ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យស្រី-ប្រុសចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ ខណៈដែលមានប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមជនសង្ស័យខាងលើកំពុងតែប្រមូលផ្តុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយកម្លាំងនគរបាលចុះទៅដល់ភ្លាមៗ។
ការឃាត់ខ្លួនក្រុមជនសង្ស័យបានកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅចំណុចផ្ទះរបស់ឈ្មោះ អុល ចំរើន ហៅពេជ្រ ភេទស្រី អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ(ផ្លូវរទេះភ្លើង) ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារកាលពីអំឡុងឆ្នាំ២០១៨ និងដោះលែងនៅឆ្នាំ២០២០ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន)។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ គឺមានប្រជាពលរដ្ឋបានរាយការណ៍មកថា÷ មានក្រុមក្មេងមកពីភូមិឃុំផ្សេងៗគ្នាតែងតែមកជួបជុំ និងមានក្មេងៗមួយចំនួនទៀតបានចេញចូល នៅទីនោះសង្ស័យមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។
នគរបាលស្រុកភ្នំស្រួចបានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងស្យា បានចុះទៅដល់ចំណុចគោលដៅខាងលើ ក៏បានធ្វើការឃាត់មុខសញ្ញាចំនួន៦នាក់។
នគរបាលស្រុកភ្នំស្រួចដដែលបានបញ្ជាក់ថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានទី០១-ឈ្មោះអុល ចំរើន ហៅពេជ្រ ភេទស្រី អាយុ ៤៤ ឆ្នាំ(ម្ចាស់ផ្ទះ)មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ទី០២-ឈ្មោះ បូរ៉ា សុផានី ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ទី០៣-ឈ្មោះ សឿន រស្មី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ទី០៤-ឈ្មោះ គឹម សង់ចាន់រិទ្ធ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិពង្រឃុំតាំងស្យាស្រុកភ្នំស្រួច ទី០៥-ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាំងស្រឡៅ(ផ្លូវរទេះភ្លើង)ឃុំតាំងខស្យា ស្រុកភ្នំស្រួច និងទី៦-ឈ្មោះ ឈុំ រ៉ាវី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពង្រឃុំតាំងស្យាស្រុកភ្នំស្រួច ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបាននគរបាលដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ថ្លាសសង្ស័យថាជាគ្រឿងញៀនចំនួន១៧ កញ្ចប់(មានកញ្ចប់ មធ្យម០២ និងតូចចំនួន១៥កញ្ចប់) ទូរសព្ទដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។
បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ