងាយនៅក្នុងឧបករណ៍ផ្ញើសារចល័តទាំងនោះជាច្រើនពាន់គ្រឿងអស់រយៈពេលជាច្រើនខែមកហើយ។
ប្រភពដដែលនេះបង្ហើបឱ្យដឹងទៀតថាឧបករណ៍ផ្ញើសារចល័តទាំងនោះត្រូវភ្ញាក់ងារសម្ងាត់របស់អ៊ីស្រាអែលលួចបន្លំខ្លួនចូលទៅបង្កប់កម្មវិធីបញ្ជាឱ្យផ្ទុះពីចម្ងាយ។ គេជឿជាក់ថាឧបករណ៍ទាំងនេះផលិតដោយក្រុមហ៊ុនរបស់ប្រទេសហុងគ្រី ហើយហុងគ្រីទិញម៉ាកយីហោរបស់ក្រុមហ៊ុនតៃវ៉ាន់ហ្គោលអាប៉ូឡូ (Gold Apollo) ដើម្បីបិទនៅលើផលិតផលរបស់ខ្លួន។
នៅពេលមានរឿងធំបែបនេះ ក្រុមហ៊ុនរបស់តៃវ៉ាន់ក៏ដេកមិនលក់បក់មិនល្ហើយដែរ។ ហ្គោលអាប៉ូឡូថ្លែងថាឧបករណ៍ទាំងនោះមិនមែនជាផលិតផលរបស់ខ្លួនទេ។ ក្រុមហ៊ុនតៃវ៉ាន់យល់ថាខ្លួនជាអ្នករងថ្មបាក់នៅក្នុងរឿងនេះ។ មិនយូរប៉ុន្មាន ក្រុមហ៊ុនផលិតឧបករណ៍ចល័តរបស់ហុងគ្រីឈ្មោះប៊ីអេស៊ី (BAC) ថ្លែងថារបស់ទាំងនេះក៏មិនមែនជាផលិតផលរបស់ខ្លួនដែរ។
ទោះបីអ៊ីស្រាអែលរក្សាភាពស្ងៀមស្ងាត់យ៉ាងណាក្ដី ប៉ុន្តែក្រុមហេស្បូឡាដែលមានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែកផងដែរនោះបានសច្ចាថាខ្លួនមិនអាចនៅស្ងៀមបានឡើយ។ ខ្លួននឹងចាត់វិធានការសងសឹកវិញទៅលើអ៊ីស្រាអែល។ នេះមិនមែនជាលើកទី១ទេដែលហេស្បូឡា ឬអ៊ីរ៉ង់ប្រកាសសងសឹងអ៊ីស្រាអែល។ ពួកគេធ្លាប់និយាយបែបនេះជាច្រើនដងហើយនៅពេលអ៊ីស្រាអែលបាញ់សម្លាប់មេបញ្ជាការរបស់ពួកគេម្ដងៗ៕
ចែករំលែកព័តមាននេះ