ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ភ្នំខ្លះៗ​នៅ​លើទឹកដីភូមិ​ភាគឦសាននៃ​ប្រទេស​កម្ពុជាយើង​

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខេត្ត​​មណ្ឌលគិរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយ​យកឈ្មោះ​ស្រប​តាម​ភូមិសាស្ត្រ​ដែល​ពោ​រពេញ​ទៅ​ដោយ​ភ្នំ និង​ព្រៃឈើ​យ៉ាង​ធំធេង ខេត្ត​មួយ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១ ដោយ​ព្រះករុណា​ ព្រះបាទ​សម្ដេច…

ខេត្តមណ្ឌលគិរី ៖ ខេត្ត​​មណ្ឌលគិរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយ​យកឈ្មោះ​ស្រប​តាម​ភូមិសាស្ត្រ​ដែល​ពោ​រពេញ​ទៅ​ដោយ​ភ្នំ និង​ព្រៃឈើ​យ៉ាង​ធំធេង ខេត្ត​មួយ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១ ដោយ​ព្រះករុណា​ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វរ​ក្សត្រ ព្រះ​
វររាជ​បិតា ឯករាជ្យ បូ​រណ​ភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​ត​រន​កោដ្ឋ​។

បច្ចុប្បន្ន ​ទោះបី​មិន​ទាន់​មាន​ឯកសារ​ផ្លូវការ​ណាមួយ​បញ្ជាក់​អំពី​ចំនួន​ភ្នំ ដែល​មាននៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​ចំនួន​ប៉ុន្មាន? ទំហំ​និង​កម្ពស់​​ប៉ុន្មាន? ​ឬ​មានឈ្មោះ​អ្វីខ្លះ? ​ក៏​ពិតមែន​ ប៉ុន្តែ​ភ្នំ​ជា​ច្រើន​ក្នុង​ទឹកដី​នៅ​ខេត្តមណ្ឌលគិរី ទទួល​បានការ​ចាប់​អារ​ម្ម​ណ៍ ​ដោយ​មាន​អ្នកទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​ទៅ​លេង​កម្សាន្ត​។​ ភ្នំ​ខ្លះ ​ត្រូវ​បាន​អ្នក​មូលដ្ឋាន​គោរព​បូជា ភ្នំ​ខ្លះ ​ត្រូវ​បាន​រៀបចំ​ជា​រមណីយ​ដ្ឋាន ហើយ​មួយ​ចំនួន​ធំ​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា សណ្ឋាគារ ឬ​រមណី​ដ្ឋា​ន​កែ​ច្នៃ​ ដើម្បី​បម្រើ​វិស័យ​ទេសចរ​ណ៍​ ។

ដោយសារ​ខេត្តមណ្ឌលគិរី​ មាន​ភ្នំ​ច្រើន​មិន​អាច​គណនា​អស់ កោះសន្តិភាព​សូម​លើកយក​ភ្នំ​ដែល​មានឈ្មោះ​ល្បី និង​ការ​ចាប់​អារ​ម្ម​ណ៍​ពី​មហាជន​មួយ​ចំនួន ​ដើម្បី​បង្ហា​ញ​ពី​សក្តារ​នុ​ពល ក្នុង​នោះ​ក្រុង​សែន​មនោ​រម្យ​ ដែល​ជា​មជ្ឈមណ្ឌល​កណ្តាល​របស់​ខេត្តមណ្ឌលគិរី មាន​ភ្នំ ០១-ភ្នំ​ដោះ​ក្រមុំ ដែល​ភាសា​​របស់​បងប្អូន​ជាន​ជាតិ​ដើម​ភាគតិច​ហៅ​ថា ភ្នំ​តា​ស្រុះ​យាយ​ភ្លំ ដែល​ជា​បូជនីយ៍ដ្ឋាន​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ត មាន​ចម្ងាយ​ប្រមាណ​ត្រឹម​ពីរ​ពាន់​ម៉ែត្រ​ពី​រង្វង់​មូល​គោព្រៃ​ ។

នៅ​ពេល​លោក​អ្នក​អញ្ជើញ​ទៅ​ដល់​កំពូលភ្នំ​ ដែល​មាន​កម្ពស់​​​ជាង​១០០​ម៉ែត្រ តាម​រយៈ​ជណ្តើរ​ឬ​មធ្យោបាយ​រថយន្ត​ម៉ូតូ ភ្លាម​ៗ​ អ្នក​និង​ទទួល​បាន​អារ​ម្ម​ណ៍​​ព្រឺ​សម្បុរ​តិច​ៗ ​ព្រោះតែ​អាកាសធាតុ​
ត្រជាក់ ជាមួយ​គ្នា​នោះ​ លោក​អ្នក​អាច​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​លោកតា​ភ្នំ​ដោះ​ក្រមុំ និង​គយគន់ ទេសភាព​ក្រុង​សែន​មនោ​រម្យ​ទាំងមូល​ពីលើ​កំពូលភ្នំ​យ៉ាង​ស្រស់​ស្អាត​ ។

០២-​ឃ្លាត​ពី​ភ្នំ​ដោះ​ក្រមុំ​ទៅ ​ប្រមាណ​បី​ពាន់​ម៉ែត្រ លោក​អ្នក​អាច​ទស្សនា​សម្រស់​ភ្នំ​សមុទ្រ​ឈើ ដែល​មាន​ព្រៃឈើ​យ៉ាង​ក្រាស់ក្រែល​ដាច់​កន្ទុយភ្នែក ខ្ពស់​ទាប​ប្រៀប​បាន​រលក​សមុទ្រ​អ៉ី​ចឹ​ង​។ ​០៣-​ភ្នំ​សាង​ស្នេ​ហ៍​ដែល​មាន​ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ​ ពី​ក្រុង​សែន​មនោ​រម្យ ដែល​ត្រូវ​បាន​កែ​ច្នៃ​យ៉ាង​ល្អ​ស្អាត មាន​ផ្លូវ​បេតុង​ដូច​អន្ទង់អាំង​ក៏​ទាក់​បាន​អ្នកទេសចរ​​​មិន​តិច​នាក់​ទេ​ក្នុង​មួយ​ឆ្នាំ​ៗ​។​០៤-ភ្នំ​ចំការ​ស្រស់​ស្តេច ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ដែរ មាន​ទេសភាព​ភ្នំ​យ៉ាងច្រើនរ​ដូ​ល​រណែល​ខ្ពស់​ទាប ដែល​ជា​ផ្ទាំង​ទស្សនី​យ​ភាព​ក៏​​ពិសេស ​សម្រាប់​ការ​ជួបជុំ​គ្រួសារ​ពេល​ល្ងាច​ ។

ស្រុក​អូរ​រាំង គឺជា​ស្រុក​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ជាងគេ​ក្នុង​ចំណោម​ប្រាំ​ក្រុង​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី និង​ពោរពេញ​ទៅ​ដោយ​ភ្នំ ​និង​ទឹកជ្រោះ ​ជា​ពិសេស​ គឺ​ព្រៃ​ដែន​ជម្រក​សត្វ​កែវ​សីមា​ដែល​មាន​វិសាលភាព​ផ្ទៃដី​​ជាង​៣០​ម៉ឺន​ហិ​កតា​ ។​ ភ្នំ​ដែល​ទទួល​បាន​ភាព​ល្បី​រន្ទឺ​ជាងគេ​ គឺ ០១-​ភ្នំ​អណ្តូង​ស្នេ​ហ៍​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ឃុំ​ដាក់​ដាំ ទីតាំង​នេះ​ មិន​ទាន់​មានការ​អភិវឌ្ឍ​ន៍ឲ្យ​បាន​ល្អ​ស្អាត​នោះ​ទេ​។

​០២-​ភ្នំ​ស្រឡៅ នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​កែវ​សីមា ក៏​មាន​ភ្នំ​មួយ​ឈ្មោះ​កែវ​សីមា គឺជា​ភ្នំ​ដែល​ត្រូវ​បាន​អ្នកស្រុក​គោរព​បូជា និង​តែង​ប្រារ​ព្ឋ​ពិធីសែនព្រេន​ជា​រៀង​រាល់​ឆ្នាំ​ ។ ​ចំណែក​ភ្នំ​មួយទៀត ​មានឈ្មោះ​ថា ភ្នំ​បេង ភ្នំ​ទាំង​ពីរ​នេះ​ ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ព្រះ​ ។

ស្រុក​ពេ​ជ្រា​ដា ០១​-​ភ្នំ​ណា​ម​លៀ ដែល​ជា​ភ្នំ​ថ្ម​សុ​ទ្ធ​​មួយ​ដុំ​មាន​ផ្ទៃ​​ជាង​៣០​ហិ​កតា មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ ។ ០២-​ភ្នំ​លុ​ប្រាណ ក៏​ជា​ភ្នំ​ថ្ម​មួយ​ដែរ តែ​មាន​កម្ពស់​ទាប​ជាង​ភ្នំ​ណា​ម​លៀ និង​មិនសូវ​មាន​អ្នក​ទៅ​លេង​កម្សាន្ត​ឡើយ​ ។ ​០៣-​ភ្នំ​យោគ​រ៉ា​វ៉ៃ ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​ខេត្តមណ្ឌលគិរី ពេល​ព្រះអាទិត្យ​រៀប​លិច​ធ្វើ​ឲ្យ​ភ្នំ​នេះ​ រឹតតែ​មាន​សម្រស់​មួយ​កំរិត​ទៀត​ហើយ​មានកំ​ពស់ 1 063​ម៉ែត្រ ចំណាយពេល​6​ម៉ោង ដោយ​ថ្មើរជើង​ឡើង​លើ​ភ្នំ​នេះ នៅ​ទីនោះ​មាន​សត្វ​ចំនួន​322​ប្រភេទ​រស់នៅ​ក្នុង​ព្រៃ​ភ្នំ​នេះ​ផង​ដែរ សម្រាប់​ទីតាំង​នៅ​ក្បែរ​ភ្នំ​ណា​ម​លៀរ​ដែរ គឺ​នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។ ស្រុក​កោះ​ញែក មាន​ភ្នំ​បែប​ប្រពៃណី​ជំនឿ​មួយ​ឈ្មោះ ភ្នំ​ក្រោល ជា​ភ្នំ​វប្ប​ធ​ម៌ ​សម្រាប់​ការ​គោរព​របស់​អ្នកស្រុក ​។

សូម​បញ្ជាប់​ថា ការ​រៀបរាប់​ឈ្មោះ​ភ្នំ​ខាងលើ​ទាំង​អស់នេះ មិនមែន​ជា​ការ​ចងក្រង​ឯកសារ​ផ្លូវការ​នោះ​ទេ តែ​ជា​ការ​រៀបចំ​ឡើង​ដោយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​និង​ដោយ​សង្ខេប ដ្បិត​មិន​ទាន់​មាន​ឯកសារ​ជា​ផ្លូវការ​អំពី​ចំនួន​ភ្នំ​ក្នុង​ខេត្តមណ្ឌលគិរី​ពី​ខាង​រដ្ឋបាល ឬ​ជំនាញ​ណាមួយ​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ