ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា យើងត្រូវចែកឱ្យដាច់ រវាងផាស់ស្អេប ជាប្រភេទនាំចូល ហើយមានដំបូលពីលើជិត ។ ដោយឡែក រ៉ឺម៉ក តកន្ទុយសណ្តោងកន្ទុយ គឺជំនាញតម្រូវឱ្យពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរ ប៉ុន្តែអ្នករួមដំណើរមិនតម្រូវឱ្យពាក់មួកសុវត្ថិភាពនោះទេ ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបែបនេះ ខណៈដែលលេចឮព័ត៌មានថា រដ្ឋបាលខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចជំនាញ តម្រូវឱ្យម៉ូតូកង់បី និងអ្នករត់ផាស់ស្អេបត្រូវពាក់មួកសុវត្ថិភាព ។
លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានបន្តថា ការលេចឮនេះមិនពិតនោះទេ គឺផាស់ស្អេប គេផលិតមកពីរោងចក្រមានដំបូលអីត្រឹមត្រូវ ហើយមិនមានតម្រូវឱ្យអ្នកបើកបរពាក់មួកសុវត្ថិភាពនោះទេ ។ ដោយឡែក កង់បីកែច្នៃម៉ូតូសណ្តោងរ៉ឺម៉កកែច្នៃធ្វើដំបូលធ្វើអីនឹង គេហៅថា ម៉ូតូសណ្តោងរ៉ឺម៉កហើយ ។ វាមិនគត់មត់នោះទេ គ្រាន់តែតង់វាគ្រប ចឹងអ្នកបើកបរទាមទារឱ្យពាក់មួកសុវត្ថិភាព ជាក់ស្តែង អ្នករួមដំណើរមិនតម្រូវឱ្យពាក់មួកនោះទេ! សូមកុំយល់ច្រឡំតទៅទៀត។
មួយវិញទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្ថែមការអនុវត្តន៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញរបស់លោក កំពុងតែធ្វើការអនុវត្តន៍ដូចភ្លៀង
រលឹមហើយ ។ ចំពោះអ្នកជិះម៉ូតូក្នុង០១គ្រឿង មានគ្នា០៣នាក់មិនអនុញ្ញាតឡើយ លើកលែងតែក្មេងតូចៗ និងចាស់ជរាមានជំងឺជាដើម គឺមានការលើកលែង។
លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍សូមកុំឱ្យមហាជនមានការយល់ច្រឡំការអនុវត្តន៍វិធានការចរាចរណ៍នេះ គឺបែងចែកគ្នាឱ្យដាច់រវាង ផាស់ស្អេប និងម៉ូតូសណ្តោងរ៉ឺម៉ក៕
ចែករំលែកព័តមាននេះ