ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ចង់​បង្កើន​កង​ទ័ព​ដល់​១,៥​លា​ន​នាក់​ឈរ​លំដា​ប់​ទី២​ពិភព​លោក

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​បង្ហើប​ឱ្យ​ដឹង​អំពី​​ផែន​ការ​បង្កើន​​​ចំនួន​កង​ទ័ព​រៀប​រយ​របស់​ខ្លួន​រហូត​ដល់​មួយ​លាន​កន្លះ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ពន្យល់​ត្រង់​ចំណុច​នេះ​ថា​ដោយ​សារ​ប្រទេស​រុស្ស៊ី​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​នៅ​តាម​ព្រំ​ដែន​។ ក្នុង​នោះ​ក៏​មាន​ចំណុច​អរិភាព (ឬ​ភាព​យក​គ្នា​ជា​សត្រូវ​) ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស​ផង​ដែរ​។ លោក​​ពូទីន​បាន​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​បង្កើន​ចំនួន​កង​ទ័ព​សកម្ម​ដែល​សព្វ​ថ្ងៃ​នេះ​​មាន​ចំនួន​មួយ​សែន ប្រាំ​បី​ម៉ឺន​នាក់​ត្រូវ​បង្កើន​ដល់​មួយ​លាន​ ប្រាំ​សែន​នាក់​នា​ពេល​អនាគត​។…

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​បង្ហើប​ឱ្យ​ដឹង​អំពី​​ផែន​ការ​បង្កើន​​​ចំនួន​កង​ទ័ព​រៀប​រយ​របស់​ខ្លួន​រហូត​ដល់​មួយ​លាន​កន្លះ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ពន្យល់​ត្រង់​ចំណុច​នេះ​ថា​ដោយ​សារ​ប្រទេស​រុស្ស៊ី​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​នៅ​តាម​ព្រំ​ដែន​។ ក្នុង​នោះ​ក៏​មាន​ចំណុច​អរិភាព (ឬ​ភាព​យក​គ្នា​ជា​សត្រូវ​) ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស​ផង​ដែរ​។

លោក​​ពូទីន​បាន​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​បង្កើន​ចំនួន​កង​ទ័ព​សកម្ម​ដែល​សព្វ​ថ្ងៃ​នេះ​​មាន​ចំនួន​មួយ​សែន ប្រាំ​បី​ម៉ឺន​នាក់​ត្រូវ​បង្កើន​ដល់​មួយ​លាន​ ប្រាំ​សែន​នាក់​នា​ពេល​អនាគត​។ បើ​ដូច្នេះ​មែន មាន​ន័យ​ថា​រុស្ស៊ី​នឹង​ក្លាយ​ជា​ប្រទេស​​មាន​ចំនួន​កង​ទ័ព​សកម្ម​លំដាប់​ទី​ពី​រ​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​ចិន​​។ រុស្ស៊ី​នឹង​រុញ​ច្រាន​ប្រទេស​អាមេរិក​ឱ្យ​ឈរ​ទៅ លំដាប់​ទី​២​វិញ​ ខណៈ​ដែល​អាមេរិក​សព្វ​ថ្ងៃ​នេះ​មាន​កង​ទ័ព​សកម្ម​​មួយ​លាន​ បី​សែន​នាក់​។​ នេះ​បើ​យោង​តាម​​សារ​ព័ត៌​មាន​រុស្ស៊ី​។

អ្នក​​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ ​លោក​ឌីមី​ទ្រី​ ប៉េ​ស្កូស​ (Dmtry Pskov) ថ្លែង​ថា​ផែន​ការ​បង្កើន​ចំនួន​កង​ទ័ព​នេះ​មាន​ហេតុ​ផល​ចេញ​ពី​ការ​គំរាម​កំហែង​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​រុស្ស៊ី​នៅ​តាម​ព្រំ​ដែន​។​ ម៉្យាង​ដោយ​សារ​ទំនាស់​កាន់​តែ​ខ្លាំង​នៅ​ខាង​លិច​ព្រំ​ដែន​ និង​ម៉្យាង​ទៀត​ដោយ​សារ​បញ្ហា​អស្ថិរ​ភាព​នៅ​​ខាង​កើត​ព្រំ​ដែន​។ ​​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​រហូត​មក​ដល់​ពេល​នេះ ​ជា​លើក​ទី​បី​ហើយ​ដែល​​លោ​កពូទីន​ចេញ​បញ្ជា​ឱ្យ​​បង្កើន​ចំនួន​​កង​ទ័ព​។

ឥឡូវ​នេះ​ ចំនួន​កង​ទ័ព​រុស្ស៊ី​ដែលកំពុង​ច្បាំង​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​បាន​កើន​ឡើង​ដល់​៧​សែន​នាក់​។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​ពូទីន​កាល​ពី​ខែ​មិថុនា​។​ ​កាល​ពី​៦​សប្ដាហ៍​កន្លង​ទៅ​នេះ រុស្ស៊ី​បាន​បញ្ជូន​កង​ទ័ព​ជា​ច្រើន​ទៅ​ព្រំ​ដែន​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ឆ្មក់​របស់​អ៊ុយ​ក្រែន​ឆ្ល​ងព្រំ​ដែន​ចូល​ទឹក​ដី​រុស្ស៊ី​ត្រង់​តំបន់​ខឺស​។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ​​រុស្ស៊ី​​ក៏​​បាន​បញ្ចេញ​កង​ទ័ព​​ជា​ច្រើន​ទៀត​​ដើម្បីបង្កើន​ការ​វាយ​លុក​នៅ​​អ៊ុយ​ក្រែន​ខាង​កើត​។

​ប្រទេស​ទាំង​២​ពុំ​ដែល​ប្រកាស​ជា​ចំហ​​ថាខ្លួន​បាន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​ប៉ុន្មាន​នាក់​នោះ​ទេ​គិត​ទាំង​ចំនួន​កង​ទ័ព​ដែល​ស្លាប់​ និង​របួស​។ ​ប៉ុន្តែ​អ្នក​វិភាគ​ឯក​រាជ្យ​ប៉ាន់​ស្មាន​ថា​ភាគី​ម្ខាង​ៗ​ស្លាប់​ និង​របួស​មិន​តិច​ម៉ឺ​ន​នាក់​ទេ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​​ដើម​ឆ្នាំ​២០២២​។​ ​ប្រទេស​រុស្ស៊ី​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ​អំពី​ការ​គំរាម​កំហែង​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ដែល​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​តំបន់​ព្រំដែន​។

​ជា​ពិសេស​ រុស្ស៊ី​ចង់​សំដៅ​ទៅ​លើ​ការ​គំរាម​កំហែង​ពី​សំណាក់​អង្គ​ការ​ណាតូ​។ រុស្ស៊ី​យល់​ថា​ណាតូ​បាន​ខិត​កាន់​តែ​កៀក​នឹង​របប​ផ្ទះ​របស់​ខ្លួន​។ ដូច្នេះ​មិន​អាច​នៅ​សម្ងំ​ស្ងៀម​បាន​ទេ​ ត្រូវ​តែ​ធ្វើ​អ្វី​ម៉្យាង​​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ហ៊ុម​ព័ទ្ធ​។​ ក៏​ប៉ុន្តែ​ណាតូ​ក៏​ធ្លាប់​បាន​បក​ស្រាយ​ជា​ហូរ​ហែ​ផង​ដែរ​ថា​ខ្លួន​គ្មាន​ចង់​ប្រឈម​មុខ​គ្នា​ជា​មួយ​រុស្ស៊ី​ទេ​។ ណាតូ​លើក​ទឡ្ហី​ករណ៍​ថា​​​ទង្វើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជិត​ខាង​ឯណោះ​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឱ្យ​សភាព​ការណ៍​កាន់​តែ​តឹង​តែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ