ក្រោយពេលដែលកម្ពុជារួចផុតពីគ្រោះមហន្តរាយដោយព្យុះយ៉ាជី គណៈកម្មការធិការទន្លេមេគង្គដែលមានមូលដ្ឋាននៅទីក្រុងវៀងច័ន្ទ ដែលកម្ពុជាជាសមាជិកដែរនោះ បានព្រមានថា កម្ពុជានឹងទទួលភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រភពដដែលបានអះអាងនៅថ្ងៃទី១៦ ខែ កញ្ញាថា ភ្លៀងនឹងបង្អុរមកខ្លាំងនៅខេត្ត៧ខេត្ត ដែលរួមមានកំពង់ស្ពឺ កំពង់ធំ ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងរតនៈគីរី ។
ក្រៅពីព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជា អង្គការតំបន់នេះ ក៏បានអះអាងផងដែរថា ភ្លៀងក៏នឹងធ្លាក់នៅឡាវ៨ខេត្ត នៅថៃ១៣ខេត្ត និងវៀតណាម៣ខេត្ត ។
មកដល់ពេលនេះ ទន្លេមេគង្គក្រោមដែលហូរកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និង កម្ពុជា គឺមានតែកម្ពុជាមួយគត់ដែលអាចគេចផុតពីគ្រោះមហន្តរាយនៃព្យុះយ៉ាជី ខណៈដែលព្យុះនេះបានសម្លាប់មនុស្សចូលដល់ជិតពាក់កណ្តាលពាន់នាក់ហើយ ដោយច្រើនជាងគេគឺវៀតណាម មីយ៉ាន់ម៉ា និងថៃ ។
ចែករំលែកព័តមាននេះ